៥ យ៉ាងមិនគួរស្នើសុំឲ្យដៃគូធ្វើ ដើម្បីតម្រូវចិត្តខ្លួនឯង

  • 2020-02-25 04:30:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 113

ថ្វី​ត្បិត​តែ​ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​​ខុស​ៗ​គ្នា ទៅ​តាម​បែបបទ​នៃ​គ្រួសារ វប្បធម៌​​ប្រពៃណី ឬ​ប្រទេស​ក៏​ដោយ នៅ​តែ​មាន​ចំណុច​មួយ​ចំនួន​ ដែល​មនុស្ស​យើង​​​មាន​លក្ខណៈ​ស្រដៀង​ឬ​ដូច​គ្នា​តែ​ម្តង។

ចំណុច​ពិសេស​ទាំង​​នោះ​ហើយ ដែល​ធ្វើឲ្យ​មនុស្ស​ពីរ​នាក់​មាន​អារម្មណ៍​ល្អ​នឹង​គ្នា រហូត​​ដល់​លង់​ស្នេហ៍​ជ្រាលជ្រៅ​បាត់​មុខ​មិន​បាន។ គ្រប់​យ៉ាង​អាច​នឹង​ស្រស់​បំព្រង​នា​គ្រា​ដំបូង ប៉ុន្តែ​ចូល​ដល់​ដំណាក់​កាល​មួយ មិន​ថា​​ភាគី​ម្ខាង​ណា​ក៏​ដោយ ឲ្យ​តែ​មាន​ភាព​អាត្មានិយម​ ចង់​ទាមទារ​ឲ្យ​ដៃ​គូ​ផ្គាប់​ចិត្ត​ខ្លួន​​ឯង​ខ្លាំង​ពេក ស្នេហា​ច្បាស់​ជា​រង្គោះរង្គើ​មិន​ខាន​ទេ។​

រូបតំណាង

១. ទាម​ទារ​ឲ្យ​ដៃ​គូ​​លាក់​បាំង​ទំនាក់​ទំនង​ជិត​ឈឹង

​មាន​អ្នក​ខ្លះ​ជ្រើស​រើស​ទំនាក់ទំនង​​ស្នេហា​​​​បែប​ឯកជន ឯ​ខ្លះ​ទៀត​​បង្ហាញ​ឲ្យ​គេ​ឯង​ដឹង​ដោយ​មិន​លាក់លៀម​ ទោះ​បី​មិន​ដឹង​ថា​ថ្ងៃ​មុខ​មាន​រឿង​អ្វី​កើតឡើង​ក៏​ដោយ។ ក្នុង​ករណី​២​នេះ វា​ជា​រឿង​ទូទៅ​របស់​គូ​ស្នេហ៍ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​​​មាន​បំណង​ចង់​លាក់​ជិត​ឈឹង ដោយ​សារ​មាន​ជន​ទី​៣​​​ជា​អាថ៌កំបាំង​នៅ​​ពី​ក្រោយ​ខ្នង ឬ​មិន​ទាន់​អាច​បំភ្លេច​ស្នេហ៍​ចាស់​បាន ​​ទើប​ជា​បញ្ហា​ធំ​។ យ៉ាង​ណា​មិន​គួរ​ភ្លេច​ពី​ដៃ​គូ​ដែល​កំពុង​តែ​ស្រលាញ់ និង​យក​ចិត្ត​ទុក​ដាក់​ពិត​​ប្រាកដ​ចំពោះ​អ្នក​នោះ​ឡើយ​។ ទោះ​បី​ស្ថិត​ក្នុង​ដំណាក់​កាល​រក្សា​ភាព​ជា​ឯកជន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក៏​ដោយ យ៉ាង​ហោច​ណាស់​អ្នក​ក្លាហាន​ហ៊ាន​ប្រាប់​មនុស្ស​ជិតស្និទ្ធ​ឲ្យ​ដឹង​ពី​ទំនាក់​ទំនាក់​មួយ​នេះ ដៃ​គូ​ច្បាស់ជា​រំភើប​ និង​មាន​មោទកភាព​​ពេក​ពន់​ណាស់​ទៅ​ហើយ។

២. ចាំ​ពឹង​ពាក់​លើ​ដៃ​គូ​ជ្រុល​ពេក

រូបតំណាង

បញ្ហា​ធំ​ចម្បង​ដែល​តែង​នាំ​ឲ្យ​រឿង​រ៉ាវ​មក​ឲ្យ​គូ​ស្នេហ៍​មិន​ចេះ​ចប់ គឺ​ការ​ចាំ​ពឹង​ពាក់​លើ​ដៃ​គូ​​ជ្រុល​ហួស​ហេតុ​ពេក មិន​ថា​អារម្មណ៍ លុយ​កាក់ ឬ​ក្តី​ស្រលាញ់​នោះ​ទេ។ ត្រូវ​ចាំ​ថា​ មាន​តែ​ការ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ប៉ុណ្ណោះ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ជំហរ​រឹងប៉ឹង ដោយ​ពុំ​ចាំ​បាច់​ពឹង​ពាក់​លើ​គេ​ច្រើន​ពេក​ ហើយ​ក៏​មិន​ផ្ញើ​សុភមង្គល​លើ​គេ​ទាំង​ស្រុង​នោះ​ដែរ។

៣. ធ្វើ​អ្វី​មួយ​ដែល​បំផ្លាញ​សុខភាព

ប្រសិន​បើ​ដៃ​គូ​​មិន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ថែរក្សា​សុខភាព ដូច​ជា​​មិន​ចង់​ឲ្យ​ទៅ​ហាត់​ប្រាណ ឬ​បង្ខំ​ឲ្យ​ជក់​បារី​ ផឹក​ស្រា​ជា​ដើម អ្នក​គួរ​ដក​ខ្លួន​ចេញ​ឲ្យ​ទាន់​ពេលវេលា ជា​ជាង​​នៅ​ទ្រាំ​ទ្រ​បំផ្លាញ​សុខភាព​កាន់​តែ​ទ្រុឌទ្រោម​ដោយ​មិន​ដឹង​ខ្លួន។ ម្យ៉ាង​ទៀត​គេ​ក៏​គ្មាន​សិទ្ធិ​អី​មក​បញ្ជា​អ្នក​ឲ្យ​ធ្វើ​តាម​គ្រប់​រឿង​ទេ ព្រោះ​បែប​នេះ វា​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​។

៤. ចង់​ឲ្យ​ដៃ​គូ​ឈប់​ធ្វើ​រឿង​អ្វី​ដែល​ជា​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន

រូបតំណាង

​នរណា​​ៗ​ក៏​ត្រូវ​ការ​​ពេលវេលា​ផ្ទាល់​ខ្លួន​ដែរ ដើម្បី​បំពេញ​នូវ​ចំណង់​ចំណូល​ចិត្ត​​ ធ្វើ​អ្វី​​ដែល​តែង​តែ​ធ្វើ​ពី​មុន​មក។ ជឿជាក់​ថា​អ្នក​ទាំង​ពីរ​មិន​អាច​ដូច​គ្នា​ទាំង​ស្រុង​ឡើយ ដូច្នេះ​ហើយ​មាន​ការ​បែងចែក​ឲ្យ​បាន​ស្មើ​គ្នា​ប៉ុណ្ណោះ ទើប​​សម​ស្រប​ទៅ​​​​នឹង​តម្រូវ​ការ​ទាំង​សង​ខាង​ ដោយ​មិន​ចាំ​បាច់​​​បង្ខំ​ឲ្យ​ដៃ​គូ​ បោះ​បង់​នូវ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ចូល​ចិត្ត​។

៥. ចង់​ឲ្យ​ដៃ​គូ​ផ្លាស់​ប្តូរ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត

គូ​ស្នេហ៍​ដែល​ស្រលាញ់​គ្នា​ពិត​ប្រាកដ នឹង​ទទួល​យក​នូវ​អ្វី​ដែល​ដៃ​គូ​មាន ដោយ​មិន​​កំណត់​លក្ខខ័ណ្ឌ។ គូ​ស្នេហ៍​​គួរ​ធ្វើ​អ្វី​ដែល​ជា​ខ្លួន​​ឯង​ ដោយ​មិន​បាច់​​ព្យាយាម​ផ្លាស់ប្តូរ​ឲ្យ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​​នោះ​ដែរ៕​​

រូបតំណាង

ចុចអានបន្ត៖ ពាក្យ​សាមញ្ញ​ៗ៥​ម៉ាត់ ដែល​​​សង្សារ​អ្នក​ចង់​ឮ​ចេញ​ពី​មាត់​អ្នក​បំផុត

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ដេត ឈុនអ៉ី