៦ វិធី​ធ្វើឲ្យ​សក់​ទន់រលោង ក្រអូប​ជាប់​ក្លិន​បាន​យូរ ដែល​ស្រី​ៗ​មិន​គួរ​រំលងសោះ!

  • 2017-08-15 05:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​ក្រអូប ក៏​ជា​មន្ត​ស្នេហ៍​មួយ​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​ស្រី​ដែរ តែ​បញ្ហា​ត្រង់​ថា មិន​ដឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​វា​មាន​ក្លិនប្រហើរ​​បែប​​ធម្មជាតិ​នោះ។ កុំ​បារម្ភ ៦ វិធី​នេះ​អាច​ធ្វើឲ្យ​សក់​មាន​ក្រអូប​ជាប់​ក្លិន​បាន​យូរ​ណាស់៖

១.ផ្លាស់ប្ដូរ​ខ្នើយ​កើយ​ឲ្យ​បាន​ញឹកញាប់

ជា​រឿយៗ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ក្លិន​ស្អុយ​នៅ​ក្នុង​សក់​គឺ​ដោយសារ​តែ​មិន​បាន​ប្ដូរ​ខ្នើយ​ញឹកញាប់។ ជាពិសេស​នៅ​ក្នុង​ករណី​ដែល​យើង​កក់​សក់​​ពេល​យប់ ហើយ​ផ្លុំ​មិន​បាន​ស្អាត​ល្អ នោះ​ពេល​គេង​ទៅ​នឹង​បណ្ដាល​ឲ្យ​បាត់​បង់​ក្លិន​ក្រអូប​បន្ទាប់ពី​ងូតទឹក។ ដូច្នេះ​ត្រូវ​បោក​គក់​សម្អាត​ស្រោម​ពូក ភួយ និង​ស្រោម​ខ្នើយ​ជា​ញឹកញាប់ កុំឲ្យ​អស់​ក្លិន​ក្រអូប​ពី​របស់​ទាំង​នោះ ទើប​សក់​នៅ​រក្សា​ក្លិន​ក្រអូប​បាន​យូរ។

២.សម្អាត​ក្រាស់​សិត​សក់

បើ​ក្រាស់​សិត​សក់​មាន​ធូលី​ក៏​អាច​ជះ​ក្លិន​មិន​ល្អ​ដល់​សក់​ដូច​គ្នា ដូចនេះ​គួរ​លាង​សម្អាត ​មួយ​សប្ដាហ៍​ម្ដង ទើប​ល្អ​ចំពោះ​សក់។ មិន​តែ​ប៉ុណ្ណោះ​ម៉ាស៊ីន​គាប ផ្លុំ មូល​រួញ មិន​ស្អាត​ក៏​ជា​មូលហេតុ​នាំ​ឲ្យ​សក់​មាន​ក្លិន​ស្អុយ​ដែរ។

៣.កុំ​ប្រើ​ប្រេង​លាប​សក់

និយាយ​អំពី​ប្រេង​លាប​សក់​ឲ្យ​ទន់​រលោង គឺ​ស្រី​ៗ​កម្រ​មិន​ប្រើ​ណាស់ ព្រោះ​វា​អាច​ជួយ​មិន​ឲ្យ​សក់​ជំពាក់ និង​មើល​ទៅ​រស់​រវើក។ តែ​ការ​ប្រើប្រាស់​ប្រេង​បែរ​ជា​នាំ​ឲ្យ​សក់​ក្បាល​ធុំ​ក្លិន​ស្អុយ និង​ងាយ​ជាប់​ជាតិ​កខ្វក់​ផ្សេង​ៗ​ដែល​ហើរ​តាម​ខ្យល់។

៤.ប្រើប្រាស់​សាប៊ូ ឬ​ក្រែម​បន្ទន់​សក់​ត្រូវ​នឹង​ស្បែក​ក្បាល និង​សក់

នេះ​ជា​ចំណុច​សំខាន់​ណាស់ កាលណា​តែ​កក់​សាប៊ូ និង​ក្រែម​បន្ទន់​មិន​ត្រូវ​ជាមួយ​សុខភាព​ស្បែក​ក្បាល នោះ​ជា​មូលហេតុ​នាំ​ឲ្យ​កើត​អង្គែ។ ​អង្គែ​នោះ​ហើយ​ដែល​នាំ​ឲ្យ​សក់​មាន​ក្លិន​មិន​ល្អ និង​ងាយ​សាយ​ក្លិន​អាក្រក់​បំផុត។

៥.កុំ​បាញ់​ទឹកអប់​លើ​សក់

មនុស្ស​មួយ​ចំនួន​តែង​បាញ់​ទឹកអប់​នៅ​លើ​សក់​ក្បាល មុន​ពេល​ចេញ​ក្រៅ។ ខណៈ​ការ​ធ្វើ​បែប​នេះ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​រក្សា​សក់​ឲ្យ​មាន​ក្លិន​ក្រអូប​ឡើយ តែ​វា​ជា​បញ្ហា​នាំ​ឲ្យ​សក់​ខូច​ទៅវិញ។

៦.កុំ​កក់​សក់​រាល់ថ្ងៃ

ស្ត្រី​មួយ​ចំនួន​តែង​ធ្វើ​បែប​នេះ ព្រោះ​គិត​ថា​ជា​វិធី​ដ៏​មាន​អនាម័យ និង​ជួយ​ឲ្យ​សក់​ទន់​រហូត។ តែ​នោះ​ជា​ការ​យល់​ច្រឡំ​ទេ ពេល​កក់​សក់​រាល់ថ្ងៃ​ស្បែក​ក្បាល​នឹង​មាន​ភាព​ស្ងួត ហើយ​អាច​ធ្វើឲ្យ​សក់​ផុយ​ស្រួយ​ទៅ​វិញ៕

ចុចអាន៖មើល​ទៅ​ដូច​មិន​អី​តែ​ទម្លាប់​ទាំង​នេះ​អាច​បំផ្លាញ​សក់​អ្នក​បាន

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម