ហត់នឿយ​នឹង​ជីវិត​នេះណាស់​មែន​ទេ? តោះ!ព្យាយាម​បង្កើន​សម្រស់​ជីវិត​តាម​វិធី​នេះ

  • 2017-12-07 04:02:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​អ្នក​ប្រាកដ​ជា​ធ្លាប់​ជួប​អារម្មណ៍​មួយ​ដែល​អស់​សង្ឃឹម ហើយ​មើល​មក​ខ្លួន​ឯង​គ្មាន​ន័យ​អី​ទាំង​អស់។ ការ​ពិត​នេះ​អាច​មក​ពី​អ្នក​ជួប​រឿង​រ៉ាវ​ឈឺចាប់ និង​ខក​ចិត្ត​ច្រើន​ពេក​រហូត​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ ហត់នឿយ​នឹង​ជីវិត​ខ្លួន​ឯង។ អត្ថបទ​មួយ​នេះ​ចង់​ជួយ​អ្នក​ឲ្យ​ចាកចេញ​ពី​អារម្មណ៍ ហើយ​ចេះ​បង្កើន​សម្រស់​នៃ​ជីវិត​របស់​ខ្លួន​ឲ្យ​មាន​ពន្លឺ​វិញ ៖

១. ឆ្លុះ​កញ្ចក់​ហើយ​ញញឹម​ដាក់​ខ្លួន​ឯង

ក្រោក​ពី​គេង​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង រួច​ញញឹម​ ហើយ​និយាយ​ថា​ «ឯង​នៅ​តែ​ស្អាត​ ទោះ​បី​ជា​ទើប​ងើប​ពី​គេង​ក៏​ដោយ។»

២. សរសេរ​ពាក្យ​លើក​ទឹក​ចិត្ត​ខ្លួនឯង​

អ្នក​អាច​សរសេរ​បិទ​លើ​តុ​ធ្វើ​ការ​ ឬ​ជិត​ទូកញ្ចក់​ដែល​អ្នក​ឆ្លុះ​មុខ ដើម្បី​ឲ្យ​អ្នក​បាន​ឃើញ​វា​រាល់​ថ្ងៃ។ អ្នក​អាច​សរសេរ​ថា « Dear Cute girl, ការពិត​រាល់​ថ្ងៃ​អ្នក​ស្អាត​ណាស់ ម្យ៉ាង​ទៀត​អ្នក​ក៏​ឆ្លាត និង​ពូកែ​ផង​ដែរ ដូច្នេះ​ត្រូវ​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​កុំ​ភ្លេច​ញញឹម​ឲ្យ​បាន​ច្រើន។»

៣. ផ្លាស់​ប្ដូរ​ការ​រៀប​ចំ​ខ្លួន​

ទៅ​ផ្សារ​ដើម្បី​ទិញ​សំលៀក​បំពាក់​ថ្មី​ដែល​អ្នក​មិន​ដែល​ស្លៀកពាក់​ពី​មុន។ បើ​ពី​មុន​អ្នក​ធ្លាប់​តែ​ស្លៀក​ខោ ហើយ​អាវ​យឺត​ធម្មតា អ្នក​គួរ​តែ​សាក​ស្លៀក​សំពត់​ជាមួយ​អាវ​ណា​ដែល​ស្អាតៗ ឬ​ជា​រ៉ូប​បែប​សាមញ្ញៗ​ក៏​បាន​ដែរ។ សាក​ Make up តិច​ៗ បែប​ធម្មជាតិ​មើល នោះ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ប្លែក​នូវ​សម្រស់​ធម្មជាតិ​ដែល​អ្នក​មាន ហើយ​ពេល​ចេញ​ក្រៅ​ក៏​កាន់​តែ​មាន​ទំនុក​ចិត្ត​ដែរ។

៤. រៀន​មើល​ឃើញ​ពី​តម្លៃ​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន

រៀន​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន និង​ដោះលែង​នូវ​អ្វី​ដែល​អ្នក​គិត​ថា​វា​គ្មាន​តម្លៃ​សម្រាប់​អ្នក។ បើអ្នក​មាន​ម៉ូតូ​តូច​មួយ​ជិះ គួរ​តែ​រៀន​អរគុណ​វា​ដែល​ជួយ​អ្នក​អាច​ទៅ​កន្លែង​ដែល​អ្នក​ចង់​ទៅ​បាន។ បើ​អាច​មានអារម្មណ៍​ល្អ​បែប​នេះ​ចំពោះ​គ្រប់​យ៉ាង​ដែល​អ្នក​មាន​នោះ ជីវិត​អ្នក​នឹង​ស្រស់​បំព្រង​ជាង​មុន​មិន​ខាន។

៥. ធ្វើ​ការ​ងារ​ដែល​អ្នក​ស្រឡាញ់

បើ​អ្នក​មាន​អារម្មណ៍​ថា​ការងារ​រាល់​ថ្ងៃ​ធ្វើ​ឲ្យ​អ្នក​ធុញ​ទ្រាន់ មិន​សប្បាយ​ចិត្ត ផ្លាស់​ប្ដូរ​វា​ចេញ​ទៅ។ ស្វែង​រក​ការងារ​ដែល​អ្នក​ស្រឡាញ់ និង​រីករាយ​នឹង​ធ្វើ​វា ព្រោះ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​សុភមង្គល​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។

៦. ពេល​ខ្លះ​គួរ​តែ​សាក​ល្បង Adventure

ការ​ Adventure អាច​ឲ្យ​អ្នក​ជម្រុះ​ចេញ​នូវ​រឿង​មិន​សប្បាយ​ចិត្ត និង​អាច​ឲ្យ​អ្នក​ស្វែង​រក​អ្វី​ដែល​ថ្មីៗ​សម្រាប់​ខ្លួន​ឯង​ផង​ដែរ។ វា​បង្រៀន​ឲ្យ​យើង​យល់​ថា​ការពិត​ជីវិត​នេះ​មាន​អ្វី​ថ្មីៗ​ជា​ច្រើន​ទៀត​ដែល​យើង​គួរ​តែ​សាកល្បង​មិន​មែន​សម្ងំ​តែ​កើត​ទុក្ខ​ឡើយ។

សំខាន់​បំផុត​គឺ​យើង​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន ហើយ​អាច​លើកទឹក​ចិត្ត​ខ្លួន​ឯង​គ្រប់​ពេល៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម