រឿង​ខ្លី អាន​ចប់​ភ្លឺ​ភ្នែក និង​ស្គាល់​ច្បាស់​ពី​តម្លៃ​នៃ​ភាព​ស្មោះត្រង់

  • 2017-09-03 07:19:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

“មាន​តែ​ពេលវេលា​​ទេ​អាច​ពិសោធន៍​គ្រប់​យ៉ាង”

“ស្មោះត្រង់” ត្រូវ​បាន​កំឡោះ​តូច​ម្នាក់​ឈ្មោះ “ឆ្លាត” បោះបង់​ចោល​ក្នុង​សមុទ្រ។ “ស្មោះត្រង់” ព្យាយាម​ហែល​ទឹក​រហូត​មក​ដល់​កោះ​មួយ​កន្លែង​។ នៅ​ពេល​ឡើង​ដល់​ច្រាំង​កោះ “ស្មោះត្រង់” ក៏​ដេក​សម្រាក​នៅ​លើ​ឆ្នេរ​ខ្សាច់។ គេ​ព្យាយាម​​គិត​រក​វិធី​ដើម្បី​ត្រលប់​ទៅ​ច្រាំង​វិញ។ អ្វី​ដែល “ស្មោះត្រង់” រំពឹង​គឺ​នឹង​មាន​ទូក​របស់​នរណា​ម្នាក់​ជិះ​កាត់​ទីនេះ។  

នៅ​សុខ​ៗ “ស្មោះត្រង់” ក៏​បាន​ឮ​សំឡេង​​​អ្វី​មួយ​ពី​ចម្ងាយ។ គេ​ក៏​ប្រញាប់​ងើប​ឡើង​និង​សម្លឹង​​រក​ប្រភព​សំឡេង​នោះ ហើយ​ក៏​ឃើញ​មាន​ទូក​មួយ​កំពុង​តម្រង់​​មក​កោះ​នេះ។ នៅ​លើ​ទូក​នោះ​​​មាន​សរសេរ​ពាក្យ​ថា "ក្ដី​សុខ" ដែល​ការ​ពិត​ ទូក​នោះ​គឺ​ជា​របស់​បុរស​ឈ្មោះ “ក្ដី​សុខ” នោះ​ឯង ដូច្នេះ “ស្មោះត្រង់” ក៏​ស្រែក​ហៅ​ឈ្មោះ​​ម្ចាស់​ទូក។

នៅ​ពេល “ក្ដី​សុខ” បាន​ឮ ក៏​ឆ្លើយ​ទៅ “ស្មោះត្រង់” វិញ​ថា៖

“មិន​បាន​ទេ​ៗ បើ​ខ្ញុំ​នាំ​អ្នក​ឡើង​ទូក​​នេះ​ខ្ញុំ​នឹង​លែង​មាន​ក្ដី​សុខ​ទៀត​ហើយ អ្នកមើល​ចុះ មនុស្ស​ជា​ច្រើន​ក្នុង​សង្គម​សម័យ​នេះ​ដែល​និយាយ​ការ​ពិត​ហើយ ក៏​លែង​មាន​ក្ដី​សុខ​ សុំ​ទោស​ណា​ “ស្មោះត្រង់” ខ្ញុំ​ទទួល​យក​អ្នក​មិន​បាន​មែន”។ និយាយ​ចប់ “ក្ដី​សុខ” ក៏​ជិះ​ទូក​ចេញ​ទៅ​បាត់​ទៅ។

មិន​បាន​ប៉ុន្មាន​​ទូក​របស់ "តំណែង” ក៏​ឆ្លង​កាត់​ទី​នោះ “ស្មោះត្រង់” ក៏​ស្រែក​ហៅ​គេ​ម្ដង​ទៀត។

“តំណែង” នៅ​ពេល​​ឮ​ដូច្នេះ​ក៏​ប្រញាប់​បង្វែរ​ក្បាល​ទូក​​ឲ្យ​ចេញ​ទៅ​ឆ្ងាយ ហើយ​ក៏​ងាក​មក​និយាយ​ជាមួយ "ស្មោះត្រង់​" ថា៖

“មិន​បាន​ទេៗ អ្នក​នៅ​ជាមួយ​ខ្ញុំ​មិន​បាន​ទេ អ្នក​ដឹង​ទេ​ថា​តំណែង​ដែល​ខ្ញុំ​បាន​មក​វា​លំបាក​ប៉ុណ្ណា បើ​ខ្ញុំ​នាំ​អ្នក​មក​ជាមួយ ខ្ញុំ​ពិត​ជា​ស៊យ​ហើយ វរ​ៗ​ត្រូវ​បាត់បង់​តំណែង។ យ៉ាង​ណា​ៗ​ ខ្ញុំ​មិន​អាច​រួម​ដំណើរ​ជាមួយ​អ្នក​បាន​ទេ”។  

 “ស្មោះត្រង់” អួល​ដើមក សម្លឹង​មើល​ តំណែង ដែល​ប្រញាប់​ចេញ​ទូក​​ទៅ​​យ៉ាង​អស់​សង្ឃឹម និង​​មាន​អារម្មណ៍​ច្របូកច្របល់​នឹង​ខ្លួន​ឯង​យ៉ាង​ខ្លាំង ប៉ុន្តែ​អ្វី​ដែល​គេ​ធ្វើ​បាន គឺ​មាន​តែ​ត្រូវ​រង់​ចាំ ចាំ​ហើយ ចាំ​ទៀត តែ​ប៉ុណ្ណោះ។

ក្រោយ​មក​ក៏​មាន​ទូក​មួយ​ទៀត​ឆ្លង​កាត់ នោះ​គឺ​ទូក​​របស់ "​ប្រកួតប្រជែង”។

“ប្រជែង ប្រជែង ខ្ញុំ​សុំ​ជិះ​ទូក​​ឯង​ផង​បាន​ទេ?"

“ឯង​ជា​អ្នក​ណា? ឯង​មាន​ប្រយោជន៍​ប៉ុណ្ណា​ទៅ​សម្រាប់​ពួក​យើង?” ប្រកួត​ប្រជែង ស្រែក​សួរ។

“ស្មោះត្រង់” មិន​ចង់​និយាយ​អ្វី​ច្រើន​ទៀត​ទេ ព្រោះ​ខ្លាច​បាត់​បង់​ឱកាស​ដូច​មុន​ៗ​ទៀត ប៉ុន្តែ​​​ដោយ​សារ​​គេ​ជា​ “ស្មោះត្រង់” ដូច្នេះ​គឺ​នៅ​តែ “ស្មោះត្រង់”

ខ្ញុំ​គឺ “ស្មោះត្រង់”

“ហាស! ឯង​គឺជា​ស្មោះត្រង់ បើ​ពួក​យើង​មាន​ឯង​នៅ​ជាមួយ ពួក​យើង​​ទៅ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​ណា​ឈ្នះ​ទៅ?” និយាយ​ចប់​គេ​ក៏​បង្វែរ​ក្បាល​ទូក​ចេញ​ទៅ​យ៉ាង​លឿន។  

ក្នុង​ខណៈ​ដែល​ ស្មោះត្រង់ កំពុង​តែ​អស់​សង្ឃឹម​​​ឱន​មុខ​ស្លុប នៅ​សុខ​ៗ​ក៏​មាន​សំឡេង​លួងលោម​ថា “ចៅ​... ឡើង​ទូក​តា​មក!”

នៅ​ពេល​ស្មោះត្រង់​ងើយ​មុខ​​សម្លឹង ក៏​ឃើញ​មនុស្ស​ចាស់​សក់​ស​ម្នាក់​ឈរ​នៅ​លើ​ទូក

“ហេតុ​អី​លោក​តា​ចង់​ជួយ​ខ្ញុំ?” ស្មោះត្រង់ សួរ​ដោយ​ភាព​សង្ស័យ។

“មាន​តែ​ពេល​វេលា​ទេ​ដែល​ដឹង​ថា​​ភាព​ស្មោះ​ត្រង់​មាន​តម្លៃ​យ៉ាង​ណា" លោក​តា​​ដែល​ជា "ពេលវេលា" និយាយ​ទៅ​កាន់​ស្មោះ​ត្រង់​ដោយ​ស្នាម​ញញឹម។  

នៅ​តាម​ផ្លូវ​ត្រលប់​ទៅ​វិញ​នៅ​យប់​នោះ​​គេឃើញ​ទូក​របស់ “ក្ដី​សុខ”, “តំណែង” និង “ប្រកួត​ប្រជែង” លិច​​ក្នុង​សមុទ្រ​អស់។ លោក​តា​ “ពេល​វេលា” បាន​​និយាយ​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖

“ចៅ​ទាំង​ឡាយ​ត្រូវ​ចាំ​ទុក បើ​ចៅ​លែង​មាន​ភាព​ស្មោះ​ត្រង់​ក្នុង​ខ្លួន​ហើយ ក្ដី​សុខ​នឹង​នៅ​ជាមួយ​ចៅ​បាន​មិន​យូរ​ទេ តំណែង​ដែល​បាន​មក​​ក៏​បាន​ត្រឹម​ជា​តំណែង​ក្លែងក្លាយ ការ​ប្រកួត​ប្រជែង​ក៏​មាន​បរាជ័យ​​យ៉ាង​អាម៉ាស់​នៅ​ទី​បំផុត” ៕  

 

ប្រភព៖ Singleklekthemovie ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន