ជ្រើសរើសត្បូងគជ់មួយគ្រាប់ ដើម្បីដឹងពីតម្រូវការពិតប្រាកដរបស់អ្នក

  • 2019-10-18 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​តេស្ត​សាក​ល្បង​ជា​ច្រើន ​អាច​ជួយ​ឲ្យ​អ្នក​ដឹង​ពី​​ចំណុច​ខ្វះ​ខាត​​ដែល​ត្រូវ​បំពេញ​បន្ថែម​។ សម្រាប់​ថ្ងៃ​នេះ​ដែរ វិបសាយ កញ្ញា​ នឹង​លើក​យក​ត្បូង​​​គជ់​ ៦​គ្រាប់ ដើម្បី​វាស់​ស្ទង់​ពី​តម្រូវ​ការ​ពិត​ប្រាកដ​របស់​អ្នក​។ ដំបូង​ត្រូវ​សម្រួល​ចិត្ត​ឲ្យ​ស្រឡះ​បន្តិច​សិន បន្ទាប់​មក​ជ្រើសរើស​ត្បូង​គជ់​មួយ​គ្រាប់ ដែល​គិត​ថា​អាច​ទាក់ទាញ​​ចិត្ត​អ្នក​បាន​ខ្លាំង​ជាង​គេ។

ត្បូងទី១ (Ruby)

ប្រសិន​បើ​អ្នក​ជាប់​ចិត្ត​លើ​​ត្បូង​ Ruby មាន​ន័យ​ថា អ្នក​​កំពុង​តែ​ត្រូវ​ការ​កម្លាំង​ចិត្ត​បន្ថែម។ ដោយ​សារ​​​តែ​កាល​ពី​ខែ​កន្លង​ទៅ អ្នក​បាន​ចំណាយ​ថាមពល​ និង​លះ​បង់​​​​ខ្លាំង​ពេក ទៅ​លើ​កិច្ចការ​អ្វី​មួយ​ឬ​ដើម្បី​នរណា​ម្នាក់​។ ហេតុ​នេះ​ហើយ​ ទើប​បាន​ជា​អ្នក​ត្រូវ​ការ​បង្កើន​ទំនុក​ចិត្ត​និង​ភាព​រឹង​មាំ​​សម្រាប់​ខ្លួន​ឯង​សារ​ជា​ថ្មី​។

ត្បូងទី២ (Turquoise)

បើ​អ្នក​សម្រេច​ចិត្ត​រើស​យក ត្បូង Turquoise មាន​ន័យ​ថា​ អ្នក​កំពុង​តែ​ធ្វេសប្រហែស​នឹង​​ខ្លួន​ឯង​។ អារម្មណ៍​ក៏​រសាត់​អណ្តែត​មិន​នឹងន ពោរពេញ​ដោយ​ស្រ្តេស​​ឥត​ល្ហែ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​មើល​ថែរក្សា​ខ្លួន​ ដើម្បី​បង្កើន​កម្លាំង​ថាមពល​ឲ្យ​បាន​គ្រប់គ្រាន់ ក្នុង​ការ​ប្រឈម​ជាមួយ​នឹង​បញ្ហា និង​អាច​​កែ​ប្រែ​ស្ថានការណ៍​ឲ្យ​ស្រស់​បំព្រង​ឡើង​វិញ​។

ត្បូងទី៣ (Agate)

បើ​អ្នក​ជ្រើសរើស​ត្បូង Agate មាន​ន័យ​ថា អ្នក​ត្រូវ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​ឲ្យ​បាន​ល្អ​ប្រសើរ​ជាមួយ​ធម្មជាតិ មនុស្ស​ជុំវិញ​ខ្លួន​រួម​ទាំង​ខ្លួន​ឯង​​​​ផង​ដែរ។ ប្រហែល​​មក​ពី​អ្នក​កំពុង​តែ​ជួប​ប្រទះ​នឹង​បញ្ហា ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ពង្រឹង​ក្តី​សង្ឃឹម ការ​ជឿជាក់ ដើម្បី​​ដើរ​​ឆ្ពោះ​ទៅ​មុខ​បន្ត​​ទៀត​។

ត្បូងទី៤ (Moonstone)

ត្បូង​មួយ​គ្រាប់​នេះ​វិញ អាច​បញ្ជាក់​ថា អ្នក​កំពុង​មាន​ទុក្ខ​អ្វី​មួយ​នៅ​តោងទាម​ជាប់​ប្រាណ និង​ដល់​ពេល​ត្រូវ​ជម្រុះ​ចោល​បណ្តើរ​ៗ​ហើយ។ កុំ​ព្យាយាម​លាក់​ទុក​ភាព​ហ្មងសៅ​តែ​ម្នាក់​ឯង​អី ព្រោះ​វា​អាច​នឹង​បំផ្លាញ​អ្នក​ដោយ​មិន​ដឹង​ខ្លួន​។ ត្រូវ​ស្រលាញ់​​ខ្លួន​​ឯង​ឲ្យ​ច្រើន​ៗ ស្វែង​រក​ចំណុច​ខ្លាំង​ដែល​​ខ្លួន​​មាន និង​ជឿជាក់​ថា​អ្នក​អាច​ធ្វើ​បាន​។​​​

ត្បូងទី៥ (Obsidian)

ចំណែក​ឯ​ត្បូង​​នេះ​វិញ មាន​រូប​រាង​ខ្មៅ​រលើបរលោង​​តំណាង​ឲ្យ​ធាតុ​ដី​និង​ភព​ផ្កាយ។ អ្វី​ដែល​អ្នក​កំពុង​តែ​​ចង់​បាន គឺ​ការ​រៀប​ចំ​ទុក​ដាក់​​ផ្លូវ​ជីវិត​​​ឲ្យ​បាន​​ល្អ​ប្រសើរ ការពារ​មិន​​ឲ្យ​ច្របូក​ច្របល់​វិលវល់​នា​​ថ្ងៃ​អនាគត។ ទន្ទឹម​គ្នា​នេះ​ដែរ​ អ្នក​ត្រូវ​តែ​បង្ក​ភាព​សប្បាយ​​រីករាយ ឲ្យ​បាន​ច្រើន​ជាង​ទុក្ខ​កង្វល់​ ។

ត្បូងទី៦ (Amethyst)

សម្រាប់​ត្បូង​មួយ​គ្រាប់​ចុង​ក្រោយ​​គេ​នេះ មាន​ន័យ​ថា អ្នក​​អាច​ទទួល​រង​ឥទ្ធិពល​​​និង​គ្រោះ​ថ្នាក់​ផ្លូវ​អារម្មណ៍​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។ យ៉ាង​ណា​មិញ ដំណោះ​ស្រាយ​ដ៏​ល្អ​ មាន​តែ​ការ​​ខិត​ខំ​ពង្រឹង​ជំហរ​ផ្ទាល់​ខ្លួន រក្សា​តម្លៃ បន្ត​​គំនិត​វិជ្ជមាន ដោយ​មិន​ខ្វល់​​ខ្វាយ​ពី​អ្នក​ដទៃ​ខ្លាំង​ពេក​៕

ចុះ​អ្នក​វិញ​បាន​​ជ្រើស​រើស​​​ត្បូង​គជ់​មួយ​ណា​ដែរ?

ចុចអានបន្ត៖ ល្បែង​ចិត្ត​សាស្ត្រ៖ ដឹង​ពី​ចំណុច​ខ្លាំង​​ខ្លួន​ឯង តាម​រយៈ​របៀប​រៀប​ស៊ុត​ក្នុង​ប្រអប់​ខាង​ក្រោម

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទថ្មី