រឿងអាក្រក់ច្រើនយ៉ាងស្មានមិនដល់កើតលើទារក ពេលប្តីឈ្លោះជាមួយប្រពន្ធអំឡុងពរពោះ

  • 2019-07-31 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អំ​ឡុង​ពរ​ពោះ ​អ្នក​ម្ដាយ​តែង​មាន​អារម្មណ៍​ឆាប់​ខឹង ​ឆេវ​ឆាវ​ដោយ​គ្មាន​ហេតុ​ផល​ ឆាប់​យំ​សូម្បី​ពេល​ខ្លះ​មាន​រឿង​តិច​តួច​ក៏​ដោយ។ ​នេះ​ដោយសារ​តែ​ការ​កើន​ឡើង​នៃ​កម្រិត​​ប្រូ​សេស្តេរ៉ូន​ក្នុង​ខ្លួន​របស់​ស្ត្រី​។ ដូច្នេះ​ស្វាមី​ទាំង​អស់​គួរ​យល់​ដឹង​ពី​ចំណុច​នេះ​​ ចៀស​វាង​បង្កើត​ជម្លោះ​ជាមួយ​ភរិយា​អំ​ឡុង​មាន​គក៍​​។​

ព្រោះ​បើ​ប្តី​​ឈ្លោះ​ជាមួយ​ប្រពន្ធ​​ពេល​ពរ​ពោះ ​មិន​ត្រឹម​ជះ​ហានិភ័យ​អាក្រក់​ដល់​ទំនាក់​ទំនង​រវាង​​ប្តី​ប្រពន្ធ​ទេ ​តែ​ក៏​​រាល​ដាល​ដល់​ការ​លូត​លាស់​​កូន​ក្នុង​ផ្ទៃ​ផង​ដែរ។ សំឡេង​ស្រែក​ឲ្យ​គ្នា​ខ្លាំង​ៗ ក៏​អាច​លឺ​ដល់​កូន​ក្នុង​ផ្ទៃ​បាន​ដែរ ហើយ​ជា​ផល​ប៉ះ​ពាល់​ដែល​មិន​អាច​កំណត់​បាន​។

​ ​តាម​ការ​សិក្សា​បញ្ជាក់​ថា ​​​កូន​នឹង​ចាប់​ផ្ដើម​បង្ហាញ​សកម្មភាព​ប្រឆាំង​ដែល​គេ​ច្រើន​និយាយ​ថា ទារក​ធាក់​ក្នុង​ពោះ ដោយសារ​​ទារក​លឺ​សំ​លេង​ឈ្លោះ​គ្នា​ហើយ​គេ​ចង់​ការពារ​​ម្ដាយ​របស់​គេ។ ​គេ​ចេះ​ខឹង​ហើយ​ចាប់​ផ្ដើម​ចង់​ប្រើ​ដៃ​ប្រើ​ជើង​តូច​ៗ​របស់​គេ ដើម្បី​ការពារ​ម្ដាយ​ដោយ​ការ​លោត​ធាក់​ឪពុក​វិញ ។ ​ដែល​នេះ​ជា​របៀប​​បញ្ចេញ​អារម្មណ៍​ប្រឆាំង​ ដើម្បី​សង​សឹក ។ ​នៅ​ពេល​ទារក​មាន​អាយុ​៦​ខែ ​ការ​លូត​លាស់​ផ្សេង​ៗ​​របស់​គេ​ក៏​មាន​ដែរ ពិសេស​សំ​លេង​គឺ​ឆាប់​ចាប់​បាន​ជាង​គេ។ ​​តែ​សំ​លេង​ដែល​គេ​មិន​ចូល​ចិត្ត​បំ​ផុត គឺ​​​សំលេង​ឈ្លោះ​គ្នា​ ស្រែក​​លឺ​ៗ ដែល​ពេល​ខ្លះ​ទារក​មាន​អារម្មណ៍​ខឹង​ចំពោះ​ឪពុក​ម្ដាយ​​ដោយ​មិន​ដឹង​ខ្លួន​។​​

លើស​ពី​នេះ​​ទៀត ​ទារក​ក៏​ចេះ​យំ​អំ​ឡុង​នៅ​ក្នុង​ផ្ទៃ​ផង​ដែរ ​​នៅ​ពេល​​​អ្នក​ម្ដាយ​កើត​ទុក្ខ​មិន​សប្បាយ​ចិត្ត ។ ការ​ផ្សារ​ភ្ជាប់​រវាង​បេះ​ដូង​របស់​អ្នក​ម្ដាយ​និង​ទារក​បាន​នៅ​ជាមួយ​គ្នា ​​​ជា​ហេតុ​ឲ្យ​ទារក​​មាន​អារម្មណ៍​ដូច​នឹង​ម្ដាយ​របស់​គេ​។ ​ម្ល៉ោះ​ហើយ ​បើ​ពេល​ពរ​ពោះ​អ្នក​ម្ដាយ​ជួប​រឿង​មិន​សប្បាយ​ចិត្ត​ច្រើន ​ទារក​កើត​មក​នឹង​​មាន​អារម្មណ៍​ឆាប់​ស្រងេះ​ស្រងោច សៅ​ហ្មង​ច្រើន​ទៅ​តាម​នោះ​ដែរ។

​​ដូច្នេះ ​ការ​ពរ​ពោះ​មិន​មែន​សំខាន់​សម្រាប់​តែ​ស្ត្រី​​ម្នាក់​ប៉ុណ្ណោះ​ទេ ​ស្វាមី​ក៏​មាន​នាទី​សំខាន់​ក្នុង​ការ​រក្សា​ទារក​ឲ្យ​បាន​ល្អ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ដែរ។ ​ក្រៅ​ពី​បំប៉ន​ភរិយា​ដោយ​ការ​ញ៉ាំ​អាហារ​មាន​ជីវជាតិ ​ទឹក​ដោះ​គោ​ស្រស់ និង​សម្រាក​បាន​គ្រប់​គ្រាន់ ​ស្វាមី​ត្រូវ​ចេះ​​ថ្នម​ចិត្ត​ប្រពន្ធ ​ឲ្យ​ភរិយា​សប្បាយ​ចិត្ត នោះ​​ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ផ្លូវ​ចិត្ត​ល្អ​​ គួរ​ឲ្យ​ស្រលាញ់​ទៅ​តាម​នោះ​ដែរ៕

ចុចអាន៖ ​ ទឹក​ដោះ​ម្ដាយ​ អាច​ជួយ​ទារក​ឲ្យ​កើន​ពិន្ទុ​ IQ រហូត​ដល់​ ២.៦២ ពិន្ទុឯណោះ​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម