ទង្វើទាំង ៥ របស់ឪពុកម្តាយធ្វើឱ្យកូនក្លាយជាក្មេងឈ្លើយដោយមិនដឹងខ្លួន

  • 2017-11-14 01:50:33
  • ចំនួនមតិ

ចន្លោះមិនឃើញ

ឪពុក​ម្តាយ​ណា​ក៏​ចង់​ឱ្យ​កូន​មាន​អត្តចរិត​ល្អ​ គួរ​ឱ្យ​ស្រឡាញ់ ​និងជា​ក្មេង​ដែល​ចេះ​ស្តាប់​បង្គាប់​ដែរ។ ដូច្នេះ​ហើយ​ទើប​ការ​ចិញ្ចឹម​បី​បាច់​ ព្រម​ទាំង​ការ​ផ្តល់​ដំបូន្មាន​ទាំង​ឡាយ​ត្រូវ​ចាប់​ផ្តើម​ឡើង​តាំង​ពី​កូន​នៅ​តូច​។ យ៉ាង​ណា​មិញ​ ប្រសិន​អ្នក​ជា​ឪពុក​ម្តាយ​ចិញ្ចឹម​កូន​ជាមួយ​ទម្លាប់​ទាំង​ ៥ ​ខាង​ក្រោម​នេះ​ មាន​ន័យ​ថា​អ្នក​កំពុង​បង្រៀន​កូន​ឱ្យ​ក្លាយ​ជា​ក្មេង​ឈ្លើយ​ដោយ​មិន​ដឹង​ខ្លួន​ហើយ​៖

១. ទម្រើស​តាម​ចិត្ត​កូន​៖ ឧទាហរណ៍​ថា​អ្នក​បញ្ចុក​បាយ​ឱ្យ​កូន ​តែ​កូន​បែរ​ជា​មិន​ចង់​ញ៉ាំ​ ហើយ​ស្រែក​យំ​រក​រឿង ​នោះ​អ្នក​មិន​គួរ​តាម​ចិត្ត​កូន​ដោយ​រក​របស់​ផ្សេង​មក​លួង​គេ​ទេ​។ ទង្វើ​នេះ​នឹង​ធ្វើ​ឱ្យ​កូន​លែង​ខ្លាច ហើយ​កាន់​តែ​ទម្រើស​រក​រឿង​ខ្លាំង​ឡើង​ៗ។

២. កាន់ជើង​កូន​៖ អ្នក​ជា​ឪពុក​ម្តាយ​មិន​ត្រូវ​មើល​រំលង​កំហុស​កូន​ដោយ​សំអាង​លើ​ហេតុផល​ថា​ «កូន​វា​នៅ​ក្មេង ​កុំ​ប្រកាន់​នឹង​វា​អី» បែប​នេះ​ទេ។ ធ្វើ​ដូច្នេះ​កូន​របស់​អ្នក​អាច​ក្លាយ​ជា​ក្មេង​ទំនើង​នៅ​ថ្ងៃ​ក្រោយ​ និង​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​គេ​ជា​មិន​ខាន​។

រូបតំណាង

៣. ទម្លាប់​អ្នក​ណា​ប៉ះ​មិន​បាន​៖ អ្នក​មិន​គួរ​ថ្នម​កូន​ជ្រុល​រហូត​អ្នក​ដទៃ​ប៉ះ​មិន​បាន​ទេ​ បើ​គេ​ធ្វើ​ខុស​នៅ​សាលារៀន​ទុក​ឱ្យ​គ្រូ​បន្ទុក​ថ្នាក់​ជា​អ្នក​ចាត់ការ​ចំពោះ​កំហុស​គេ​ចុះ​។

៤. ខ្វល់​ខ្វាយ​ពី​គេ​ខ្លាំង​ពេក​៖ ទទួល​ស្គាល់​ថា​ឪពុក​ម្តាយ​ត្រូវ​មាន​ពេល​វេលា​ច្រើន​សម្រាប់​នៅ​ជាមួយ​កូន ​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​ ប៉ុន្តែ​អ្នក​ក៏​គួរ​ទុក​ពេល​ឱ្យ​គេ​រៀន​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង​ខ្លះ​ដែរ​។ ពុំ​នោះ​ទេ​គេ​នឹង​ក្លាយ​ជា​មនុស្ស​ទម្រន់​នៅ​ពេល​ធំ​ឡើង​មិន​ខាន​។

រូបតំណាង

៥. ពង្វក់​ក្មេង​ដោយ​បច្ចេកវិទ្យា៖ សម័យ​នេះ​ឪពុក​ម្តាយ​ភាគ​ច្រើន​មិន​សូវ​មាន​ពេល​នៅ​កំដរ​កូន​ទេ​ ពួក​គេ​ជំនួស​ដោយ​ការ​ប្រើ​របស់​បច្ចេក​វិទ្យា​ផ្សេង​ៗ​ដើម្បី​លួង​កូន។ ការ​ធ្វើ​បែប​នេះ​មិន​ខុស​ពី​ធ្វើ​កូន​ក្លាយ​ជា​ក្មេង​ទម្រើស​ទេ ​នៅ​ពេល​ដែល​គេ​មិន​បាន​អ្វី​ដែល​គេ​ចង់​បាន​ គេ​នឹង​រក​រឿង​ក្រាញ​ននាល​ធ្វើ​ឱ្យ​អ្នក​ពិបាក​លើស​ដើម​៕

ចុចអាន៖កំហុស​​​ឆ្គង​ ៤​យ៉ាង​របស់​​ឪពុក​ម្ដាយ​​ ដែល​ធ្វើ​ឲ្យ​កូន​លួច​​យំ​​ម្នាក់​​ឯង​​​នៅ​ពេល​​គេង​


ប្រភព៖ demic ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា