កុំ​មើល​រំលង! ការ​គេង​ថ្ងៃ​មួយ​ភ្លែត​ៗ​អាច​ជួយ​ជីវិត​មនុស្ស​យើង​ច្រើន​​ខ្លាំង​ណាស់

  • 2017-09-14 00:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​គេង​លក់​បាន​គ្រប់គ្រាន់​ប្រមាណ​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រឿង​សំខាន់​មួយ ព្រោះ​វាង​អាច​ជះ​ឥទ្ធិពល​ទាំង​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នក។ បើ​អ្នក​គេង​លក់​បាន​តិច ​នៅ​ព្រឹក​​ថ្ងៃ​បន្ទាប់​​អ្នក​ប្រាកដ​ជា​មាន​អាការៈ​ងោកងុយ​ល្ហិតល្ហៃ មិន​ស្រស់​ថ្លា ហើយ​​អារម្មណ៍​ក៏​មិន​ល្អទៅ​តាម​នោះ​ដែរ។ យ៉ាង​ណា​ក៏​ដោយ​ ក្រៅ​ពី​ការ​គេង​នៅ​ពេល​យប់ ប្រិយមិត្ត​នារី​មាន​ដឹង​ឬ​ទេ​ថា ការ​គេង​ថ្ងៃ​ត្រង់​មួយ​ភ្លែត​ៗ​ក៏​មាន​ប្រយោជន៍​​មិន​គួរ​មើល​រំលង​ដែរ។

១. បន្ថែម​សមត្ថភាព​ផ្នែក​រាងកាយ

ធ្លាប់​មាន​ពេល​ណា​មួយ​ដែល​មាន​អារម្មណ៍​ថា​នឿយ​ហត់​ខ្លាំង​​ដោយ​សារ​ការ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ​​ដែរ​ឬ​ទេ? បើ​សិន​​ដឹង​ខ្លួន​ថា​កំពុង​ធ្លាក់​ក្នុង​ស្ថានភាព​បែប​​នេះ​ហើយ អ្នក​គួរ​រក​ពេល​ខ្លះ​ដើម្បី​សម្រាក​បន្តិច​នៅ​ពេល​ថ្ងៃ​ត្រង់ នោះ​វា​នឹង​អាច​ជួយ​ឲ្យ​អ្នក​មាន​កម្លាំង និង​កាន់​តែ​ស្វាហាប់​។ ក្រៅ​ពី​នេះ​មាន​ការ​សិក្សា​ជា​ច្រើន​រក​ឃើញ​ថា​ការ​គេង​ថ្ងៃ​មួយ​ភ្លែត​ៗ​នេះ​អាច​​បង្កើន​សមត្ថភាព​រាងកាយ​មួយ​ចំណែក​សម្រាប់​អ្នក​កីឡា។

២. បំបាត់​ស្ត្រេស

ប្រិយមិត្ត​ដឹង​ទេ​ថា​ការ​គេង​លក់​មិន​គ្រប់គ្រាន់​មិន​ត្រឹម​តែ​ជះ​ឥទ្ធិពល​អាក្រក់​ដល់​រាងកាយ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​អារម្មណ៍​របស់​យើង​ដែរ ដោយ​វា​នឹង​ធ្វើ​ឲ្យ​​យើង​មាន​អារម្មណ៍​ឆាប់​ខឹង និង​ស្ត្រេស។ ក្រៅ​ពី​នេះ​ការ​សិក្សា​មួយ​បាន​បង្ហាញ​តាម​រយៈ​សៀវភៅ The Journal of Clinical Endocrinology & Metabolism ថា​ការ​គេង​លក់​មួយ​ភ្លែត​ៗ​នៅ​ពេល​ថ្ងៃ​អាច​ជួយ​​កាត់​បន្ថយ​អ័រម៉ូន​ដែល​រាងកាយ​យើង​បញ្ចេញ​មក​ពេល​យើង​មាន​អារម្មណ៍​ស្ត្រេស។ ដូច្នេះ​បើ​ចង់​មាន​អារម្មណ៍​ស្រស់​ថ្លា​ពេញ​មួយ​ថ្ងៃ អ្នក​គួរ​រក​ពេល​វេលា​សម្រាក​ពេល​ថ្ងៃ​ឲ្យ​បាន​ប្រមាណ ៣០នាទី។

៣. បង្កើន​សមត្ថភាព​ក្នុង​ការ​រៀន​សូត្រ

ការ​សិក្សា​ក្នុង​សៀវភៅ The Journal of Sports Sciences បាន​បង្ហាញ​ថា​ការ​គេង​ថ្ងៃ​អាច​ជួយ​ឲ្យ​អ្នក​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​ការងារ​ផ្សេង​ៗ និង​មាន​សុខភាព​ផ្លូវ​ចិត្ត​​កាន់​តែ​ល្អ។ ក្រៅ​ពី​នេះ​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​ការ​សិក្សា និង​ធ្វើ​ឲ្យ​យើង​អាច​ចងចាំ​រឿង​ផ្សេង​ៗ​បាន​កាន់​តែ​ល្អ។

៤. កាត់​បន្ថយ​អារម្មណ៍​ឃ្លាន

អារម្មណ៍​ហត់​នឿយ​ល្ហិតល្ហៃ​អាច​នាំ​ឲ្យ​យើង​កើត​អារម្មណ៍​ឃ្លាន​ ជា​ពិសេស​ការ​ចង់​ញ៉ាំ​របស់​ផ្អែម​ៗ​ដូច​ជា​បង្អែម ភេសជ្ជៈ​ប៉ូវ​កម្លាំង ឬ​កាហ្វេ ដែល​ធ្វើ​ឲ្យ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​​កើន​ឡើង​រហ័ស។ យ៉ាង​ណា​ក៏​ដោយ​នៅ​ពេល​​មាន​អារម្មណ៍​អស់​កម្លាំង អ្នក​អាច​សាក​ល្បង​​គេង​ប្រមាណ​៣០​នាទី ឬ​ក៏​សាក​ចេញ​ដើរ​​យក​ខ្យល់​អាកាស​ខាង​ក្រៅ​ផ្ទះ​មួយ​សន្ទុះ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ឡើង​វិញ និង​​កាត់​បន្ថយ​អារម្មណ៍​ឃ្លាន​បាន​ខ្លះ។

៥. កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​​ដោយ​សារ​ជំងឺ​បេះដូង

​ការ​គេង​លក់​មិន​គ្រប់គ្រាន់​ ក្រៅ​ពី​ធ្វើ​ឲ្យ​យើង​ស្ត្រេស ឬ​ហត់​នឿយ​ហើយ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​មាន​អាយុ​ខ្លី​ដែរ។ តែ​មិន​បាច់​បារម្ភ​ទេ ព្រោះ​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Athens Medical School និង Harvard School of Public Health បាន​រក​ឃើញ​ថា អ្នក​ដែល​​គេង​លក់​ពេល​ថ្ងៃ​មួយ​ភ្លែត​ៗ​ជា​ប្រចាំ​មាន​អត្រា​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង​តិច​ជាង​អ្នក​ដែល​មិន​បាន​គេង។ ផ្អែក​តាម​ការ​សិក្សា​នេះ​ដែរ ពេល​វេលា​គេង​ថ្ងៃ​ដែល​សមរម្យ​នោះ​គឺ​គេង​យ៉ាង​តិច​ ៣​ដង​ក្នុង​មួយ​សប្ដាហ៍​ ហើយ​មួយ​ដង​ប្រមាណ ៣០នាទី ៕

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម