នៅ Single យូរចង់រៀបការឆាប់ៗ តែបើភ្លេចគិត ៦ចំណុចនេះ អាចទឹកភ្នែកជូតក្បាលជង្គង់

  • 2019-12-30 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​នៅ Single ​យូរ ​ម្នាក់​ៗ​ចង់​​រៀប​ការ​ឆាប់​ៗ ព្រោះ​គិត​ថា​លែង​នៅ​ម្នាក់​ឯង ​មិន​​ឯកោ​ទៀត។ ​តែ​ជីវិត​អាពាហ៍ពិពាហ៍​​មិន​សប្បាយ​ដូច​រឿង​ព្រេង​និទាន​ដែល​គេ​​និពន្ធ​​ឡើយ ព្រោះ​នៅ​ពេល​អ្នក​រៀប​ការ ​គឺ​ដូច​បើក​ទំព័រ​ជីវិត​ថ្មី​ដែរ។ ​ក្រៅ​ពី​នោះ ​បញ្ហា​ក៏​អាច​កើត​ឡើង​បាន​គ្រប់​ពេល ​ដែល​អ្នក​ត្រូវ​តែ​​យក​ចិត្ត​ទុក​ដាក់​គិត​គូ​ឲ្យ​បាន​មុន​ពេល​អាពាហ៍ពិពាហ៍​ឈាន​ចូល​មក​ដល់។ ​

រូបតំណាង

**១. ​ត្រូវ​ចាំ​ថា មិន​មែន​​​រៀបការ​​ជាមួយ​ស្វាមី​ម្នាក់​ប៉ុណ្ណោះ​​ទេ តែ​​អ្នក​ត្រូវ​រៀបការ​ជាមួយ​សាច់ញាតិ​គាត់​ដែរ**

​អាពាហ៍ពិពាហ៍​ក្នុង​ជីវិត​ពិត​គឺ​ខុស​គ្នា​ខ្លាំង​ពី​ក្នុង​រឿង​ភាគ​បែប​រ៉ូមែនទិក ព្រោះ​ជីវិត​នៅ​ពេល​នោះ​មិន​មែន​ត្រឹម​សម្រាប់​មនុស្ស​ ២​នាក់​ឡើយ។ អ្នក​ត្រូវ​តែ​ជិត​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​​ខាង​ប្តី ព្រោះ​សាច់​ញាតិ​របស់​គាត់​ក៏​ត្រូវ​ចាត់​ទុក​ជា​សាច់​ញាតិ​អ្នក​ដូច​គ្នា​។ ​ម្យ៉ាង​ទៀត ​ទោះ​កូន​ប្រុស​រៀប​ការ​ចេញ​ទៅ​រស់​នៅ​ជាមួយ​ខាង​ស្រី​ក៏​ដោយ ​តែ​ទំនាក់ទំនង​រវាង​​សាច់​ញាតិ​​​ពួក​គេ​នៅ​តែ​មាន​។

បើ​អ្នក​ជា​មនុស្ស​ឆ្លាត អាច​គ្មាន​ទំនាស់​នឹង​សាច់​ញាតិ​របស់​គេ​បាន​នោះ​គឺ​សំណាង​ធំ​ហើយ។ ​តែ​បើ​មាន​បញ្ហា​​​ជាមួយ​សូម្បី​មនុស្ស​ម្នាក់ ច្បាស់​ជា​មិន​ងាយ​រក​សុភមង្គល​បាន​ឡើយ។ ​​ថ្វី​ដ្បិត​អ្នក​មិន​មែន​ឈាម​ជ័រ​ជាមួយ​ពួក​គេ​ក៏​ដោយ ​សូម​ព្យាយាម​កុំ​បង្កើត​ជម្លោះ​ជាមួយ​ពួក​គេ​ឲ្យ​សោះ ព្រោះ​បាន​ត្រឹម​ឈឺ​ក្បាល​វិល​មុខ​​រក​ទុក្ខ​ដាក់ខ្លួន​ប៉ុណ្ណោះ។ ម្ល៉ោះ​ហើយ ​មុន​ពេល​រៀប​ការ ​​អ្នក​ត្រូវ​ឆ្លាត​វៃ​ព្យាយាម​ធ្វើ​ជា​មនុស្ស​ល្អ​ក្នុង​ក្រសែភ្នែក​របស់​សាច់​ញាតិ​ទាំង​សង​ខាង។

រូបតំណាង

២. ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់ ចុះ​សម្រុង​នឹង​ទស្សនៈ​វិស័យ​របស់​ដៃ​គូ

​ពេល​​ជា​សង្សារ ​បើ​ខឹង​គ្នា​មិន​យល់​ចិត្ត​គ្នា ​អ្នក​អាច​អត់​ជួប​មុខ​១​ថ្ងៃ ២ថ្ងៃ នោះ​​គឺ​​អាច​​កៃ​ខៃ​ស្ថាន​ការ​ណ៍​បាន​ហើយ​។ ​តែ​ពេល​ជា​ប្តី​ប្រពន្ធ ​​វិធី​នេះ​ដាច់​ខាត​មិន​អាច​ធ្វើ​បាន​ទៀត​ឡើយ។ ​អ្នក​ច្បាស់​ជា​ឆ្កួត​ស្លាប់​មិន​ខាន ​នៅ​ពេល​ឃើញ​​ម្នាក់​ទៀត​ ងង៉ក់​មិន​ឈប់​ឈរ ​ពួន​តែ​ក្នុង​បន្ទប់​មិន​ព្រម​ចេញ​មក​និយាយ​គ្នា។ ​ដូច្នេះ ​ត្រៀម​ចិត្ត​ឲ្យ​ហើយ ​យល់​ពី​គ្នា​ឲ្យ​ច្បាស់ ​ថា​ទស្សនៈ​របស់​ដៃ​គូ​ម្នាក់​ៗ​ជា​មនុស្ស​បែប​ណា។

រូបតំណាង

៣. ​​ទាំង​ការងារ​ផ្ទះ​និង​ក្រៅ ​ត្រូវ​ពិភាក្សា​គ្នា​ឲ្យ​ច្បាស់

​អាពាហ៍ពិពាហ៍ ​អាច​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​ឆ្លាស់​ប្ដូរ​បាន​​ខុស​ពី​មុន​ដាច់​ស្រឡះ។ ​មាន​អ្នក​ខ្លះ ​សុខ​ចិត្ត​ឈប់​ធ្វើ​ការ​ដើម្បី​​ធ្វើ​ជា​ស្រ្តី​មេផ្ទះ​ម្នាក់​​ដ៏​ល្អ ​ហើយ​ខ្លះ​ទៀត​នៅ​តែ​បន្ត​ការងារ​ផង​ធ្វើ​ការងារ​ផ្ទះ​​ផង​យ៉ាង​ហត់​នឿយ។ ​ ម្ល៉ោះ​ហើយ ​នេះ​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ជជែក​គ្នា​ឲ្យ​ច្បាស់​ដើម្បី​ជួយ​ចែក​រំលែក​ការងារ​ក្នុង​ផ្ទះ​ជាមួយ​ប្ដី។ ​​​មួយ​វិញ​ទៀត ​បើ​សេដ្ឋកិច្ច​គ្រួសារ​​ធូរ​ធារ អ្នក​អាច​រក​មនុស្ស​ម្នាក់​មក​ជំនួស​ដៃ​ជើង​ធ្វើ​ការងារ​ផ្ទះ ​នោះ​អ្នក​នឹង​មិន​ហត់​នឿយ ហើយ​មាន​ពេល​វេលា​ច្រើន​ដើម្បី​ធ្វើ​កិច្ចការ​ផ្សេង​ៗ​បាន​ល្អ​។

រូបតំណាង

៤. ភាព​​ជា​​ឯក​ជន​ត្រូវ​តែ​មាន​​​​ខ្លះ​

ពិត​​ណាស់ ប្ដី​ប្រពន្ធ​ត្រូវ​រស់​នៅ​ជាមួយ​គ្នា​ក្នុង​ផ្ទះ​តែ​មួយ ​ប៉ុន្តែ​ក៏​ត្រូវ​ផ្ដល់​សិទ្ធ​និង​គោរព​ភាព​ជា​ឯកជន​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ​ឧទាហរណ៍​ដូច​ជា ​អ្នក​ចង់​ដើរ​លេង​​ជាមួយ​មិត្ត​ភក្កិ​ធ្លាប់​រៀន​​ជាមួយ​គ្នា​កាល​នៅ​វិទ្យាល័យ​ ដូច្នេះ​ប្ដី​គួរ​អនុញ្ញាត​ឲ្យ​ប្រពន្ធ​បាន​ចូល​រួម​ដំណើរ​កម្សាន្ត​នេះ​។ ប៉ុន្តែ​សា្វមី​ខ្លះ​បែរ​ជា​បិទ​សិទ្ធ មិន​ឲ្យ​ធ្វើ​អ្វី​​ក្រៅ​ពី​ការងារ​ផ្ទះ ​ដែល​​នេះ​ជា​ការ​រំលោភ​បំពាន​សិទ្ធ​យ៉ាង​ធ្ងន់​ធ្ងរ។ ​ទាំង​នេះ ​​ធ្វើ​ឲ្យ​ខ្វះ​សុភមង្គល​ក្នុង​ជីវិត​រហូត​​ក្លាយ​​ទៅ​ជា​មាន​បញ្ហា។ ​ដូច្នេះ ​ត្រូវ​ព្យាយាម​ជជែក​ដាក់​គ្នា ​ដាក់​សំនួរ បើក​ចិត្ត​ឆ្លើយ​ទៅ​វិញ​ទៅ​មក។

រូបតំណាង

៥. ​​ដោះ​ស្រាយ​បញ្ហា​​លុយ​កាក់

​ត្រូវ​ពិភាក្សា​គ្នា​ឲ្យ​ហើយ​ថា ​នរណា​​​​គួរ​ទុក​ដាក់​លុយ​កាក់ ហើយ​នៅ​ពេល​ចាយ​វាយ​​អស់​ច្រើន​ម្តង​ៗ​ម្នាក់​ទៀត​គួរ​ប្រាប់​គ្នា​ឲ្យ​ដឹង។ កុំ​ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​ល្អក់​កករ​នឹង​គ្នា​ដោយសារ​តែ​បញ្ហា​លុយ។​​ ថ្វី​ដ្បិត​កាបូប​លុយ​ផ្សេង​គ្នា ​តែ​ត្រូវ​រៀប​ចំ​ការ​ចំណាយ​រួម​គ្នា ​ទើប​ល្អ​។

រូបតំណាង

៦. រៀប​ការ​រួច ​ចង់​មាន​កូន​នៅ​ពេល​ណា​?

​នេះ​ជា​រឿង​សំខាន់​ខ្លាំង ព្រោះ​​ក្រោយ​រៀប​ការ​ ក្ដី​សង្ឃឹម​របស់​ស្វាមីភរិយា​ជា​ច្រើន គឺ​​ចង់​បាន​បុត្រ​ធី​តា​។ ប៉ុន្តែ​ ជួន​កាល​ប្រពន្ធ​ចង់​បាន ​បែរ​ជា​ប្ដី​មិន​ទាន់​ចង់​បាន ​បង្ក​ជា​បញ្ហា​ក្នុង​គ្រួសារ​ទៅ​វិញ។ ​នៅ​ពេល​មាន​កូន ​គ្រប់​យ៉ាង​ត្រូវ​ផ្លាស់​ប្ដូរ​ជា​រៀង​រហូត ​មិន​ថា​ហិរញ្ញវត្ថុ ​ពេល​វេលា ​ស្ទីល​ស្លៀក​​ពាក់​ជា​ដើម។ ​គូ​ខ្លះ ​គេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​​មាន​កូន ​តែ​ខ្លះ​វិញ​បែរ​ជា​គិត​​ថា​នេះ​ជា​រឿង​គួរ​ធុញ​ទ្រាន់​បំ​ផុត​។ ​អ៊ីចឹង​ហើយ​ ​ទើប​បញ្ហា​នេះ​​គឺ​ជា​រឿង​សំខាន់ ​។ ​ត្រូវ​សួរ​ថា ​តើ​ប្ដី ឬ​ប្រពន្ធ​របស់​អ្នក​ចង់​មាន​កូន​ជាមួយ​គ្នា​ឬ​អត់? ​ឬ​ក៏​មាន​គម្រោង​នឹង​យក​កូន​នៅ​ពេល​ណា​?

រូបតំណាង

​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ​ពេល​ខ្លះ​វា​មិន​គួរ​ឲ្យ​ខ្លាច​ដូច​អ្នក​គិត​ឡើយ ​បើ​អ្នក​​​បាន​ចំណាយ​ពេល​សិក្សា​ពី​គ្នា ​យល់​ពី​គ្នា ​ហើយ​ជា​ពិសេស​​មាន​ការ​ជជែក​គ្នា​បាន​ទៀង​ទាត់​នៅ​បញ្ហា​ខាង​លើ។ ​នោះ​ជីវិត​ប្ដី​ប្រពន្ធ​ច្បាស់​ជា​រលូន ​មិន​ស្មុគ​ស្មាញ​​នោះ​ទេ។ ​យ៉ាង​ណា​ក៏​ដោយ​ ត្រូវ​គិត​អំ​ពី​រឿង​រ៉ាវ​ទាំង​នេះ ​មុន​ពេល​បញ្ហា​មក​ដល់ ដូច្នេះ​វា​​មិន​ធ្វើ​ឲ្យ​ខក​ចិត្ត ​ឬ​ត្រូវ​លែង​លះ​គ្នា​ទាំង​កណ្ដាល​ទី​ឡើយ៕​​

​​ ​​អាន​បន្ត​៖ ​ រក​ឃើញ ៥ ចំណុច​នេះ​លើ​ខ្លួន​បុរស​ណា អ្នក​អាច​រៀបការ​ជាមួយ​គេ​បាន​ហើយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា