​ជំងឺ​ធំៗ​៥យ៉ាង​អាច​ទប់​ស្កាត់​បាន បើ​​ញ៉ាំ​ត្របែក​ឱ្យ​បាន​ជា​ប្រចាំ

  • 2020-03-12 11:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ផ្លែ​ត្របែក​មាន​សារធាតុ​សំខាន់ៗ​ជា​​ច្រើន​ដែល​​ផ្ដល់​ផល​ប្រយោជន៍​ដល់​ស្បែក និង​សុខភាព​មនុស្ស។ វា​មាន​​​ខ្លាញ់​ឆ្អែត​ខ្លួន​ ខូលេស្តេរ៉ូល​ និង​ជាតិ​សូដ្យូម​ទាប តែ​សម្បូរ​ទៅ​ដោយ​ជាតិ​កាក​សរសៃ វីតាមីន​ C និង A ស័ង្កសី ប៉ូតាស្យូម និង​ម៉ង់កាណែស​ដែល​អាច​ជួយ​សម្រួល​​​ប្រព័ន្ធ​រំលាយ​អាហារ ការ​ថែ​រក្សា​សម្រស់ និង​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​បាន​ច្រើន​យ៉ាង។

យើង​នឹង​មក​មើល​គុណ​ប្រយោជន៍​ដ៏​លើស​លប់​របស់​ផ្លែ​ត្របែក​សម្រាប់​​ជីវភាព​ប្រចាំ​ថ្ងៃ​ដែល​ប្រហែល​មាន​មនុស្ស​តិច​ណាស់​​អាច​ដឹង។

១. ទប់​ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់

យោង​តាម​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជា​ច្រើន​បាន​រក​ឃើញ​ថា កាល​ណា​រាង​កាយ​​​ទទួល​បាន​អាហារ​ដែល​មិន​សូវ​មាន​ជាតិ​កាក​សរសៃ​ទេ​នោះ វា​អាច​ប្រឈម​នឹង​​ការ​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​អាហារ​ដែល​ញ៉ាំ​ចូល​ទៅ​នោះ​នឹង​ប្រែ​ខ្លួន​ទៅ​ជា​ជាតិ​ស្ករ។

ដោយ​សារ​តែ​ក្នុង​ផ្លែ​ត្របែក​សម្បូរ​ជាតិ​កាក​សរសៃ ​ទើប​វា​មាន​​កម្រិត​ជាតិ​ស្ករ​តិច ហើយ​ក៏​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​បាន​ផង។ ក្រៅ​ពី​នេះ​ ត្របែក​នឹង​ជួយ​​កាត់​បន្ថយ​កម្រិត​ខូលេស្តេរ៉ូល​ក្នុង​ឈាម ការ​ពារ​ដំណើរ​ការ​ដែល​នាំ​ឱ្យ​ឈាម​ទៅ​ជា​ខាប់ ​​ទប់​ស្កាត់​បញ្ហា​ស្ទះ​សរសៃ​ឈាម​ និង​ជួយ​ឱ្យ​ឈាម​រត់​បាន​ស្រួល។

២. ទប់​ស្កាត់​មហារីក

ការ​សិក្សា​ផ្សេង​ទៀត​ក៏​បាន​រក​ឃើញ​ថា សារធាតុ​​លីកូពីន​ដែល​មាន​នៅ​ក្នុង​ស្លឹក​ត្របែក​​អាច​ជួយ​ការពារ​ជំងឺ​មហារីក​បាន។ មិន​តែ​ប៉ុណ្ណោះ អាស៊ីត​ហ្វូលិច​ដែល​មាន​ក្នុង​ផ្លែ​ត្របែក​ទាំង​មូល​ក៏​អាច​កាត់​បន្ថយ​មហារីក​ក្រពះ​បាន​ទៀត​ផង។

៣. ទប់​ស្កាត់​ជំងឺ​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ក្រពះ​និង​ពោះវៀន​តូច

កុំ​គិត​ថា​ ការ​ញ៉ាំ​ត្របែក​ច្រើន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រំលាយ​អាហារ​ដូច​ដែល​មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​នោះ​អី។ ការ​ពិត​ត្របែក​ល្អ​បំផុត​សម្រាប់​ដំណើរ​ការ​រំលាយ​អាហារ ព្រោះ​វា​មាន​ជាតិ​ប៉ូតាស្យូម សារធាតុ​ Carotenoid ដែល​ជា​ជាតិ​ពណ៌​លឿង ឬ​ក្រហម ផ្កា​ឈូក​នៅ​ក្នុង​ផ្លែ​ឈើ និង​វីតាមីន​ C ដែល​ជួយ​ព្យាបាល​ការ​រលាក​ក្រពះ សម្រួល​ដំណើរ​ការ​រំលាយ​អាហារ​ឱ្យ​ដើរ​ស្រួល ទប់ស្កាត់​និង​ព្យាបាល​រាករូស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៤. ទប់​ស្កាត់​ជំងឺ​ធាត់

​ផ្លែ​ត្របែក​អាច​ចូ​លទៅ​បណ្ដេញ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ និង​ធ្វើ​ឱ្យ​រាងកាយ​ស្លីម​ស្អាត​បាន។ ជា​ពិសេស​សម្រាប់​ប្រភេទ​ត្របែក​​ដែល​មាន​សាច់​ផ្កាឈូក​មាន​សារធាតុ​លីកូពីន​ច្រើន​ជាង​ផ្លែ​ប៉េងប៉ោះ​ទៅ​ទៀត​ដែល​មិន​ត្រឹម​តែ​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​​ទាក់​ទង​នឹង​ភាព​ធាត់ តែ​ថែម​ទាំង​អាច​ទប់​ស្កាត់​ជំងឺ​ផ្សេងៗ​ដូច​ជា​ទឹក​នោម​ផ្អែម​ និង​ហានិភ័យ​នៃ​ជំងឺ​​ពាក់ព័ន្ធ​នឹង​សរសៃ​ឈាម​បេះដូង​បាន​ទៀត​ផង។

៥. ទប់​ស្កាត់​ការ​កើត​ជំងឺ​ខ្វះ​ឈាម​ក្រហម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ពី​គុណ​ប្រយោជន៍​ដ៏​សំខាន់​មួយ​នេះ។ សម្រាប់​អ្នក​ជំងឺ​ខ្វះ​ឈាម​ក្រហម​ ក្រៅ​ពី​ញ៉ាំ​អាហារ​ឱ្យ​បាន​គ្រប់​គ្រាន់​ ផឹក​ថ្នាំ​ជាតិ​ដែក​ជា​ប្រចាំ​ហើយ ការ​ញ៉ាំ​ផ្លែ​ត្របែក ឬ​ផឹក​ទឹក​ត្របែក​រាល់​ថ្ងៃ​ក៏​អាច​ជួយ​ព្យាបាល​ជំងឺ​នេះ​បាន​ដែរ ព្រោះ​តែ​នៅ​ក្នុង​ផ្លែ​ត្របែក​នេះ​​​សម្បូរ​ទៅ​ដោយ​សារធាតុ​បំប៉ន​សំខាន់ៗ​ដូច​រៀបរាប់​ខាង​លើ ដែល​មាន​តម្លៃ​ក្នុង​ការ​ទៅ​បង្កើន​​កម្រិត​គោលិកា​ក្រហម​បាន​យ៉ាង​ល្អ។

​ក្រៅ​ពី​ជំងឺ​ធំៗ​ខាង​លើ​នេះ ត្របែក​ក៏​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សុខភាព​និង​សម្រស់​ផ្សេង​ទៀត​ដូច​ជា៖

-បំបាត់​អាការៈ​ឈឺ​ធ្មេញ៖ ផឹក​ទឹក​​ដែល​ពូត​ពី​ស្លឹក​ត្របែក​អាច​កាត់​បន្ថយ​ការ​ឈឺ​ធ្មេញ​​បាត់​ដូច​គេ​បេះ។ ក្រៅ​ពី​នេះ​ ស្លឹក​ត្របែក​ក៏​អាច​ព្យាបាល​ការ​ហើម​អញ្ចាញ និង​ដំបៅ​ក្នុង​មាត់​បាន​ទៀត។

-សម្រាប់​អ្នក​ផ្ទៃ​ពោះ៖ អាស៊ីត​ហ្វូលិក និង​វីតាមីន B9 ​ក្នុង​ផ្លែ​ត្របែក​ល្អ​បំផុត​សម្រាប់​ការ​លូត​លាស់​​ប្រព័ន្ធ​ប្រសាទ​របស់​គភ៌ និង​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ប្រសាទ​របស់​ទារក។

-ជំនួយ​ភ្នែក៖ វីតាមីន​ A ក្នុង​ផ្លែ​ត្របែក​មិន​ត្រឹម​តែ​អាច​ទប់​ស្កាត់​ការ​ចុះ​អន់​ខ្សោយ​នៃ​ការ​មើល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជំរុញ​ការ​មើល​ឱ្យ​បាន​ច្បាស់​ជាង​មុន​ទៀត​ផង៕​

ប្រភព៖ NDTV | kenhphunu ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម