គាត់​គ្មាន​ថ្ងៃ​ក្បត់​អ្នក​ទេ ប្រសិន​បើ​គាត់​​បង្ហាញ​ទង្វើ​៥​​យ៉ាង​នេះ​​

  • 2017-12-14 02:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធម្មជាតិ​របស់​មនុស្ស​ស្រី គឺ​ពូកែ​គិត​ច្រើន​តែ​ម្នាក់​ឯង សង្ស័យ​មិន​ឈប់ ចូល​ចិត្ត​​សរុប​សេចក្ដី​លើ​រឿង​អ្វី​មួយ គ្មាន​ភស្តុតាង​ច្បាស់​លាស់ និង​ផ្អែក​លើ​អារម្មណ៍​តែ​មួយ​មុខ​។​ ហេតុ​ដូច្នេះ​ហើយ ទើប​ជម្លោះ​​ស្នេហា​តែងតែ​កើត​ឡើង​ជា​ញឹកញាប់ ដោយសារ​តែ​​នាង​ភ័យ​ខ្លាច​បុរស​ជា​ទី​ស្រឡាញ់​លួច​មាន​អ្នក​ថ្មី ក្បត់​នាង​ពី​ក្រោម​ខ្នង​​។ ឈប់​បារម្ភ​ច្រើន​​ទៀត​​ រៀន​សង្កេត​​មិត្ត​ប្រុស ឬ​ស្វាមី​អ្នក​តាម​រយៈ​ទង្វើ​ប្រចាំ​ថ្ងៃ​។​ បើ​គាត់​មាន​៥​​ចំណុច​ខាង​ក្រោម អ្នក​គួរ​តែ​ត្រេកអរ ព្រោះ​គាត់​គ្មាន​ថ្ងៃ​ក្បត់​អ្នក​ទេ​៖​

១. គាត់​បង្ហាញ​ភាព​ស្មោះត្រង់​គ្រប់​ពេល​

មិន​ថា​រឿង​តូច ឬ​ធំ​គាត់​មិន​ដែល​កុហក​អ្នក​ម្ដង​ណា​ឡើយ​។ ទោះ​គាត់​នៅ​ជាមួយ​​អ្នក​ណា ឬ​ទី​ណា​ក៏​គាត់​​តែងតែ​ប្រាប់​ឲ្យ​អ្នក​ដឹង​។​ គាត់​គ្មាន​បញ្ហា​នឹង​និយាយ​ ផ្ដល់​​មតិ ឬ​បង្ហាញ​​​អារម្មណ៍​ពិត​​ប្រាប់​អ្នក​ ព្រោះ​គាត់​ដឹង​ច្បាស់​ថា​អ្នក​​អាច​ទទួល​យក​គាត់​បាន​គ្រប់​យ៉ាង ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​​​របស់​គាត់​។

២. ពង្រឹង​ទំនាក់ទំនង​ដោយ​ស្ម័គ្រ​ចិត្ត​

អ្នក​មិន​ចាំបាច់​​ត្រូវ​ផ្ញើ​សារ​ ខល​សួរ​គាត់​គ្រប់​​ពេល​​ ហើយ​​រឹត​តែ​មិន​ចាំបាច់​សួរ​នាំ​ពី​រឿងរ៉ាវ​ប្រចាំ​ថ្ងៃ​ដែល​គាត់​ជួប​​​​ប្រទះ​ទេ​ ព្រោះ​គាត់​នឹង​​ផ្ដល់​ព័ត៌មាន​ទាំង​នោះ​ប្រាប់​អ្នក​ដោយ​​​ស្ម័គ្រ​ចិត្ត​។ មិន​ថា​គាត់​មាន​​គម្រោង​ធ្វើ​អ្វី គាត់​តែងតែ​ពិភាក្សា​ជាមួយ​អ្នក និង​មិន​ដែល​ទុក​ឲ្យ​អ្នក​នៅ​ក្រៅ​រង្វង់​ជីវិត​គាត់​ម្ដង​ណា​ឡើយ​​។​

៣. គាត់​តែងតែ​ធ្វើ​ខ្លួន​ឲ្យ​រវល់​

កាល​វិភាគ​ប្រចាំ​ថ្ងៃ​របស់​គាត់​គឺ​ពេញ​ជាមួយ​ការងារ ការ​កម្សាន្ត​ផ្ទាល់​ខ្លួន និង​ពេល​វេលា​សម្រាប់​គ្រួសារ​។ បើ​​គាត់​រវល់​ជាប់​យ៉ាង​នេះ តើ​គាត់​មាន​ពេល​ឯណា​ទៅ​​នឹក​គិត​រក​ស្រី​ក្រៅ​នោះ​។ ទោះ​ជា​មិត្តភ័ក្ដិ​ហៅ​ចេញ​ក្រៅ​ពេល​យប់ ក៏​គាត់​គ្មាន​កម្លាំង​នឹង​ចេញ​​ដែរ​។​

៤. ​​ផ្ដាច់​ទំនាក់ទំនង​​ជាមួយ​សង្សារ​ចាស់​​

ភាគរយ​នៃ​ការ​ក្បត់​​ផិត​​អាច​​កើត​ឡើង​ច្រើន ដោយសារ​តែ​ការ​ជំពាក់ជំពិន​ជាមួយ​​គូ​ស្នេហ៍​ចាស់​។ ដូច្នេះ​បើ​គាត់​បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​សង្សារ​ចាស់​ដាច់​ស្រឡះ​ហើយ អ្នក​ក៏​មិន​គួរ​ភ័យ​ ព្រួយ​បារម្ភ​ទៀត​ដែរ​​​​ព្រោះ​ អ្នក​ជា​មនុស្ស​បច្ចុប្បន្ន​ ដែល​គាត់​ស្រឡាញ់​តែ​ម្នាក់​ប៉ុណ្ណោះ​។​

៥. តែងតែ​បំពេញ​តម្រូវការ​អ្នក​មុន​​ខ្លួន​ឯង​

បើ​អ្នក​ចង់​បាន​អ្វី គាត់​តែងតែ​ព្យាយាម​អស់​សមត្ថភាព​ដើម្បី​រក​មក​ឲ្យ​អ្នក​។ គាត់​មិន​មែន​ជា​មនុស្ស​អាត្មានិយម ហើយ​ដឹង​ច្បាស់​ថា​​ការ​ក្បត់​ផិត និង​ធ្វើ​ឲ្យ​អ្នក​​ឈឺចាប់ លំបាក​កម្រិត​ណា ដូច្នេះ​គាត់​ក៏​គ្មាន​ថ្ងៃ​ធ្វើ​រឿង​ឥត​ប្រយោជន៍​បែប​នោះ ដើម្បី​ការ​សប្បាយ​ខ្លួន​ឯង​មួយ​ពេល​ដែរ ៕​

ចុចអាន៖

ប្រភព៖ relrules ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម