កុំគិតថាមិនអី! អ្នកអាចក្លាយជាជនរងគ្រោះឆ្លង Covid-19 បើនៅសប្បាយបន្តធ្វើវា
- 2020-03-27 07:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំគិតថាមិនអី! អ្នកអាចក្លាយជាជនរងគ្រោះឆ្លង Covid-19 បើនៅសប្បាយបន្តធ្វើវា
ក្រៅពីមនុស្សចាស់មានជំងឺប្រចាំកាយ អ្នកជក់បារីនិងអ្នកផឹកស្រា ក៏ត្រូវបានគេយល់ថាងាយប្រឈមនឹង Covid 19 ផងដែរ។
តាមការសិក្សាពីដេប៉ាតឺម៉ង់ចិត្តសាស្រ្តនិងវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ លោកវេជ្ជបណ្ឌិត Ratsook Kalayasiri គូសបញ្ជាក់ថា អ្នកចូលចិត្តផឹកស្រាងាយបង្កើតឱកាសឆ្លង ដោយសារស្រាអាចបំផ្លាញប្រព័ន្ធភាពស៊ាំ បណ្ដាលឲ្យកោសិកាឈាមសមិនអាចសម្លាប់មេរោគក្នុងរាងកាយបាន។ ហានិភ័យកាន់តែធ្ងន់ បើពួកគេផឹកជុំគ្នាជាវង់ជាមួយមិត្តភក្កិ ឬក្រុមមនុស្សច្រើន នោះកាន់តែងាយចម្លងទៅអ្នកដទៃ។ ពេលអង្គុយក្បែរគ្នា ងាយឆ្លងតាមរយៈខ្យល់ដង្ហើម បើមាននរណាម្នាក់ក្អក ឬកណ្ដាស់វាងាយចម្លងគ្នាណាស់ក្នុងកាលៈទេសៈនេះ ឬបើពួកគេប្ដូរកែវគ្នាផឹកទៀត វាក៏អាចឆ្លងតាមរយៈទឹកមាត់ថែមទៀត ។
ដូច្នេះសម្រាប់អ្នកតែងផឹកស្រាញឹកញាប់ ដាច់ខាតត្រូវយកចិត្តទុកដាក់សុខភាពឲ្យបានខ្ពស់ជាងអ្នកដទៃ។ ទន្ទឹមនឹងនេះ ការសិក្សាបានរកឃើញថា អ្នកផឹកស្រាច្រើន ងាយវិវត្តទៅជាជំងឺសួត ២ , ៩ ដង និងអត្រាស្លាប់ ១៣ ,៥ % ក្នុងចំណោមអ្នកជំងឺរបេង និងរលាកសួត ផងដែរ។
ចំណែកអ្នកជក់បារីវិញ លោកវេជ្ជបណ្ឌិត Wasin Phiphatanachat ជំនួយការនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងចំណេះដឹងសម្រាប់ការទប់ស្កាត់ថ្នាំជក់ និយាយថា កត្តាងាយឆ្លងរបស់ពួកគេមានដូចជា៖ ជាទូទៅ បារីបំផ្លាញសួត ប្រព័ន្ធដង្ហើម រួមនឹងសុខភាពងាយចុះខ្សោយ ហើយបើជក់រយៈពេលយូរទៀតនឹងធ្វើឲ្យកើតជំងឺរលាកសួតរ៉ាំរ៉ៃ ដែលនេះជាហានិភ័យកាន់តែខ្លាំង។ យោងតាមរបាយការណ៍ពីប្រទេសចិន អត្រាអ្នកជំងឺ Covid 19 ស្លាប់ដោយជក់បារីមាន ១៤ដង ជាងអ្នកមិនជក់។ លើសពីនេះ បើបារីមួយដើម ពួកគេចែកគ្នាជក់ច្រើននាក់ ការឆ្លងតាមរយៈទឹកមាត់ ងាយកើត Covid 19 បំផុត។ ផ្អែកតាមព័ត៌មានកន្លងមក នៅប្រទេសថៃ ធ្លាប់មានអ្នកឆ្លងជំងឺនេះតាមរយៈបារី ផងដែរ។
ម្ល៉ោះហើយអ្នកជំនាញផ្នែកសុខភាពជាច្រើនណែនាំថា "ដល់ពេលត្រូវឈប់ជក់បារីហើយ ព្រោះបើសុខភាពអ្នកមិនល្អ អ្នកនឹងក្លាយជាជនរងគ្រោះងាយឆ្លង Covid 19 បំផុត"។ ផ្អែកតាមរបាយការណ៍ពីសេវាសុខភាពសាធារណៈរបស់ប្រទេសអង់គ្លេស នៅពេលអ្នកឈប់បារី សុខភាពបេះដូងអ្នកអាចវិលមកកម្រិតធម្មតាវិញ ។ កម្រិតសម្ពាធឈាមកើនឡើងចាប់ផ្តើមចុះថយ កោសិកាឈាមក៏វិវត្តមកជាមានភាពល្អប្រសើរដោយអាចជួសជុលកោសិកាដែលងាប់ៗក្នុងសួតឲ្យត្រលប់មកសុខភាពល្អ និងដំណើរការបានវិញផងដែរ។
ដើម្បីពង្រឹងសុខភាពសួត ថ្លើមនិងទប់ស្កាត់ការប្រឈមពីជំងឺ Covid 19 ទាំងអ្នកជក់បារី និងផឹកស្រា គប្បីបញ្ឈប់ទម្លាប់ទាំងនេះ។ ងាកមកថែទាំសុខភាព ការពារខ្លួនឯងដោយកុំជួបជុំជាមួយមនុស្សច្រើន កុំប្រើសម្ភារៈរួមគ្នា ញ៉ាំអាហារសុខភាព ធ្វើលំហាត់ប្រាណឲ្យរាងកាយរឹងមាំ ពាក់ម៉ាស លាងដៃឲ្យបានញឹកញាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ៕
អានបន្ត របៀបធ្វើតេស្តរកជំងឺ Covid-19 ដោយខ្លួនឯង