តើ​ស្ត្រី​ទើប​សម្រាល​កូន​ហើយ​ធ្វើ​ចលនា​ភ្លាម​នឹង​ឈឺ​ច្រើន​ ដូច​ចាស់​ៗ​ប្រាប់​ត្រឹម​ត្រូវ​ឬ​ទេ?

  • 2019-12-27 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រជាជន​ខ្មែរ​ជា​ពិសេស​ចាស់​ៗ​ តែង​ផ្ដាំ​​ស្រ្តី​ទើប​សម្រាល​កូន​រួចមិន​ឲ្យ​ធ្វើ​ចលនា​ ដើរ​ អង្គុយ​ ឬ​ឈរ​ឡើយ​។ ​ស្ត្រី​ត្រូវ​បាន​បង្គាប់​ឲ្យ​សម្រាក​មួយ​កន្លែង​ មិន​ឲ្យ​ងូត​ទឹក​កក់សក់ ខ្លះ​ទៀត​ពាក់​មួក​ ស្រោម​ជើង​​ ព្រោះ​យល់​ថា​សរសៃ​ខ្ចី​ ការ​ពារ​បែប​នេះ​ទើប​មិន​មាន​ជំងឺ​ផ្សេង​ៗ​ធ្វើ​ឲ្យ​ចុក​រោយ​នៅ​ថ្ងៃ​ខាង​មុខ​ ហើយ​នៅ​មាំទាំ​ពេល​ចាស់​ទៅ។​

រូបភាពពីប្រភព៖ Southeat Asia Globe

ប៉ុន្តែ​យោង​តាម​ការ​សម្ភាសន៍​របស់ **​កញ្ញា**​ ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​ផ្នែក​សម្ភព​ អ្នក​គ្រូ​ **លី​ ឈីវ​អៀង​** បាន​ពន្យល់​ថា​៖​ "បើ​យើង​ប្រៀប​ធៀប​ស្ត្រី​ខ្មែរ​និង​ស្ត្រី​បរទេស​ យើង​សួរ​ទៅ​មើល​ថា​ស្ត្រី​បរទេស​គាត់​មាន​បញ្ហា​នេះ​ដែរ​ឬ​ទេ?​ បើ​យើង​ប្រៀប​ធៀប​ស្ត្រី​បរទេស​ពេល​កើត​ហើយ ​គាត់​ងើប​ដើរ​គាត់​ងូត​ទឹក​កក់សក់​ សម្អាត​ខ្លួន​គាត់​​មួយ​ស្អាត។​ តែ​ស្ត្រី​ខ្មែរ​យើង​ពេល​កើត​ហើយ​ពាក់​មួក​ផង​ យក​សំឡី​ញ៉ុក​ត្រចៀក​ផង​ ដេក​លើ​គ្រែ​រហូត​គ្មាន​ចលនា​អី​សោះ​។ អញ្ចឹង​ទម្លាប់​ពីរ​នេះគឺ​ខុស​គ្នា​ដាច់​ ចំណែក​ការ​ស្រួល​ខ្លួន​ក៏​អត់​ដូច​គ្នា​ដែរ។ បើ​ស្ត្រី​ដែល​គាត់​សម្រាល​កូន​ដោយ​ធម្មជាតិ​ ក្រោយ​ពី​ ៦​ ទៅ​ ៨​ ម៉ោង​អី​យើង​ឲ្យ​គាត់​ដើរ​ហើយ​ ហើយ​​អ្នក​វះ​កាត់​គឺ​ ២៤​ ម៉ោង​បន្ទាប់​ពី​ដក​ទុយយោ​ទឹក​នោម​គាត់​ត្រូវ​ព្យាយាម​ងើប​ដើរ​ហើយ។​ អញ្ចឹង​កាល​ណា​គាត់​ឆាប់​ងើប​ដើរ​គាត់​ឆាប់​ស្រួល​ខ្លួន​ហើយ។ ​​កាល​ណា​​គាត់​គេង​ច្រើន​ សម្រាក​ច្រើន​នៅ​មួយ​កន្លែង​ ឈាម​ក៏​ធ្លាក់​ក្រ​អស់​ គាត់​អត់​បាន​ធ្វើ​ចលនា​សរសៃ​អី​ក៏​មិន​ងាយ​វិល​មក​ធម្មតា​វិញ​ដែរ​។ និយាយ​រួម​ក្នុង​ខ្លួន​យើង​ចាំបាច់​ត្រូវ​ធ្វើ​ចលនា​ហើយ​ ដើម្បី​ឲ្យ​មាន​ចរន្ត​ក្នុង​ខ្លួន​បាន​ល្អ​ បើ​គាត់​អត់​មាន​ចលនា​អ្វី​សោះ​ធ្វើ​មេច​ស្រួល​ខ្លួន"?

រូបតំណាង

អ្នក​គ្រូ​ លី​ ឈីវ​អៀង​ បាន​បញ្ជាក់​ទៀត​ថា ​ការ​ធ្វើ​ចលនា​ ក្រោយ​សម្រាល​រួច​ជួយ​ឲ្យ​ស្ត្រី​ឆាប់​ធ្លាក់​ឈាម​មក​​អស់​ ហើយ​ត្រលប់​មក​​សភាព​ប្រក្រតី​វិញ​។​ វេជ្ជបណ្ឌិត​ខាង​លើ​បាន​ពន្យល់​បន្ថែម​ទៀត​ថា៖ "ជា​ទូទៅ​ស្ត្រី​ធ្លាក់​ឈាម​ក្រោយ​សម្រាល​នឹង​កើត​មាន​សំខាន់​ជាង​គេ​ គឺ​ថ្ងៃ​ដំបូង​ និង​ថ្ងៃ​ទី​ ២​ ហើយ​រយៈ​ពេល​ដែល​គាត់​គេង​ពេទ្យ​ ជា​មធ្យម​ចន្លោះ​ពី​ ៣ ថ្ងៃ​ទៅ​ ៥​ ថ្ងៃ​ អញ្ចឹង​ចន្លោះ​ពេល​ហ្នឹង​ គឺ​ជា​ចន្លោះ​ពេល​ដែល​គ្រូ​ពេទ្យ​តាម​ដាន​សុខភាព​គាត់​ហើយ។​​ ការ​ធ្លាក់​ឈាម​ខុស​ពី​ធម្មតា​យើង​អាច​ដឹង​ពេល​ហ្នឹង​​ ហើយ​វា​កើត​ឡើង​ក្នុង​អំឡុង​ពេល​ហ្នឹង​ច្រើន​ជាង​គេ។​ អំឡុង​ពេល​ដែល​គាត់​ទៅ​ផ្ទះ​វិញ​ធ្លាក់​ឈាម​ គឺ​តិចតួច​ណាស់​ ភាគ​រយ​តិច​មែន​ទែន​ ហើយ​ភាគ​ច្រើន​កើត​លើ​ស្ត្រី​ដែល​អត់​មាន​ចលនា។ ឧទាហរណ៍​គាត់​គេង​ច្រើន​ ហើយ​គាត់​អត់​ប្រឹង​ដើរ​ធ្វើ​ចលនា​ គាត់​ថា​សរសៃ​ខ្ចី​អញ្ចឹង​ ឈាម​វា​អត់​ធ្លាក់​ចេញ​មក​តាម​សម្រួល​ទេ​ និយាយ​ទៅ​វា​កក​នៅ​ក្នុង​ស្បូន​ម្ដង​បន្តិច​ ម្ដង​បន្តិច​ ទាល់​តែ​គាត់​ងើប​ដើរ​ទៅ​វា​នឹងធ្លាក់​ចេញ​មក​អស់​"៕

ចុចអាន៖គ្រូពេទ្រជំនាញបកស្រាយរឿងស្អំថ្ម ឬទឹកក្ដៅ ក្រោយសម្រាលធ្វើឲ្យ​ប៉ះពាល់សុខភាពស្ត្រី

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម