កំហុសឆ្គង ៤យ៉ាងរបស់ឪពុកម្ដាយ ដែលធ្វើឲ្យកូនលួចយំម្នាក់ឯងនៅពេលគេង
- 2017-10-23 03:34:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុសឆ្គង ៤យ៉ាងរបស់ឪពុកម្ដាយ ដែលធ្វើឲ្យកូនលួចយំម្នាក់ឯងនៅពេលគេង
ឪពុកម្តាយណាក៏ស្រឡាញ់កូន ហើយតែងតែមិនចង់ឃើញកូនពិបាកចិត្ត ភ័យខ្លាច ឫលួចយំម្នាក់ឯងដែរ។ ប៉ុន្តែម្តាយឪពុកមួយចំនួនពិតជាមិនបានចាប់អារម្មណ៍ទេថាទង្វើ និងកាយវិការរបស់ខ្លួនបានជះឥទ្ធិពល ដល់អារម្មណ៍របស់កូន ដែលធ្វើឲ្យពួកគេតក់ស្លុត បាក់ស្បាត និងលួចយំម្នាក់ឯងនៅពេលយប់ដោយមិនហ៊ានហារមាត់ប្រាប់។ ដូច្នេះដើម្បីចៀសវាងកំហុសឆ្គងបែបនេះ ឪពុកម្តាយគួរតែមកពិចារណាឡើងវិញ នូវទង្វើខាងក្រោមនេះ៖
១. អ្នកឲ្យកូនមើល ព័ត៌មាន រឿង ឫហេតុការណ៍រន្ធត់
កូនក្មេងមិនទាន់អាចគ្រប់គ្រងអារម្មណ៍ និងភាពតក់ស្លុតរបស់ខ្លួនបានទេ។ ទោះបីអ្នកប្រាប់ពួកគេថារឿងនោះកើតឡើងនៅប្រទេសផ្សេង ឫគ្រាប់តែជាការសម្ដែងក៏ដោយ ក៏ពួកគេស្រមៃថាប្រហែលពួកគេអាចជួបរឿងនោះនៅថ្ងៃណាមួយ ដូច្នេះពេលពួកគេចូលគេង រូបរន្ធត់ទាំងនោះនិងតាមលងបន្លាច រហូតធ្វើឲ្យពួកគេយំដោយមិនហ៊ានស្រែកប្រាប់អ្នក។
**២. ឪពុកម្តាយឈ្លោះប្រកែកគ្នា**
វាជាសម្ពាធមួយដ៏ធ្ងន់ដែលឪពុកម្តាយទាំងឡាយមិនគួរផ្តល់ឲ្យកូន។ ក្មេងណាក៏ដោយ ពួកគាត់ស្អប់ខ្លាំងនូវសម្រែកឮៗ ស្នូរវាយដំ បោកប្រាស់ ពាក្យអសុរស ដែលឪពុកម្តាយបង្កនៅពេលពួកគាត់ឈ្លោះគ្នា។ ជញ្ជាំងផ្ទះមិនអាចទប់ សម្លេងទាំងនោះទេ ដូច្នេះអ្នកគួរតែដោះស្រាយការខ្វែងគំនិតគ្នា ដោយសន្តិវិធី ឫនាំគ្នាចេញទៅទីឆ្ងាយ ដើម្បីកុំឲ្យកូនតូចឮ។
៣. ការលែងលះគ្នា
វាជារឿងដែលអាក្រក់បំផុត ដែលធ្វើឲ្យកូនរបស់អ្នករស់មិនដូចស្លាប់ ព្រមទាំងក្លាយជាមនុស្សដែលលែងមានជំនឿលើអ្នកណាទាំងអស់។ ពួកគេនឹងលួចយំ រាល់យប់ព្រោះមិនចង់បាត់បង់អ្នកណាម្នាក់រវាងអ្នកទាំងពីរ ប៉ុន្តែពួកគេដឹងថាពួកគេមិនអាចធ្វើអ្វីបាន ព្រោះការអង្វរក និងសម្ដីរបស់ពួកគេគ្មានឥទ្ធិពលចំពោះការសម្រេចចិត្តរបស់អ្នក។
៤. អ្នកជេរ ឫវាយកូន
អំពើហិង្សាទាំងឡាយគួរតែកុំធ្វើមកលើក្មេងឲ្យសោះ។ វាធ្វើឲ្យក្មេងខ្លាចរហូត ដល់បាក់ស្បាត និងប៉ះពាល់ដល់ផ្លូវចិត្តពួកគេខ្លាំង។ ការខ្លាចកំហុសធ្វើឲ្យពួកគេក្លាយជាមនុស្សលែងហ៊ានទទួលខុសត្រូវ និងលែងមានភាពស្និទ្ធស្នាលជាមួយឪពុកម្តាយ។ ពេលខ្លះ កូនអ្នកអាចអន់ចិត្ត ហើយលួចយំម្នាក់ឯង ដោយគិតថា អ្នកលែងស្រឡាញ់ពួកគាត់ដូចមុន ដោយសាការជេរ និងវាយដុំរបស់អ្នក។
សរុបសេចក្តីមក ធ្វើជាឪពុកម្តាយគឺជាទំនួលខុសត្រូវមួយដ៏ធំ ដូច្នេះអ្នកត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន។ ក្មេងគួរតែទទួលបានការស្រឡាញ់ពេញលេញពីឪពុកម្តាយ។ រឿងដែលនាំឲ្យកូនយំ ពិបាកចិត្តអ្នកគួរតែបញ្ឈប់ភ្លាម ដើម្បីជួយឲ្យការលូតលាស់ផ្នែករាងកាយ ព្រមទាំងស្មារតីរបស់ពួកគេមានភាពល្អប្រសើរ៕