៤យ៉ាងបញ្ជាក់ថាទោះអ្នករៀបការរួចក្ដី ប៉ុន្តែបែរជារស់នៅដូចមនុស្សស្រីគ្មានប្ដីទៅវិញ
- 2017-12-11 04:41:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤យ៉ាងបញ្ជាក់ថាទោះអ្នករៀបការរួចក្ដី ប៉ុន្តែបែរជារស់នៅដូចមនុស្សស្រីគ្មានប្ដីទៅវិញ
សម្រាប់មនុស្សស្រី ថ្ងៃរៀបការគឺជាការចាប់ផ្ដើមសុភមង្គលនៃជីវិតគ្រួសារថ្មីដែលខ្លួនតែងតែទន្ទឹងរង់ចាំ។ ប៉ុន្តែសម្រាប់មនុស្សប្រុសមួយចំនួន ពួកគាត់មិនបានគិតបែបនោះទេ។ គាត់ភ្លេចថាខ្លួនបានរៀបការរួច ភ្លេចពាក្យសម្បថដែលនឹងបំពេញតួនាទីជាប្ដីល្អ ហើយបែរជាធ្វើខ្លួនដូចជាមនុស្សប្រុសនៅលីវទៅវិញ។ ខាងក្រោមនេះហើយជាសញ្ញាទាំង៤យ៉ាងដែលបញ្ញាក់ថាទោះអ្នករៀបការហើយក្ដី តែបែរជារស់នៅដូចមនុស្សស្រីគ្មានប្ដីទៅវិញ៖
១. គាត់មិនសូវមកផ្ទះ
ពេលយប់គាត់មិនសូវចូលផ្ទះ។ បើមិត្តភក្ដិហៅចេញក្រៅដាច់យប់ គាត់ព្រមទៅដោយមិនខ្វល់សុំការអនុញ្ញាតពីអ្នក។ ទោះបីជាគាត់មានគម្រោងដើរលេងតាមខេត្តឆ្ងាយ ឬចេញក្រៅប្រទេស ក៏គាត់មិនដែលប្រាប់អ្នកឲ្យដឹងមុន ឬនឹកចង់បបួលអ្នកទៅជាមួយទេ។
២. រវល់ខ្លាំង
គាត់អាចងប់ជាមួយការងារ ការលេងហ្គេម លេងកីឡា ឬការកំសាន្តផ្ទាល់ខ្លួនផ្សេងៗខ្លាំងរហូតចំណាយពេលវេលាលើពួកវាទាំងស្រុង។ អ្នកមិនមែនជាជម្រើសទីមួយរបស់គាត់។ គាត់ក៏មិនបានផ្ដល់ភាពសំខាន់ ឬខ្វល់ខ្វាយពីវត្តមានអ្នកជាប្រពន្ធដែរ។
៣. គាត់មិនស្មោះត្រង់
គាត់ជាព្រាននារី តែងតែក្បត់សេចក្ដីទុកចិត្តរបស់អ្នក។ ទោះបីវាត្រឹមតែជាការចាប់អារម្មណ៍ធម្មតាៗ ដោយចោលភ្នែក ឬផ្ដោះផ្ដងពាក្យសម្ដីលែបខាយក៏ដោយ ក៏វានៅតែជាការក្បត់ផិត ព្រោះគាត់មិនមែននៅលីវដូចពីមុនទេ។ មានប្ដីប្រភេទនេះ ប្រពន្ធប្រាកដជារស់នៅដូចធ្លាក់នរកទាំងរស់អញ្ចឹង។
៤. គាត់មិនបានស្រឡាញ់អ្នក
គាត់ប្រហែលធ្លាប់ស្រឡាញ់អ្នកពីមុន រួចអស់ចិត្តស្រឡាញ់ក្រោមពេលរស់នៅជាមួយគ្នា ឬគាត់មិនបានស្រឡាញ់អ្នក តែយល់ព្រមរៀបការដោយសារហេតុផលអ្វីមួយ។ កាលណាគាត់មិនបានស្រឡាញ់អ្នក គាត់គ្រាន់តែបំពេញតួនាទីជាប្ដីតែសំបកក្រៅប៉ុណ្ណោះ។ អ្នកប្រាកដជាមានអារម្មណ៍ឯកោ ដោយសារភាពសោះកក្រោះរបស់គាត់ជាមិនខាន។