សញ្ញាបង្ហាញថា តាមពិតមិត្តប្រុសចង់បែកគ្នាយូរណាស់ហើយ គ្រាន់តែអ្នកមិនចាប់អារម្មណ៍

  • 2020-01-13 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​ទំនាក់ទំនង​ទាំង​អស់ ​គ្មាន​គូ​ណា​ដែល​ថា​គ្មាន​បញ្ហា​នឹង​គ្នា​ទេ។ ​​តែ​វា​​អាស្រ័យ​ថា​តើ​មនុស្ស​២​នាក់ ​​តាំង​ចិត្ត​ចង់​ផ្សះ​ផ្សា​​ ​ដើម្បី​កាន់​ដៃ​​បន្ត​ទៀត​ឬ​អត់? ​​រូប​ភាព​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម​របស់​​អ្នក​និង​គាត់ ​នៅ​តែ​​សើច​ស្រស់​ដាក់​កាមេរ៉ា​ដដែរ ​តែ​​​អ្នក​ធ្លាប់​សង្ស័យ​ឃើញ​ការ​លាក់​បាំង​មួយ​របស់​​ស្នេហា​នេះ​ឬ​នៅ​? ​​​ពេល​​បញ្ហា​ដើរ​​ចូល​មក ​គាត់​នៅ​​​​រឹង​មាំ​កាន់​ដៃ​​​អ្នក​តតាំង​នឹង​វា​ដូច​មុន​ឬ​អត់? ​

រូបតំណាង

​សញ្ញា​មួយ​ចំនួន​​​បាន​លេច​​ចេញ​​ខ្លះ​ៗ​ហើយ ​តែ​អ្នក​គ្រាន់​តែ​មិន​ចាប់​អារម្មណ៍​និង​បន្លប់​ចិត្ត​ខ្លួន​ឯង​ថា ​​ចាន​ក្នុង​រាវ​តែង​​ទង្គិច​គ្នា​ ​ជា​រឿង​ធម្មតា ​រហូត​លែង​ហ៊ាន​ទទួល​ស្គាល់​ថា គេ​ប្រែ​ចិត្ត​មិន​ដូច​មុន​ទៀត។ ​ខាង​ក្រោម​នេះ ​ជា​សញ្ញា​​មួយ​ចំនួន​បង្ហាញ​ថា ​​មិត្ត​ប្រុស​អ្នក​ចង់​បែក​​គ្នា​​យូរ​មក​ហើយ ​តែ​អ្នក​គ្រាន់​មិន​ដឹង​ប៉ុណ្ណោះ។

រូបតំណាង

១. ​មិន​អាន​សារ

​​​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ថា ​ពេល​ខ្លះ​សារ​ដែល​អ្នក​ផ្ញើរ​ទៅ​ គាត់​មិន​ខ្ចី​នឹង​បើក​មើល ឬ​មើល​ហើយ​តែ​មិន​តប​ដែរ​ទេ? ​នោះ​មក​ពី​គាត់​គិត​ថា ​គ្មាន​សារៈ​សំខាន់​ចំពោះ​គាត់។ គាត់​លែង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្វី​ដែល​អ្នក​​ផ្ញើរ​។ ​ជួន​កាល ​ថែម​ទាំង​​គាត់​មាន​រឿង​ជា​ច្រើន​លាក់​​បាំង ​សូម្បី​ពេល​និយាយ​ក៏​មិន​ស្ដាប់ ។ ​គាត់​ចាប់​អារម្មណ៍​លើ​រឿង​ផ្សេង​ ​ដែល​គ្មាន​វត្ត​មាន​របស់​អ្នក​​ជាង។

​២. ​​មិន​ចង់​ធ្វើ​អ្វី​រួម​គ្នា​ជាមួយ​អ្នក​

​ពេល​ស្រលាញ់​នរណា​​ម្នាក់ ​យើង​តែង​ចង់​ចែក​រំលែក​គ្រប់​យ៉ាង​ទៅ​គេ ​ចែក​រំលែក​​មិន​ថា​រឿង​ពិបាក​ចិត្ត ​ឬ​សប្បាយ​ចិត្ត​នោះ​ទេ។ ​ប៉ុន្តែ​​សម្រាប់​គាត់​វិញ ​គាត់​បែរ​ជា​​ធ្វើ​ខ្លួន​ដូច​នៅ​ម្នាក់​ឯង។ ​សូម្បី​ដើរ​លេង​ជាមួយ​​មិត្ត​ភក្កិ​ក៏​មិន​បបួល​យើង​​ទៅ​ ​ហើយ​ថែម​ទាំង​មិន​ចង់​ឲ្យ​យើង​ចូល​មក​​ក្នុង​ផ្នែក​មួយ​នៃ​ជី​វិត​​ប្រចាំ​​ថ្ងៃ​របស់​គេ។ ​ការ​រស់​នៅ​បែប​នេះ ​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់ ព្រោះ​គាត់​លែង​ចង់​ធ្វើ​អ្វី​ជាមួយ​អ្នក​ដូច​កាល​ពី​មុន​ទៀត​ហើយ។

រូបតំណាង

​លើស​ពី​នេះ ​មិន​ថា​រឿង​ល្អ​ឬ​អាក្រក់ ​​ក៏​គាត់​មិន​ចង់​ចែក​រំលែក​អ្វី​ជាមួយ​អ្នក​​ទៀត​ដែរ ​បើ​ទោះ​កាល​ពី​មុន​អ្នក​ជា​​មនុស្ស​ដំបូង​ដែល​តែង​ដឹង​រឿង​គ្រប់​យ៉ាង​​​អំ​ពី​គាត់​ក៏​ដោយ។ ​គាត់​ធ្លាប់​ជា​មនុស្ស​ម្នាក់​ដែល​តែង​លួង​អ្នក​នៅ​ពេល​ស្រេ្តស ​ប៉ុន្តែ​ថ្ងៃ​នេះ​គាត់​ជ្រើស​រើស​ប្រាប់​​​​គ្រប់​យ៉ាង​ទៅ​អ្នក​​ផ្សេង​​ដោយ​មាន​ទំនុក​ចិត្ត​ជាង។ ​នេះ​មិន​មែន​មក​ពី​​គាត់​ខ្លាច​​​អ្នក​ដឹង​រឿង​របស់​គាត់​ទេ ​តែ​មក​​ពី​គាត់​លែង​ខ្វល់​ពី​អ្នក​ទៀត​ហើយ។

៣. ​បង្ក​រឿង

​គាត់​រក​រឿង​ឈ្លោះ​ប្រកែក ​ធ្វើ​យ៉ាង​ណា​​ដើម្បី​​​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​បន្ត​ទៀត។ ​នេះ​ពិត​ជា​លេស​​ដ៏​សាហាវ​ដែល​គាត់​ធ្វើ​ដើម្បី​​ខ្លួន​ឯង។ ​​ពេល​មាន​រឿង​ម្ដង​ៗ​គាត់​នៅ​ស្ងៀម​ធ្វើ​ដូច​គ្មាន​អ្វី​កើត​ឡើង ទុក​ឲ្យ​អ្នក​គ្រាំ​គ្រា​ម្នាក់​ឯង​ប្រៀប​ដូច​មនុស្ស​ឆ្កួត។ ​​​ពេល​វេលា​ដែល​កន្លង​ផុត​​គិត​ពី​គេ​មួយ​នាទី ​​មិន​ខុស​​ពី​ដូច​មួយ​ឆ្នាំ។

រូបតំណាង

៤. ​​ឈាម​ត្រជាក់

​បើ​ពេល​ទៅ​​ណា​តែ​២​នាក់​ ​ហើយ​មិត្តភក្កិ​គាត់​​ជួប​ចៃ​ដន្យ​និង​សួរ​ថា ​តើ​អ្នក​​ត្រូវ​ជា​អ្វី​នឹង​គ្នា? ​គាត់​នៅ​ស្ងៀម​និង​​អេះ​អុញ​ឆ្លើយ ​នោះ​​ជា​សញ្ញា​យ៉ាង​​ច្បាស់​ថា​ ​​ចិត្ត​របស់​គាត់​​មិន​មែន​នៅ​ស្រលាញ់​អ្នក​១០០​% ឡើយ ។ ​ទោះ​មិន​ទាន់​​និយាយ​ថា​បែក​គ្នា​ក៏​ដោយ ​តែ​ចិត្ត​របស់​គាត់​បាន​ផ្លាស់​ប្ដូរ​ហើយ។

​”​បង​ចង់​ឃើញ​អូន ជួប​មនុស្ស​ដែល​ល្អ​ជាង​នេះ​" ​បើ​គាត់​និយាយ​ឃ្លា​នេះ​ចេញ​មក ​​គាត់​អត់​ស្រលាញ់​អ្នក​ខ្លាំង​ទេ គឺ​​គាត់​ស្រលាញ់​​ខ្លួន​ឯង​ខ្លាំង​​ជាង។ ​គាត់​គ្រាន់​តែ​​មិន​ចង់​ធ្វើ​ជា​មនុស្ស​​អាក្រក់​ពេញ​ទី ​ដូច្នេះ​ទើប​គាត់​ជូន​ពរ​អ្នក​ដោយ​មួយ​ឃ្លា​នេះ ៕ ​​​​​

រូបតំណាង

​​ពេល​ខ្លះ ​យើង​​បាន​ព្យាយាម​កាន់​ដៃ​​មនុស្ស​ម្នាក់​​នោះ​​ហើយ​ ​ប៉ុន្តែ​ចិត្ត​របស់​គេ​តែង​តែ​ប្រាប់​យើង​ថា​ឲ្យ​លែង​​​គេ​ទៅ​។ ​​ដោយសារ​តែ​ក្ដី​ស្រលាញ់​មិន​អាច​បង្ខំ​បាន ​ទោះ​អនុស្សាវរីយ៍​ច្រើន​ពាន់​យ៉ាង​ណា ​​ក៏​មិន​អាច​ចង​ជើង​គេ​បាន​ឡើយ។ ​នេះ​ហើយ​ជា​ទំនាក់​ទំនង​ដែល​មិន​អាច​ដើរ​ទៅ​មុខ​​ជាមួយ​គ្នា​បន្ត​ទៀត​បាន ​គឺ​ការ​បាក់​បែក​ដែល​ត្រូវ​និយាយ​​ពាក្យ​ថា ​លា​​ហើយ​៕​

​អាន​បន្ត​៖ ​ យ៉ាង​ម៉េច​ក៏​ដោយ សូម​កុំ​ស្រលាញ់​មនុស្ស​ម្នាក់ ដើម្បី​បំភ្លេច​មនុស្ស​ម្នាក់​ឲ្យ​សោះ

​​​ ​​​

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម