ពេល​អីៗ​ជាមួយ​គ្នា​ម្ដងៗ ស្រីៗ​ភាគ​ច្រើន​អត់​ដឹង​ថាអាច​កើត​​ជំងឺ​អាថ៌កំបាំង​មួយ​នេះ​ទេ

  • 2017-09-03 03:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យុវវ័យ​ដែល​កំពុង​ប្រឡូក​នឹង​ការ​រួម​ភេទ និង​ស្ត្រី​ដែល​រៀប​ការ​រួច ភាគ​ច្រើន​មិន​ដឹង​ពី​ជំងឺ​មហារីក​មាត់​ស្បូន ខណៈ​​ជំងឺ​ផ្ដាច់​ផ្ដិល​ជីវិត​មួយ​នេះ កើត​ឡើង​ដោយ​សារ​ការ​រួម​ភេទ និង​សម្លាប់​ស្ត្រី​យ៉ាង​ច្រើន​ក្នុង​ពិភព​លោក។

HPV (Human Papilloma Virus) ត្រូវ​គេ​ស្គាល់​រាប់​សតវត្ស​មក​ហើយ​ថា​ជា​វីរុស​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​មហា​រីក​មាត់​ស្បូន។ ភាគ​ច្រើន​កើត​លើ​មនុស្ស​ដែល​សកម្ម​រួមភេទ។ មាន​ន័យ​ថា មនុស្ស​ភាគ​ច្រើន ឆ្លង​វីរុស​នេះ​ភ្លាមៗ បន្ទាប់​ពី​រួម​ភេទ​រួច។ ជា​ទូទៅ ឆ្លង​លើ​បុរស និង​ស្ត្រី​ចាប់​ពី​អាយុ ១៥ ឆ្នាំ​ឡើង។

បច្ចុប្បន្ន មនុស្ស​វ័យ​ជំទង់ ឆាប់​ប្រឡូក​ក្នុង​ការ​រួមភេទ ដោយ​មិន​ដឹង​ពី​ផល​វិបាក​នៃ​ការ​រួមភេទ​ដែល​គ្មាន​សុវត្ថិភាព ដែល​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ឆ្លង​វីរុស HPV ។ ឯ អ្នក​មាន​ដៃគូ​រួម​ភេទ​ច្រើន និង​អ្នក​ចូល​ចិត្ត​ជក់​បារី ក៏​ប្រឈម​ខ្ពស់​នឹង​ការ​ឆ្លង​វីរុស HPV ផង​ដែរ។

រោគ​សញ្ញា

ប្រភេទ​សំខាន់ៗ​នៃ​វីរុស HPV ដែល ៧០% បណ្ដាល​ឱ្យ​កើត​ជំងឺ​មហា​រីក​មាត់​ស្បូន ដំបៅ​មាត់​ស្បូន មហា​រីក​ទ្វារ​លាមក ទ្វារ​មាស គឺ​មាន HPV ១៦ និង ១៨។ ជា​ធម្មតា អ្នក​មិន​អាច​ដឹង​ថា​អ្នក​មាន​ជំងឺ​មហា​រីក​មាត់​ស្បូន​នោះ​ទេ រហូត​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ទើប​លេច​ចេញ​រោគ​សញ្ញា ហើយ​រោគ​សញ្ញា​ទាំង​នោះ មាន៖

  • មក​រដូវ​មិន​ទៀង
  • ហូរ​ឈាម​តាម​ទ្វារ​មាស​ក្រោយ​រួម​ភេទ
  • ឈឺ​ត្រគៀក
  • ឈឺ​ចាប់​នៅ​ទ្វារ​មាស ឬ​ហូរ​សារធាតុ​រាវ​មាន​ក្លិន​មិន​ល្អ
  • ស្រក​ទម្ងន់។

វិធី​ការពារ

មាន​វ៉ាក់សាំង ២ ប្រភេទ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋបាល​ស្បៀង​អាហារ និង​ថ្នាំ (FDA) របស់​អាមេរិក ដែល​អាច​ការពារ​អ្នក​ពី​វីរុស HPV ទាំង​ប្រភេទ ១៦ និង ១៨ បាន។ វ៉ាក់សាំង​ទាំង​នេះ ត្រូវ​​គេ​បញ្ជាក់​ថា​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្ការ​ការ​ឆ្លង​វីរុស HPV ទាំង​ពីរ​ប្រភេទ​ខាង​លើ។

អង្គការ​សុខភាព​ពិភព​លោក ណែនាំ​ឲ្យ​ក្មេង​ស្រី​អាយុ​ចាប់​ពី ៩ ឆ្នាំ ទៅ ១៣ ឆ្នាំ ទទួល​វ៉ាក់សាំង​បង្ការ​វីរុស​នេះ។ មាន​ន័យ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ ត្រូវ​ចាក់​មុន​ពេល​រួម​ភេទ​ជា​លើក​ដំបូង។ ប្រទេស​មួយ​ចំនួន ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​នេះ​លើ​ក្មេង​ប្រុស ដើម្បី​ការពារ​ជំ​ងឺ​មហា​រីក​សរីរាង្គ​បន្ត​ពូជ។

អ្នក​អាច​ទា​ក់ទង​ពេទ្យ ដើម្បី​ទទួល​ការ​ណែនាំ​ពី​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ។ ទោះ​បី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ក៏​ដោយ អ្នក​ត្រូវ​ប្រើ​ស្រោម​អនាម័យ និង​កាត់​បន្ថយ​ចំនួន​ដៃ​គូ​រួម​ភេទ។

បើ​មាន​សំណួរ​ពាក់ព័ន្ធ​នឹង​អត្ថបទ​នេះ ឬ​ការ​ថែរក្សា​សុខភាព អាច​ទាក់​ទង​តាម៖

ចំណាំ៖ រាល់​ថ្ងៃ​សុក្រ Kanha នឹង​ចេញ​ផ្សាយ​អត្ថបទ​សុខភាព ពី​អ្នក​ជំនាញ​ផ្នែក​សុខភាព​របស់​ទស្សនាវដ្ដី Healthwise Digest ពី DKSH៕

អត្ថបទ៖ DKSH