គន្លឹះថតរូបមើលទៅស្អាត គួរឱ្យទាក់ទាញបែបធម្មជាតិដោយមិនបាច់ប្រឹង
- 2019-12-12 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះថតរូបមើលទៅស្អាត គួរឱ្យទាក់ទាញបែបធម្មជាតិដោយមិនបាច់ប្រឹង
សម័យឥឡូវ មនុស្សមួយចំនួនធំយកការថតរូបជារឿងសំខាន់ ព្រោះរូបថតរក្សាបាននូវគ្រប់ទិដ្ឋភាពដែលកើតឡើង។ អ្នកខ្លះប្រើប្រាស់វាដើម្បីកសាងប្រជាប្រិយភាព អ្នកខ្លះទៀតប្រើប្រាស់ក្នុងបណ្តាញសង្គមនានាដើម្បីការកម្សាន្ត ឯអ្នកខ្លះទៀតគ្រាន់ចង់ថតទុកដើម្បីរក្សាទុកជាអនុស្សាវរីយ៍ជាដើម។ ទោះអ្នកថតរូបក្នុងបំណងអ្វីក៏ដោយ អ្នកគ្រប់គ្នាគួរយល់ដឹងពីតិចនិកថតរូបបែបណាមើលទៅមានសភាពស្រស់ស្អាតបែបធម្មជាតិ។
១. កុំប្រឹង
ពេលដែលអ្នកប្រឹងខ្លាំងពេក មិនថាទឹកមុខ ឬ កាយវិការ វានឹងមើលទៅឆ្គង មិនសូវស្រស់ស្រាយដូចធម្មជាតិឡើយ។ ដូចនេះ អ្នកគួរសម្រាកខ្លួន និង មុខ ហើយបញ្ចេញវាដោយលក្ខណៈសាមញបំផុត ហាក់បីដូចជាគ្មានកាម៉េរានៅមុខអ្នកអ៉ីចឹង។
២. និយាយលេងជាមួយអ្នកជុំវិញអ្នក
បើអ្នកមិនមែននៅម្នាក់ឯង អ្នកគួរធ្វើស្ទីលនិយាយលេងជាមួយមិត្តភ័ក្ត ឬ ជាមួយអ្នកថតរូបឱ្យអ្នក ដើម្បីថតយកសកម្មភាពដែលស្រស់ស្រាយទាំងនោះ ព្រោះថតចេញមកនឹងឃើញដូចធម្មជាតិ ហើយគួរឱ្យស្រឡាញ់ទៀតផង។
៣. គិតដល់រឿងដែលធ្វើឱ្យអ្នកសើច
ពេលខ្លះអ្នកនឹងមានអារម្មណ៍ថាពិបាកសើចដាក់កាមេរ៉ា ព្រោះសើចមិនចេញជាដើម។ ពេលនោះហើយដែលអ្នកគួរតែរំលឹកទៅដល់រឿងណាមួយដែលកំប្លែង ឬ ធ្វើឱ្យអ្នកសប្បាយចិត្ត នោះរូបថតនឹងចេញមកមានសភាពស្រស់ថ្លាតែម្តង។
៤. ធ្វើស្ទីលប្លែកៗ
ជួនកាល ពេលអ្នកថតស្ទីលសាមញពេក គឺមើលទៅស៊ាំញ៉ាំដដែលៗ ដូច្នេះអ្នកគួរផ្លាស់ប្តូរធ្វើមុខមាត់ បញ្ចេញកាយវិការបែបក្រមិចក្រមើម ឬ កាច ស្រេចតាមចំណង់ចំណូលចិត្ត នោះវានឹងមើលទៅប្លែកនិងស្អាតបែបធម្មជាតិ មិនរម្យទមពេក។
មិនថាថតនៅកន្លែងណា បើអ្នកអាចអនុវត្តបាននូវគន្លឹះតូចៗទាំងនេះ រូបថតរបស់អ្នកនឹងមានភាពទាក់ទាញជាមិនខាន៕
អានបន្ត៖ ឈុតសុភាពៗទៅធ្វើការក៏បានទៅដើរលេងក៏បាន