វិធីងាយៗ លាបក្រែមបានស្អាតដូចចិត្ត ជួយឲ្យបបូរមាត់កាន់តែទាក់ទាញ

  • 2019-07-31 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បបូរ​មាត់​​មនុស្ស​ម្នាក់ៗ​​ មាន​ភាព​ស្រស់​ស្អាត​​រៀង​ៗ​ខ្លួន គ្រាន់​តែ​អ្នក​ត្រូវ​បង្កើន​ភាព​ទាក់ទាញ ដោយ​ការ​​លាប​ក្រែម​ឲ្យ​បាន​ត្រឹម​ត្រូវ។ មនុស្ស​ស្រី មាន​ក្រែម​មិន​តិច​ដើម​​ទេ​នៅ​ជាប់​ខ្លួន ប៉ុន្តែ​ទិញ​មក​ច្រើន​​ម៉ាក​ច្រើន​បែប​យ៉ាង​​ណា​​​ក៏​ដោយ បើ​មិន​ចេះ​លាប​ទេ​ ច្បាស់​ជា​​ឃើញ​កក​ៗ​លើ​បបូរមាត់​ ប្រេះ​បែក​​ក្រហែង មិន​ស្អាត​ហើយ​ខាត​ទាំង​លុយ​ទៀត។ ហេតុ​នេះ​ហើយ​ បើ​ចង់​លាប​ក្រែប​បាន​ស្អាត​ទាក់​ទាញ​ បបូរ​មាត់​ទន់​មាន​សុខភាព​ល្អ កុំ​មើល​រំលង​តិចនិក​ខាង​ក្រោម​​នេះ​ឲ្យ​សោះ​។

១. ថែ​រក្សា​បបូរ​មាត់​

មិន​មែន​អាង​លើ​ការ​​លាប​ក្រែម​តែ​​មួយ​មុខ​បាន​ឡើយ សំខាន់​ត្រូវ​ថែ​ទាំង​ដោយ​ការស្ក្រាប់ បិត​ម៉ាស់ និង​លាប​ក្រែម​បំប៉ន​បបូរ​មាត់​ដែល​មាន​សារធាតុ​ចិញ្ចឹម​ល្អៗ​​ជា​ប្រចាំ​ ដើម្បី​ជួយ​​ជម្រុះ​កោសិកា​ចាស់ៗ ធ្វើ​ឲ្យ​បបូរ​មាត់​ទន់​រលោង​ លាប​ក្រែម​អ្វី​ក៏​ស្អាត។ មួយ​វិញ​ទៀត កុំ​ភ្លេច​ផ្តល់​សំណើម​ពី​ខាង​ក្នុង​ ដោយ​ការ​ផឹក​ទឹក​​ឲ្យ​បាន​ច្រើន​។

២. លាប​ក្រែម​រលោង​ធ្វើ​ជា​ទ្រនាប់

បើ​អ្នក​មាន​ប្រភេទ​បបូរ​មាត់​ ស្ងួត​ប្រេះ​​ខ្លាំង មុន​លាប​ក្រែម​ណា​​មួយ​លើ​បបូរ​មាត់ គួរ​ប្រើ​ក្រែម​រលោង​ ដែល​អាច​ផ្តល់​សំណើម​ដល់​បបូរ​បាន​យូរ ដើម្បី​ធ្វើ​ជា​ទ្រនាប់​​ជា​មុន​សិន ជៀស​វាង​​​កុំ​ឲ្យ​ជួប​បញ្ហា​ របក​ស្បែក​មាត់​ ស្ងួត​រហូត​ដល់​ចេញ​ឈាម​ក៏​មាន​។

៣. ជូត​​គ្រឿង​សម្អាង​ដែល​នៅ​ជាប់​​ចេញ​ឲ្យ​អស់​

ពេល​តុប​តែង​មុខ ជាតិ​ឡេ​ឬ​ម្សៅ​ផ្សេងៗ អាច​ជាប់​ស្អិត​នៅ​លើ​បបូរ​មាត់ ដូច្នេះ​ហើយ​ត្រូវ​ប្រើ​សំឡី​​ដើម្បី​ជូត​សម្អាត មុន​ពេល​លាប​ក្រែម ដើម្បី​ធ្វើ​ឲ្យ​ក្រែម​ជាប់​លើ​បបូរ​មាត់​បាន​ល្អ និង​ចេញ​ពណ៌​​ស្រស់​ស្អាត​។

៤. ប្រើ​ជក់​​ដើម្បី​លាប

អ្នក​ខ្លះ​ចូល​ចិត្ត​ប្រើ​ដៃ​ ព្រោះ​គិត​ថា​វា​ងាយ​ស្រួល ប៉ុន្តែ​យល់​ល្អ​ អ្នក​គួរ​​លាប​ដោយ​ប្រើ​ជក់ ឬ​លាប​ផ្ទាល់​តែ​ម្តង​ក៏​បាន។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​បបូរ​មាត់​ចេញ​ទម្រង់​ស្អាត ការពារ​មិន​ឲ្យ​ហៀរ​ប្រតេកប្រតាក​​ដូច​ជា​ការ​លាប​ដោយ​​ម្រាម​ដៃ។

៥. លាប Concealer លើ​បបូរ​មាត់

វិធី​នេះ ភាគ​ច្រើន​​ត្រូវ​បាន​ប្រើ​ដោយ​អ្នក​ជំនាញ​ផាត់​មុខ​តែ​ម្តង។ ដោយ​សារ​តែ​ការ​លាប​ Concealer ពីលើ​បបូរ​មាត់​មុន​​នឹង​លាប​ក្រែម អាច​ជួយ​​រំលេច​ពណ៌​ក្រែម​ចេញ​ច្បាស់ និង​ទាក់​ទាញ។ អ្នក​អាច​ធ្វើ​បែប​នេះ​ នៅ​ពេល​ទៅ​ចូល​រួម​កម្មវិធី​ផ្សេងៗ​បាន​ ដើម្បី​ធ្វើ​ឲ្យ​បបូរ​មាត់​កាន់​តែ​ស្រស់​ស្អាត​ទ្វេ​ដង​៕

ចុចអានបន្ត៖ ​មុខ​​​​គ្មាន​ស្នាម​​ជ្រីវជ្រួញ ដោយ​​​វិធី​​ម៉ាស្សា​មុន​ពេល​​ចូល​គេងងាយៗ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម