១០ យ៉ាងហាមធ្វើ បើមិនចង់បាត់បង់មិត្តភ័ក្ដិជិតស្និទ្ធ
- 2017-06-08 02:10:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ យ៉ាងហាមធ្វើ បើមិនចង់បាត់បង់មិត្តភ័ក្ដិជិតស្និទ្ធ
មិត្តភ័ក្ដិគឺប្រៀបដូចជាគ្រួសារទីពីររបស់គ្រប់គ្នា។ យ៉ាងណាមិញមិត្តភ័ក្ដិល្អដែលស្និទ្ធស្នាល និងស្មោះត្រង់ជាមួយយើងបំផុតគឺមិនងាយនឹងរកបាននោះទេ មួយជីវិតយើងអាចមានមិត្តបែបនេះតែម្នាក់ពីរនាក់ផងក៏មិនដឹង ដូច្នេះបើយើងមានពួកគេ ត្រូវព្យាយាមថែរក្សាមិត្តភាពនេះឲ្យបានខ្លាំងបំផុត។ បើចង់ថែរក្សាទំនាក់ទំនងរវាងមិត្តជិតស្និទ្ធរបស់អ្នកកុំឲ្យប្រេះស្រាំនោះ អ្នកគួរតែចៀសវាងនូវទង្វើអវិជ្ជមានចំនួន ១០យ៉ាងខាងក្រោមនេះ៖
១០. គិតតែរឿងខ្លួនឯង តែមិនខ្វល់សុខទុក្ខអ្នកណាទាំងអស់
ពេលខ្លះមិត្តភ័ក្ដិក៏គ្រាន់តែចង់ឲ្យយើងចាប់អារម្មណ៍ពីគេខ្លះ មិនមែនឲ្យតែមានពេលនិយាយគ្នា ក៏គិតតែនិយាយតែរឿងខ្លួនរហូតមិនខ្វល់ថាមិត្តរបស់យើងក៏កំពុងមានបញ្ហាចង់ចែករំលែក ឬធុញទ្រាន់ប៉ុណ្ណាដែលត្រូវស្ដាប់តែរឿងយើងរហូត។
៩. ចូលចិត្តឲ្យមិត្តភ័ក្ដិប៉ាវ ដោយយកលេសថាគេអ្នកមាន
កុំធ្វើជាមនុស្សដែលពូកែសុំ បើទោះជាមិត្តរបស់អ្នកជាអ្នកមានប៉ុណ្ណា ក៏កុំហើបមាត់សុំអ្វីពីគេញឹកញាប់ពេក ព្រោះបើទោះជាគេមាន ក៏មិនមែនមានន័យថាត្រូវមកចាយវាយខ្ជះខ្ជាយមកលើយើងនោះទេ ហើយម្យ៉ាងទៀតគ្មានអ្នកណាចង់មានមិត្តដែលមើលទៅមិនដូចជាមិត្ត ប៉ុន្តែដូចជាអ្នកដែលចាំជញ្ជក់យកផលប្រយោជន៍ទៅវិញ។
៨. ចូលចិត្តនិយាយយកតែឈ្នះ
ធ្លាប់ឮគេនិយាយឬអត់ថា “បើយើងមិននិយាយ ក៏គេមិនថាយើងគ ឬល្ងង់ដែរ” ដូច្នេះហើយពេលខ្លះបើយើងនិយាយទៅហើយធ្វើឲ្យភាគីម្ខាងទៀតហាក់ដូចជាល្ងង់នោះក៏មិនគួរនឹងនិយាយចេញដែរ។ មានមនុស្សជាច្រើនដែលបាត់បង់មិត្តភ័ក្ដិដោយសារការចូលចិត្តយកឈ្នះរៀងៗខ្លួន។
៧. ព្យាយាមធ្វើខ្លួនដូចជាមេ ឬ Super Star ប្រចាំក្រុម
ការដែលចូលចិត្តធ្វើឲ្យខ្លួនឯងលេចធ្លោគ្រប់ពេលវេលា ពេលខ្លះក៏ធ្វើឲ្យអ្នកដទៃមិនចូលចិត្តដែរ សូម្បីតែមិត្តជិតស្និទ្ធរបស់អ្នកក៏ដោយ។ ម្យ៉ាងទៀតអ្នកដទៃមិនមែនកើតមកដើម្បីរណបអ្នកនោះទេ ដូច្នេះបើអ្នកតាំងខ្លួនខ្ពស់ពេកក៏អាចធ្វើឲ្យបាត់បង់មិត្តបានដែរ។
៦. ប្រដៅមិត្តគ្រប់រឿង ធ្វើដូចខ្លួនជាម្ដាយគេ
ការព្រួយបារម្ភពីមិត្តភ័ក្ដិក៏ជារឿងល្អ ប៉ុន្តែការដែលទៅស្ដីឲ្យ និងចាំរិះគន់មិត្តគ្រប់រឿងធ្វើដូចគេជាកូនតូចរបស់អ្នកពេកនោះ គឺចូលលក្ខណៈលើសហើយ។ ធ្វើបែបនេះមិត្តនឹងព្យាយាមនៅឆ្ងាយពីយើងបន្តិចម្ដងៗ ព្រោះធុញនឹងពាក្យសម្ដីដែលយើងនិយាយ។
៥. ប្រើពាក្យធ្ងន់ៗព្រោះគិតថាមិត្តជិតស្និទ្ធ
ចំនុច Sensitive របស់មនុស្សយើងអាចមានខុសៗគ្នា ជួនកាលការនិយាយពាក្យធ្ងន់ៗជាមួយមិត្តភ័ក្ដិរហូតធ្លាប់មាត់ដោយគិតថាគេមិនខឹង នោះក៏មិនមែនមានន័យថាគេមិនខឹងគ្រប់ពេលនោះដែរ។ ពាក្យសម្ដីខ្លះធ្ងន់ធ្ងរពេកក៏អាចបង្កឲ្យមានការអន់ចិត្ត រហូតប៉ះពាល់ដល់មិត្តភាពបានដែរ។
៤. ស្និទ្ធស្នាលជាមួយសង្សារមិត្តខ្លាំងពេក
ការរួសរាយរាក់ទាក់ក៏ជារឿងល្អ ប៉ុន្តែការដែលទៅរួសរាយជាមួយសង្សាររបស់មិត្តភ័ក្ដិខ្លាំងពេក ក៏អាចធ្វើឲ្យមិត្តរបស់យើងយល់ច្រឡំ គិតថាយើងនឹងដណ្ដើមមនុស្សរបស់គេ។ ម្យ៉ាងទៀតស្នេហាក៏អាចធ្វើឲ្យមនុស្សខ្វាក់ភ្នែកស្រាប់ទៅហើយ ដូចនេះបញ្ហាគឺងាយនឹងកើតមានបើអ្នកមិនប្រុងប្រយ័ត្ន។
៣. ខ្ចីហើយបាត់មុខ ពេលមានទុក្ខទើបលេចមុខវិញ
គឺថាសម្រាប់មិត្តជិតស្និទ្ធចង់ខ្ចីអីក៏ឲ្យដែរ តែសុំតែម្យ៉ាងទេ ខ្ចីហើយជួយសងផង! ទោះបីពេលខ្លះរបស់ដែលខ្ចីនោះតូចតាច ប៉ុន្តែវាក៏អាចធ្វើឲ្យខូចអារម្មណ៍រវាងគ្នានឹងគ្នា ហើយបើខ្ចីមិនសងកាន់តែញឹកញាប់នេះទៀត មិនត្រឹមតែខូចអារម្មណ៍ទេ គឺអាចប្រកាសហែកកេរ្តិ៍តាមហ្វេសប៊ុកផងក៏ថាបាន។
២. ចូលចិត្តគិតថាជាមិត្តនឹងគ្នាត្រូវដឹងគ្រប់រឿង សូម្បីតែរឿងឯកជន
ព្រោះយើងមិនមែនជាកូនភ្លោះដែលកើតមកជាប់គ្នាពីកំណើតនោះទេ ដូច្នេះគួរទុកចន្លោះឯកជនខ្លះឲ្យមិត្តភ័ក្ដិផង។ ពេលខ្លះត្រូវគិតថា ជាមិត្តនឹងគ្នាមែន ប៉ុន្តែគេក៏ចង់មានជីវិតឯករាជ្យផ្ទាល់ខ្លួនខ្លះដែរ។
១. ចូលចិត្តនិយាយដើមមិត្តខ្លួនឯងពីក្រោយខ្នង
ចំណុចនេះសំខាន់ណាស់ គឺអ្នកអាចនឹងគិតថានិយាយក្រោយខ្នងគេៗម៉េចនឹងដឹង ប៉ុន្តែត្រូវដឹងថាលើលោកនេះគ្មានអាថ៌កំបាំងទេ។ ហ៊ានតែថ្ងៃណាមួយមិត្តរបស់អ្នកដឹងថាអ្នកនិយាយដើមគេអាក្រក់ៗពីក្រោយខ្នងនោះ គឺប្រាកដជារឿងធំ ព្រោះគ្មាននរណាអារម្មណ៍ល្អដែលត្រូវមិត្តយករឿងរបស់ខ្លួនទៅនិយាយឲ្យអ្នកដទៃស្ដាប់ទទេៗនោះទេ ៕