មនុស្ស​ស្រី​ឆ្លាត មិន​ត្រូវ​ស្រលាញ់​មនុស្ស​ប្រុស​ឲ្យ​អស់ពីពោះ​នោះ​ទេ

  • 2017-07-23 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្តី​ស្រលាញ់ គឺ​តែង​កើត​ចេញ​ពី​ក្នុង​ចិត្ត​របស់​មនុស្ស​ម្នាក់​ៗ។ មនុស្ស​ស្រីភាគ​ច្រើន បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​បុរសៗ​ស្ទើរតែ ១០០ភាគរយ ដែល​មិន​អាច​ធ្វើឲ្យ​ខ្លួន​ឯង​មាន​ឱកាស សម្រាប់​ស្រលាញ់​ខ្លួនឯងវិញ។ ការ​ស្រលាញ់ វាមិន​មែន​ជា​កំហុស ប៉ុន្តែការ​ស្រលាញ់​ងប់​ងល់​ខ្លាំង វា​អាច​ជា​បញ្ហា​សម្រាប់​មនុស្ស​ស្រី​ខ្លួន​ឯងផ្ទាល់។ ដូចនេះ មនុស្ស​ស្រីគ្រប់​រូប មិន​គួរ​ដាក់​ចិត្ត​ស្រលាញ់មនុស្ស​ប្រុស ឲ្យ​អស់ពីពោះនោះទេ។ បើ​អាច យ៉ាង​ច្រើន​បំផុត យើង​គួរ​ស្រលាញ់​គេ ត្រឹម​តែ ៧០ ឬ ៨០ភាគរយ ហើយ​ទុកចំណែក​ខ្លះ​សម្រាប់​ជីវិត​ផ្ទាល់​ខ្លួន​វិញ។ ការ​ស្រលាញ់​នរណា​ម្នាក់​អស់​ពី​ពោះ ពី​ពង់ វា​អាច​ធ្វើ​ឲ្យ​អ្នក​ ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា៖

១. ឈឺ​ចាប់​ខ្លាំង​ពេល​បែក​គ្នា

យើង​មិន​អាច​មើល​ឃើញ​ពី​អនាគត​ បាន​ត្រឹម​ត្រូវ ១០០​ភាគរយ​នោះ​ទេ។ ដូចនេះ ប្រសិន​បើ​ពេល​ណា​មួយ​អ្នក​ទាំង ២ ត្រូវ​បែក​គ្នា​ដោយ​ប្រការ​ណា​មួយ ឬ ក៏​អ្នក​ត្រូវ​បាន​គេ​បោះបង់​ចោល អ្នក​នឹង​មិន​សូវ​ជា​ឈឺចាប់​ខ្លាំង រហូត​ដល់​ចង់​សម្លាប់​ខ្លួន ព្រោះ​ថា​អ្នក​នៅ​សល់​ចំណែក​ខ្លះ​ ដើម្បី​ស្រលាញ់​ខ្លួន​ឯង។

ចុច៖ ចង់​ឲ្យ​​សង្សារ​ចាស់​ឈឺ​ចាប់​និង​ស្ដាយ​ក្រោយ​ ស្រី​ៗ​អាច​ធ្វើ​រឿង​ទាំង​នេះ​បាន

២. ប្រច័ណ្ឌ​ខ្លាំង

ធម្មតា​ទេ បើ​ស្រលាញ់​ខ្លាំង គឺ​ប្រច័ណ្ឌខ្លាំង រហូត​អាច​ធ្វើ​អ្វីភ្លាមៗ ដោយ​ខ្វះ​ការ​ពិចារណា​វែង​ឆ្ងាយ ដែល​អាច​បណ្តាល​ឲ្យ​ជីវិត​របស់​អ្នក​ នឹង​មាន​បញ្ហា។

៣. គ្មាន​ពេល​ស្រលាញ់​ខ្លួនឯង

ដោយ​សារ​តែ​ស្រលាញ់​គេ​ពេក អ្នក​ក៏គិត​តែធ្វើ​អ្វីគ្រប់​យ៉ាង​ដើម្បីគេ គ្មាន​ពេល​សម្រាប់​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់។

៤. បារម្ភ​ច្រើន​

ខ្វល់​ចិត្ត ខ្លាច​គេ​មិន​ស្រលាញ់​ខ្លួន​វិញ។ បារម្ភ ខ្លាចថ្ងៃ​ណាមួយនឹង​បាត់​បង់​គេ ធ្វើ​ឲ្យ​ខ្លួនឯងមិន​អាច​រៀន​រស់​ដោយ​គ្មាន​គេ​បាន។  

៥. ក្លាយ​ជា​មនុស្ស​ស្រី​ល្ងង់​ម្នាក់​

ព្រោះ​តែ​ស្រលាញ់​គេ​ពេក ដូចនេះ ក៏ស្ម័គ្រចិត្ត​ជឿជាក់លើគេ​គ្រប់​យ៉ាង រហូត​ពេល​ខ្លះ​គេ​ហ៊ាន​កុហក់ ក៏​នៅ​តែ​ទ្រាំ​ជឿ​គេ​ទៀត។ អ្នក​នឹង​ត្រូវ​ចាញ់​បោក​គេ ហើយ​គេ​នឹង​ក្លាយ​ជា​មនុស្ស​ប្រុស ដែល​ក្រអើត​ក្រទម​ចំពោះ​អ្នក​ ព្រោះ​ថា​គេ​បាន​ដឹង​ចិត្ត​អ្នក​ អស់​ទៅ​ហើយ។

៦. គ្មាន​ហេតុ​ផល

ក្តី​ស្រលាញ់​អស់​ពី​ពោះ ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​គ្មាន​ហេតុផល​ ស្តាប់​តែ​មួយ​ចំហៀង ហើយ​លំអៀង​ចិត្ត ដោយ​សារ​ស្រលាញ់​គេ​ខ្លាំង​ពេក។

៧. សុខចិត្ត​លះបង់​អ្វី​គ្រប់​យ៉ាង

រឿង​ខ្លះ​ដែល​អ្នក​មិន​គួរ​ធ្វើ​ ក៏​អ្នក​ត្រូវ​ធ្វើ ដើម្បី​ផ្គាប់​ចិត្ត​គេ​ដែរ។ សឹង​ថា គេ​ឲ្យ​អ្នក​ស្អប់​ឪពុកម្តាយ​របស់​ខ្លួន ក៏​អ្នក​នៅ​តែ​ធ្វើ​តាម។

៨. ងប់​ងល់​តែ​នឹង​រឿង​ស្នេហា

យូរ​ៗ​ទៅ សូម្បី​តែ​ដេក​ដើរ​ឈរ អង្គុយ ក៏​អ្នក​គិត​តែ​ពី​គេ ស្ទើរ​តែ​បាត់​គេ​ ១នាទី​​ មិន​បាន។ អ្នក​នឹង​គ្មាន​ការ​វិវត្ត​ទៅណា​កើត​នោះ​ទេ បើ​រវល់​តែ​គិត​បែបនេះ​នោះ៕

៩. បង្កើត​ជា​ភ្លើង​គំនុំ

តាម​ធម៌​ព្រះ បាន​សម្តែង​ថា «សេចក្តី​ស្អប់​ខ្លាំង ផ្តើម​មក​ពី​ការ​ស្រលាញ់​ខ្លាំង»។ ដូចនេះ វា​មិន​ខុស​នោះ​ទេ ដែល​អ្នក​នឹង​មាន​ចិត្ត​គុំ​គួន ចង​អាឃាត​គ្នា​ទៅ​វិញ ទៅ​មក​ ដោយ​សារ​តែ​មិន​អាច​ទទួល​បាន​ក្តី​ស្រលាញ់​ដូច​បំណង។ បើ​អ្នក​កុំ​ស្រលាញ់​គេ​ខ្លាំង​ពេក ក៏​ប្រហែល​ជា​អ្នក​មិន​មាន​ចិត្ត​ខឹង ដល់​ថ្នាក់​នេះ​ដែរ។

១០. ពិបាក​ទទួល​យក​ស្នេហា​ថ្មី

វា​ដួច​ជា​ការ​ធ្វើ​បាប​ខ្លួន​ឯង ប្រសិន​បើ​អ្នក​នៅ​តែ​​ស្រលាញ់​គេ​ខ្លាំង ប៉ុន្តែ​គេ​បាន​ទៅ​ចោល​អ្នក។ អ្នក​នឹង​ បាត់​បង់​ជំនឿ​ចិត្ត​ក្នុង​រឿង​ស្នេហា ហើយ​មើល​ទៅ​ប្រុស​ណា​ផ្សេង​ក៏​មិន​ឃើញ​ល្អ​នោះ​ដែរ៕

ចុចអាន៖ ៥ ហេតុ​ផល​ដែល​យើង​គួរ​តែ​កាត់​ចិត្ត ​ពី​មនុស្ស​ដែល​មិន​ស្រឡាញ់​​យើង

អត្ថបទ៖ ភារី

អត្ថបទពេញនិយម