អ្នកស្រីឌី ម៉ាឡែន៖ «ខ្ញុំ​ជោគជ័យ​លើ​ការ​ច្នៃ​ម៉ូដ​ ដោយសារ​ខ្ញុំមិន​​រំលង​មូលដ្ឋាន​គោល ​នៃ​ហូល​ផាមួងខ្មែរ»

  • 2016-12-20 01:54:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នករចនាម៉ូដដ៏មានកេរ្តិ៍ឈ្មោះ អ្នកស្រី ឌី ម៉ាឡែន បានពុះពារលើវិស័យនេះអស់ជាច្រើនឆ្នាំ ដោយជ្រើសរើសសូត្រខ្មែរជាចំណុច​គោលក្នុងការច្នៃម៉ូដ ហើយថែមទាំងបាននាំចេញសូត្រខ្មែរដែលច្នៃរួច​ទៅបង្ហាញក្នុងឆាកអន្តរជាតិថែមទៀតផង។

ភាព​ច្នៃ​ប្រឌិត​ខ្ពស់ មាន​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ច្នៃ​ម៉ូដ ចេះ​សិក្សា​និង​ឆ្លើយ​តប​ចំពោះ​តម្រូវការ​អតិថិជន​ កត្តារួម​ផ្សំ​ទាំង​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​​លោកស្រី​ទទួល​បាន​ជោគជ័យ​លើ​អាជីព​ច្នៃម៉ូដ។ ក្រោយ​​​​ហាង​​កាត់ដេរ​ប៉ារ៉ាឌី មាន​​ឈ្មោះ​​ល្បីល្បាញ​ក្នុង​​ទីក្រុង​​ភ្នំពេញ អ្នកស្រី ឌី ម៉ាឡែន អ្នក​​​រចនាម៉ូដ និង​​ជា​​អ្នក​គ្រប់គ្រង​​ហាង​កាត់​ដេរ​​ប៉ារ៉ាឌី​​បាន​​បើក​​ហាង​​សម្អាងការ​ប៉ារ៉ាឌី​ មួយ​​ផ្សេង​​ទៀត ដោយ​​ទទួល​​បាន​ប្រជាប្រិយភាព​បំផុត​ក្នុង​តារាង​អ្នក​ច្នៃម៉ូដ​ក្នុង​ប្រទេស។

ប្រឡូក​ក្នុង​អាជីព​នេះ​អ្នកស្រី​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ និងរក​អ្វី​ថ្មីៗ រហូត​សម្អាងការ​មួយ​នេះល្បីល្បាញ​ខ្លាំង ខណៈ​ទើប​តែ​ដំណើរការ​ ៣ ​ឆ្នាំ​ប៉ុណ្ណោះ​មក​ទល់ពេល​នេះ​។ ត្រង់​ចំណុច​នេះ​អ្នកស្រី បាន​ឱ្យ​ដឹង​ថា នេះ​ក៏​ដោយសារ​តែ ​អ្នកស្រី​មាន​ហាង​កាត់ដេរប៉ារ៉ាឌី ដែល​អាយុកាល​ជាង ១០ ឆ្នាំ ជាគ្រឹះដ៏​រឹងមាំ​នៃ​សេចក្ដី​ទុក​ចិត្តរបស់អតិថិជន​​។

យ៉ាងណាក៏ដោយ អ្នកស្រី​បាន​សង្កត់​ធ្ងន់​ថា បើ​ទោះ​មាន​ដើមទុន​ច្រើន មានកេរ្តិ៍​ឈ្មោះ​ល្បី​ហើយ មិន​ប្រាកដ​ថា ទៅ​បើក​អាជីវកម្ម​​មួយ​ទៀត​ បាន​ផ្លែផ្កា​ល្អ​ឡើយ ព្រោះ​ការធ្វើ​​អាជីវកម្ម ត្រូវ​ការជាចាំ បាច់នូវការ​​ស្រលាញ់ ​​តស៊ូ ​អំណត់​ព្យាយាម ​គ្រឹះ​ គោលជំហរច្បាស់លាស់ និង​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ឡើយ។

មិន​លាក់​បាំង​ទេ​អ្នកស្រី ឌី ម៉ាឡែន ធ្លាប់​បាក់​ទឹក​ចិត្ត​ក្នុង​អាជីវកម្ម តែ​មិន​បោះ​បង់​​​ អ្នកស្រីថា មិន​ប្រាកដ​ថា បើក​​ជំនួញ​​មួយ​ទទួល​ជោគជ័យ បើកមួយ​ទៀត​បាន​ជោគជ័យ​ទេ ប៉ុន្តែភាពបរាជ័យគឺជា​មេរៀន​ឈានទៅរកភាព​ជោគជ័យ។

ខណៈ​យុវវ័យ​បច្ចុប្បន្ន​មាន​និន្នាការ​និយម​របស់ Brand Brand នាំ​ចូល​ពី​បរទេស ហើយ​អ្នក​ខ្លះ​ទៀត​និយាយ​ថា ហូល​ផាមួង​​ខ្មែរ​​មាន​ការ​ពិបាក​ក្នុង​ការ​ស្លៀកពាក់ ទាំង​នេះ​គឺ​ជា​កង្វល់​របស់​អ្នក​ច្នៃ​ម៉ូដ​​គ្រប់​រូប។ ឆ្លើយ​តប​ទៅ​នឹង​ការ​បាត់​បង់​នៃ​ការ និយម​សម្លៀក​បំពាក់​ខ្មែរ​ធ្វើ​ពី​​សូត្រ ឬ​ក៏​ហូល​ផាមួង ​​អ្នកស្រី​ម៉ាឡែន នឹង​បន្ត​យក​ហូល​​ផាមួង​ខ្មែរ​មក​ច្នៃ​ជា​ម៉ូដ​សម័យ ឲ្យ​បាន​កាន់​តែ​ច្រើន អ្នកស្រី​ថា «ក្នុង​នាម​ជា​អ្នក​ច្នៃ​ម៉ូដ​ម្នាក់​យើង​ត្រូវ​ចេះ​ស្រលាញ់​នូវ​អ្វី​ដែល​វប្បធម៌​ប្រពៃណី​របស់​ជាតិ យើង​ឈឺចាប់​ណាស់​ពេល​ឃើញ​គេ​បោះបង់​ចោល​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ»។

អ្វី​ជា​​ក្ដី​ព្រួយ​​​បារម្ភ​​ចំពោះ​​អាជីវកម្ម ក្នុង​​​ពេល​​អនាគត? «បារម្ភ​​រាល់​ថ្ងៃ តែ​មិនមែន​​បា​រម្ភ​ថា ធ្វើ​អី​​ចាញ់​​គេ​​ទេ គឺ​ខ្លាច​​ភាព​ដដែលៗ ហើយ​ត្រូវ​គិត​ថា អតិថិជន​ចង់​បាន​អ្វី?"។ អ្នកស្រី​បន្ថែម។

ព័ត៌មាន​លម្អិត សូម​ទស្សនា​ការ​បកស្រាយ​របស់​អ្នកស្រី ម៉ាឡែម វគ្គ Coffee Time នៃ​កម្មវិធី ៣០ដេលី កាល​ពី​ថ្មីៗ​នេះ៖

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម