ស្រី​ៗ!​ បើ​សួរ​រក​លក្ខណៈ​ពិសេស​របស់​ស្ត្រី​ខ្មែរ​ ឆ្លើយ​ចេញ​អត់?

  • 2017-01-19 02:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មើល៍​ស្រី​ៗ!​ បើ​សួរ​ថា​ «អ្វី​ជា​លក្ខណៈ​ពិសេស​របស់​ស្ត្រី​ខ្មែរ​?» ឆ្លើយ​ចេញ​ទេ?​ ពិត​ណាស់​ថា​ពួក​យើង​មាន​ចំណុច​ពិសេស​ជា​ច្រើន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ សាក​មក​មើល​មតិ​យុវវ័យ​ខាង​ក្រោម​នេះ​បន្តិច​មើល៍៖

កំពុង​អង្គុយ​អាន​មេរៀន​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​​ ស្រី​ស្អាត ឪ ស៊ី​លីន​ បាន​បញ្ជាក់​ មក​កាន់​ 'កញ្ញា​' ថា​ភាព​រាក់ទាក់​ និង​ការ​គោរព​​ជា​ចំណុច​ពិសេស​របស់​ស្ត្រី​ខ្មែរ។​ «ខ្ញុំ​គិត​ថា​ បើ​មើល​ជា​ទូទៅ​ស្ត្រី​ខ្មែរ​ចេះ​រាក់ទាក់​ ដូច​ជា​​ញញឹម​ ហើយ​ចេះ​គួរ​សម​អី​ជាដើម​ហ្នឹង​បង​! ហើយ​ម្យ៉ាង​ទៀត​ស្រី​ៗ​ខ្មែរ​យើង​ក៏​ចេះ​ក្រែង​ចិត្ត​ និង​ចេះ​គោរព​គ្នា​ទៅ​វិញ​​ដែរ​» ស៊ីលីន​បន្ថែម។

ចំណែក កញ្ញា​ ហ៊ាង​ ឆេងណាន​ មាន​មុខ​របរ​ជា​​គ្រូ​បង្រៀន​អង់គ្លេស​នៅ​សាលា​ឯក​ជន​មួយ​ក៏​បាន​បញ្ជាក់​ដែរ​ថា៖ «ចំពោះគំនិតខ្ញុំ​ ស្ត្រី​ខ្មែរ​ជា​ស្ត្រី​មេផ្ទះ​ដ៏​ល្អ​, ពូកែ​ធ្វើ​ម្ហូប,​ ​ចេះ​ស្រឡាញ់​ប្ដី និង​ចេះ​មើល​ថែ​កូន​ៗ​បាន​ល្អ។ ខ្ញុំពិតជាចូលចិត្តចំណុចនេះណាស់។»

«​បង​គិត​ថា​ បើ​និយាយ​ពី​ចំណុច​ពិសេស​ យើង​ចៀស​មិន​រួច​ពី​និយាយ​ពី​ភាព​ស្មោះ​ត្រង់ ចេះ​គួរសម​​របស់​ស្ត្រី​ខ្មែរ​នោះ​ទេ» នេះ​ជា​ការ​លើក​ឡើង​របស់​បង​ស្រី​ ស្រេង​ ដាលីន​ ដែល​ទើប​នឹង​រៀប​ការ​ថ្មី​ៗ។ ស្ត្រី​មេផ្ទះ​មក​ពី​ខេត្ត​កំពុង​ចាម​រូប​នេះ​ក៏​បាន​បន្ថែម​ដែរ​ថា​ «ពួក​ស្ត្រី​យើង​ច្រើន​ចេះ​គោរព​ឪពុក​ម្ដាយ​ ចាស់​ទុំ​ និង​ចេះ​ស្មោះ​ត្រង់​ជានិច្ច​ជាមួយ​ប្ដី​។ នេះជាចំណុចពិសេសដែលសាសន៍ផ្សេងពិបាកធ្វើដូច។»​​​​​

យ៉ាង​ណា​ដែរ​គ្នា​យើង​ យល់ស្រប​ជាមួយ​ពួក​គាត់​ទេ​?​ មាន​អ្វី​ចង់​បន្ថែម​អត់?!

អត្ថបទ៖ Chhai Yarith