ស្រលាញ់គ្នាត្រូវគិតវែងឆ្ងាយ កុំឲ្យខាតយុវភាពអត់អំពើ
- 2017-07-19 03:49:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គ្នាត្រូវគិតវែងឆ្ងាយ កុំឲ្យខាតយុវភាពអត់អំពើ
បើគិតថាយកខ្ញុំគ្រាន់មកធ្វើជារបស់កម្សាន្តទេនោះ សូមចេញពីជីវិតខ្ញុំទៅ ព្រោះខ្ញុំគ្មានពេលមកលេងល្បែងកូនក្មេងនេះឡើយ។
ដល់ពេលណាទើបយើងអាចបញ្ជាក់ថានេះគឺជាស្នេហាប្រាកដប្រជាមួយទៅ? បើស្រលាញ់គ្នាហើយមិនគិតផ្លូវឆ្ងាយ ចឹងចាំបាច់ចំណាយពេលដើម្បីខាតវ័យក្មេងធ្វើអ្វី? កុំនិយាយថាយើងរស់ដើម្បីតែបច្ចុប្បន្ន អត់គិតពីថ្ងៃស្អែក។ ខុសហើយ មានមនុស្សជាច្រើនពួកគេបានមានគម្រោងសម្រាប់ខ្លួនឯងតាំងពីយូរណាស់ហើយ។ ហើយពួកគេមានទំនួលខុសត្រូវដើម្បីអនុវត្តវា។
កុំទម្លាក់កំហុសថាស្នេហាគឺផ្អែកលើអារម្មណ៍មិនអាចកំណត់បាន ហើយក៏មិនអាចថ្លឹងថ្លែងបាន។ វាអាចត្រូវមួយភាគមែន តែយ៉ាងហោចណាស់អ្នកក៏គួរតែប្រាកដប្រជាជាមួយវាតាំងពីដំបូងដែរ។ យើងគួរតែជៀសវាងមនោសញ្ចេតនាណាដែលដឹងថាគ្រាន់តែជាការលេងសើច នាំតែខាតពេលវេលា និងទឹកភ្នែក។
ការពិតទៅខ្ញុំស្គាល់បងស្រីម្នាក់ ឆ្នាំនេះអាយុ២៧ឆ្នាំហើយ តែនៅតែស្រពិចស្រពិលនឹងរឿងស្នេហារបស់ខ្លួនខ្លាំងណាស់។ ដោយសារតែសង្សាររបស់គាត់មិនសន្យាអ្វីទាំងអស់ ហើយក៏គ្មានគម្រោងអ្វីសម្រាប់ថ្ងៃអនាគតដែរ។ គាត់ប្រាប់ថាគ្រាន់តែស្រលាញ់គ្នាទៅបានហើយ ព្រោះគាត់អត់ហ៊ានធានាអ្វីឡើយ។
សម្ដីគេអាចនិយាយអ្វីក៏បាន តែសួរថាពេលវេលានឹងចាំយើងដែរទេ? អ្នកណានឹងសងយុវភាពនេះឲ្យយើងវិញបើថ្ងៃមួយស្រលាញ់គ្នាអស់៥ ៦ឆ្នាំហើយគេចង់បែកនោះ? គេថាមនុស្សប្រុសដូចមាសទឹកដប់ ដូចនេះហើយចង់ពេលវេលាកន្លងទៅយ៉ាងណាក៏គេមិនបារម្ភដែរ តែសម្រាប់មនុស្សស្រីវិញ ពេលវេលាដែលកន្លងផុតហើយមិនងាយត្រលប់មកវិញនោះទេ។
កុំគិតថាខ្លួននៅក្មេងចង់ស្រលាញ់អ្នកណា ឬធ្វើអ្វីក៏បាននោះ។ ធ្មេចបើកៗ អាយុចង់ជ្រេទៅហើយ ត្រូវច្បាស់ថាមនោសញ្ចេតនាដែលខ្លួនកំពុងមានមិនមែនជារឿងលេងសើច ហើយអាចយកជាការបាន៕