ប្រញាប់​រៀប​ការ​នៅ​វ័យ​ក្មេង​ពេក នឹង​អាច​ជួប​វិបត្តិ​៧​យ៉ាង

  • 2017-10-12 04:12:28
  • ចំនួនមតិ

ចន្លោះមិនឃើញ

គូ​ស្នេហ៍​មួយ​ចំនួន​ចង់​រៀបការ​ភ្លាមៗ​បន្ទាប់​ពី​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន ដោយ​យល់​ថា​ការ​ចងចំណង​អាពាហ៍ពិពាហ៍​គឺ​ជា​រឿង​សំខាន់​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ស្នេហា​របស់​ពួកគេ និង​គិត​ថា​ការ​ចាប់​ផ្ដើម​ជីវិត​គ្រួសារ​លឿន នឹង​ជួយ​ឲ្យ​ពួកគេ​ឈាន​ដល់​ជីវិត​ឯករាជ្យ​លឿន​ដូច​គ្នា។

រូបតំណាង

ទោះ​បី​ជា​ការ​រៀបការ​នៅ​វ័យ​ក្មេង​មាន​គុណ​សម្បត្តិ​មួយ​ចំនួន​ តែ​វា​ក៏​មាន​បញ្ហា​ជា​ច្រើន​ដែល​នឹង​ត្រូវ​ប្រឈម​មុខ​ដូច​ជា៖

១.ទំនួល​ខុស​ត្រូវ​ក្នុង​វ័យ​ក្មេង៖​​​​​ ជីវិត​ប្ដី​ប្រពន្ធ មិន​មែន​មាន​តែ​ពេល​ផ្អែម​ល្ហែម សប្បាយ​ៗ​ដូច​ជីវិត​ជា​សង្សារ​ឡើយ។ ពួក​គេ​ត្រូវ​មើល​ថែ​គ្រួសារ ទុក​ដាក់​ផ្ទះ​សំបែង​ បីបាច់​កូន​ចៅ​ដោយ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​បើ​ជីវិត​ពួក​គេ​មិន​ទាន់​មាន​លំនឹង និង​មិន​រឹង​មាំ​គ្រប់គ្រាន់​វា​នឹង​ក្លាយ​ជា​បញ្ហា​ធំ។

២.បាត់​បង់​អ្វី​ដែល​ជា​ភាព​រីករាយ​របស់​យុវវ័យ៖ ភាព​ច្របូកច្របល់​នៃ​ជីវិត​អាពាហ៍ពិពាហ៍​នឹង​ចាប់​ផ្ដើម ជីវិត​យុវវ័យ​របស់​ពួកគេ​នឹង​បាត់​ទៅ​ដំណាល​គ្នា​ដែរ។

៣.ការ​មាន​ផ្ទៃពោះ​ក្នុង​វ័យក្មេង៖ មាន​កូន​នៅ​វ័យ​ក្មេង​ពេក​នឹងធ្វើ​​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​គ្រប់​រូប ជា​ពិសេស​បើ​ស្ត្រី​មិន​ទាន់​អស់​​ការ​លូតលាស់​នៅ​ឡើយ ការ​មាន​ផ្ទៃ​ពោះ​នឹង​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់។

៤.ភាព​ប្រេះឆា​នៃ​ជីវិត​គូ​ងាយ​កើត​មាន​ឡើង៖ ដោយ​សារ​ពួក​គេ​នៅ​ចិត្ត​ក្ដៅ មិន​ទាន់​ចេះ​គិតគូរ​វែង​ឆ្ងាយ គូ​ស្វាមី​ភរិយា​វ័យ​ក្មេង​ភាគ​ច្រើន​មិន​មាន​ទំនួល​ខុសត្រូវ ឬ​ឈ្លោះ​ប្រកែក​គ្នា​រហូត​មិន​អាច​ទ្រាំ​នឹង​គ្នា​បាន។

៥. ផល​ប៉ះពាល់​ចំពោះ​ការ​សិក្សា៖ ភាគ​ច្រើន គូ​ស្នេហ៍​វ័យ​ក្មេង​មិន​អាច​បន្ត​ការ​សិក្សា​ខ្ពស់​បាន​ទេ​ព្រោះ​ពួកគេ​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ។

៦.ឱកាស​ការងារ​តិចតួច៖  ដោយ​សារ​តែ​ការ​អប់រំ​របស់​ពួកគេ​មាន​កម្រិត​ពួក​គេ​មិន​អាច​ទទួល​បាន​ការងារ​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​នោះ​ទេ។

៧.ជួប​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​កូន៖​ ចំណេះដឹង​របស់​ពួកគេ​អំពី​ការ​ថែ​ទាំ​កូន​អាច​មាន​កម្រិត​ ព្រម​ទាំង​មិន​មាន​ការ​ណែនាំ​គ្រប់គ្រាន់​ពី​មាតាបិតា ដូច្នេះ​ពួកគេ​មិន​អាច​មើល​ថែ​កូន​បាន​ល្អ​ទេ។

រូបតំណាង

ការ​រៀប​​អាពាហ៍ពិពាហ៍​ឆាប់​ពេក​ មើល​ទៅ​រ៉ូមែនទិច និង​ងាយស្រួល​ប៉ុន្តែ​វា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ផង​ដែរ។ ដូច្នេះ​គូ​ស្វាមី​ភរិយា​ត្រូវការ​រយៈពេល​ស្គាល់​គ្នា​ឲ្យ​បាន​ច្បាស់​សិន​មុន​សម្រេច​ចិត្ត​រៀបការ​ជាមួយគ្នា។ ការ​ប្រញាប់ប្រញាល់​ឈាន​ជើង​ចូល​ក្នុង​អាពាហ៍ពិពាហ៍​មួយ​ដែល​នឹង​ត្រូវ​បញ្ចប់​ទៅ​វិញ​រហ័ស ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​ដែល​គួរ​ធ្វើ​នោះ​ទេ ៕                  


ប្រភព៖ naij ប្រែសម្រួល៖ អូន បញ្ញា