​ស្រីៗ​​ពេលរើសសង្សារ ឬគូស្រករ គួរ​ទន្ទេញ​ពាក្យ​ទាំង​នេះ​ក្នុង​ចិត្ត​ ទើប​​​កម្រ​ប៉ះ​មនុស្ស​ខុស

  • 2019-01-13 08:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

១. ពេល​រើស​សង្សារ ឬ​គូ​ស្រករ នារី​ត្រូវ​មើល​ពី​ទឹកចិត្ត​របស់​បុរស​នោះ​ដែល​មាន​ចំពោះ​ម្ដាយ និង​ស្នេហា​ដំបូង​របស់​គេ ព្រោះ​នារី​ទាំង​ពីរ​នាក់​នេះ​ហើយ​ដែល​អាច​ជា​អ្នក​កំណត់​ការ​គិត​របស់​បុរស​ចំពោះ​រឿង​ស្នេហា​ក្រោយ​ៗ​ទៀត។

២. នារី​ភាគ​ច្រើន​តែង​គេង​ប្រាថ្នា​បាន​បុរស​ក្នុង​ក្ដី​ស្រមៃ​មក​ជា​គូ ដែល​មាន​លក្ខណៈ​សម្បត្តិ​​ឥត​ខ្ចោះ​ដូច​ជា សង្ហា មាន ​មាន​ការងារ​ខ្ពង់ខ្ពស់ ប្រាក់​ខែ​ច្រើន ចេះ​ស្រឡាញ់​និង​យក​ចិត្ត​ទុកដាក់​គ្រួសារ និង​ប្រពន្ធ​កូន​ជា​ដើម។ ប៉ុន្តែ​សូម​ចងចាំ​មួយ​ថា បុរស​ដែល​មាន​គ្រប់​ចំណុច​បែប​នេះ​កម្រ​នឹង​មាន​ណាស់ ហើយ​បើ​ទោះ​បី​ជា​មាន ក៏​អ្នក​ត្រូវ​ប្រកួត​ប្រជែង​ខ្លាំង​ទម្រាំ​បាន​គេ​ដែរ។ ដូច្នេះ កុំ​បាច់​ដាក់​សម្ពាធ​ខ្លួន​ឯង​ឱ្យ​គេង​ស្រមៃ​ចង់​បាន​បុរស​បែប​នេះ​អី គួរ​ជ្រើស​រើស​បុរស​ណា​ដែល​អាច​រស់នៅ​ជាមួយ​អ្នក​បាន​យូរ​អង្វែង​ដោយ​មាន​ក្ដី​សុខ​ផ្លូវ​ចិត្ត​គឺ​ជា​ការ​គ្រប់គ្រាន់​ទៅ​ហើយ។

៣. “រវល់" ​គ្រាន់​តែ​ជា​លេស​របស់​បុរស​តែ​ប៉ុណ្ណោះ។ អ្វីៗ​គ្រប់​យ៉ាង​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​បុរស​នោះ​ ថា​តើ​គាត់​មាន​ចិត្ត​ចង់​ធ្វើ​ដើម្បី​នារី​ម្នាក់​នោះ​ដែរ​ឬ​ក៏​អត់។ នារី​ដែល​ប្រាប់​ខ្លួន​ឯង​ថា សង្សារ ឬ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​តែង​រវល់​ការងារ​នោះ គឺ​ជា​ការ​កុហក លួង​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ។ ការពិត​នាង​ដឹង​ច្បាស់​ថា ជា​អ្វី​ទៅ​ហើយ។

៤. ត្រូវ​ចេះ​ប្រាប់​ខ្លួន​ឯង​ថា មិន​ត្រូវ​ឱ្យ​ស្នេហា​ជា​អ្នក​កំណត់​រឿង​ការងារ ឬ​អាជីព​របស់​អ្នក​ឡើយ។ ហេតុ​ផល​គឺ​ថា បើ​អ្នក​ជ្រើស​យក​ស្នេហា ហើយ​អ្នក​បាត់បង់​វា អ្នក​នឹង​គ្មាន​អ្វី​សេស​សល់​ទាំង​អស់។ ប៉ុន្តែ បើ​អ្នក​ជ្រើស​យក​ការងារ ទោះ​បី​បាត់​បង់​ស្នេហា ក៏​អ្នក​អាច​នៅ​មាន​សមត្ថភាព​រក​លុយ​បាន​ដោយ​ខ្លួន​ឯង មិន​បាច់​ពឹង​គេ​ទេ។

៥. ការ​ចង់​ទិញ​រ៉ូប ឬ​សម្លៀកបំពាក់​ដែល​ស្អាត​សម្រាប់ខ្លួន​ឯង យើង​ជា​មនុស្ស​ស្រី​មិន​ចាំ​បាច់​ត្រូវ​សុំ​ការ​អនុញ្ញាត ឬ​យល់​ព្រម​ពី​អ្នក​ណា​ទើប​អាច​ទិញ​បាន​នោះ​ទេ។ ត្រូវ​ចាំ​ថា យើង​មាន​សិទ្ធិ​លើ​ខ្លួន​ឯង ហើយ​លុយ​យើង​រក​ដោយ​ខ្លួន​ឯង អាច​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ស្រលាញ់​បាន​គ្រប់​ពេល កុំ​ឱ្យ​តែ​ហួស​ហេតុ​ពេក។

៦. បើ​គេ​ស្រលាញ់​យើង យើង​ជា​ស្រី​មិន​ចាំ​បាច់​ធ្វើ​អ្វី​ច្រើន​ដើម្បី​បាន​គេ​ឡើយ ព្រោះ​គេ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​បាន​យើង។ ផ្ទុយ​ទៅ​វិញ បើ​គេ​មិន​ស្រលាញ់​យើង យើង​ក៏​មិន​បាច់​ធ្វើ​អ្វី​ច្រើន​ដែរ ព្រោះ​វា​ជា​រឿង​ដែល​អត់​ប្រយោជន៍ និង​មិន​អាច​ជួយ​អ្វី​បាន​ដែរ។

៧. កុំ​ទម្លាប់​ប្រើ​ទឹក​ភ្នែក​ដើម្បី​ឃាត់​អ្នក​ណា​ម្នាក់​ឱ្យ​នៅ​ក្បែរ​យើង ព្រោះ​ជួន​កាល​ទឹក​ភ្នែក​អាច​ធ្វើ​ឱ្យ​អ្នក​ធ្លាក់​តម្លៃ​ទៅ​វិញ។

៨. ការ​និយាយ​ពាក្យ​បែក​រវាង​មនុស្ស​ស្រី និង​មនុស្ស​ប្រុស​គឺ​ខុ​សគ្នា។ មនុស្ស​ស្រី​ប្រើ​ពាក្យ​ "បែក" ដោយ​សារ​តែ​ការ​ខឹង​មួយ​ឆាវ ឬ​ចង់​បាន​ការ​លួងលោម​អង្វរ​ពី​ដៃ​គូ​ម្ខាង​ទៀត។ ប៉ុន្តែ​បើ​មនុស្ស​ប្រុស​​និយាយ​ពាក្យ​ថា​ "បែក​" ហើយ គឺ​គេ​គិត​ច្បាស់​ហើយ​ទើប​និយាយ​ចេញ​មក​នោះ៕

​​​

អត្ថបទ៖ សរ សុគន្ធី