មនុស្ស​ពិបាក​បំភ្លេច​ជាង​គេ​លើ​លោកមិន​មែន​ស្នេហា​ដំបូង តែ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ជាង​គេ

  • 2019-08-14 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​ដំបូង​ធ្វើ​ឲ្យ​យើង​នៅ​ចង​ចាំ​គេ​ដោយ​អនុស្សាវរីយ៍​បែប​ក្មេង​វ័យ មិន​ទាន់​ចេះ​ដឹង​អ្វី​ជ្រៅ​ជ្រះ តែ​ស្នេហា​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​នឹង​ដិតដាម​នៅ​ជាមួយ​យើង​ជា​រៀង​រហូត អាច​មិន​មែន​ជា​ស្នេហ៍​ដំបូង​ទេ។

មនុស្ស​លោក​តែង​និយាយ​តៗ​គ្នា​ថា ស្នេហា​ដំបូង​គឺ​ជា​អ្វី​ម្យ៉ាង​ដែល​នឹង​គ្មាន​លទ្ធផល តែ​​ជា​​អ្វី​​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ចងចាំ​មួយ​ជីវិត។ និយាយ​បែប​នេះ​ក៏​មិន​ខុស​ដែរ ព្រោះ​សួរ​មើល​ថា តើ​មាន​ប៉ុន្មាន​នាក់​ដែល​អាច​ភ្លេច​ស្នេហ៍​គ្រា​ដំបូង​បាន​នោះ?

តែ​នៅ​មាន​ប្រភេទ​មនោសញ្ចេតនា​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​រឹត​តែ​ពិបាក​ភ្លេច​ជាង​​នេះ​ទៀត។ នោះ​គឺ​មនោសញ្ចេតនា​ដែល​ធ្វើ​ឲ្យ​ឈឺ​ដូច​គេ​យក​កាំបិត​មក​ឆ្កៀល​។ ជឿជាក់​ថា ដល់​ថ្ងៃ​ដែល​អ្នក​ដក​ដង្ហើម​ចុង​ក្រោយ បែប​ក៏​នៅ​តែ​ចង​ចាំ​វា​ច្បាស់​ដូច​ថ្ងៃ​ដែរ។

សាក​គិត​មើល​ចុះ មនុស្ស​ដែល​យក​​ក្តី​ស្រលាញ់​ប្រៀប​ស្មើ​ជីវិត ឲ្យ​តម្លៃ​ជាង​អ្វី​ៗ​ទាំង​អស់ ហើយ​បែរ​ជា​ធ្វើ​ឲ្យ​យើង​​ឈឺ​វិញ តើ​ចុក​ដែរ​ឬ​ទេ? យើង​ភ្លេច​គេ​មិន​បាន មួយ​ផ្នែក​គឺ​ដោយ​សារ​ខឹង​ខ្លាំង​ពេក មិន​អាច​ឈប់​គិត​ពី​គេ​បាន ឯ​មួយ​ផ្នែក​ទៀត គឺ​សោកស្ដាយ។ សោកស្ដាយ​ដែល​បាន​ទុកដាក់​ការ​ទុក​ចិត្ត​នៅ​កន្លែង​ខុស។

ទំនុក​ចិត្ត​ដែល​គួរ​តែ​ទុក​ដាក់​នៅ​នឹង​មនុស្ស​ដែល​ស័ក្ដិសម​នោះ បែរ​ជា​ប្រគល់​ច្រឡំ​ឲ្យ​ជន​មិន​ច្បាស់​លាស់ ដែល​លទ្ធផល​ទទួល​បាន​ក្រៅ​ពី​មេរៀន ក៏​គួប​ផ្សំ​នឹង​ទឹក​ភ្នែក​ដែល​ឥត​គិត​ថ្លៃ ព្រម​ទាំង​ការ​ធ្វើ​បាប​ខ្លួន​ឯង​មិន​តិច​ថ្ងៃ។

តាម​ការ​ពិត​ទៅ យើង​ឈឺ​ដោយ​សារ​តែ​មក​ពី​យើង​ស្រលាញ់​គេ​ខ្លាំង​ពេក។ ព្រោះ​ឧទាហរណ៍​ថា បើ​សិន​មនុស្ស​មិន​ដែល​ស្គាល់​គ្នា​សោះ មក​កុហក​យើង ក៏​យើង​មិន​ខ្វល់​ដូច​គ្នា។ តែ​មនុស្ស​ដែល​ស្មាន​ថា​នឹង​កៀក​ស្មា​ដើរ​ដល់​ចុង​វិថី​ជីវិត ស្រាប់​តែ​ដក​កាំបិត​ចាក់​ពី​ក្រោយ នឹង​ធ្វើ​ឲ្យ​យើង​បំភ្លេច​កាលៈទេសៈ​នោះ​មិន​បាន​ជា​រឿង​រហូត។

ដូច​នេះ ទើប​គេ​ថា ទោះ​បី​ជា​ស្នេហា​ដំបូង ពិបាក​ភ្លេច​ដល់​កម្រិត​ណា ក៏​ប្រហែល​ងាយ​បំភ្លេច​ជាង​ស្នេហា​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​បំផុត​ដែរ៕

​ចុចអាន៖ ​​ ស្នេហា​បាន​ជួប​គ្នា គឺ​មក​ពី​និស្ស័យ តែ​រក្សា​បាន​ឬ​អត់​គឺ​មក​ពី​ខ្លួន​យើង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម