គន្លឹះសំខាន់ៗ សម្រាប់អ្នកម៉ាក់ថ្មីថ្មោង ដើម្បីមើលថែកូនតូចឲ្យបានល្អ

  • 2019-07-17 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​របស់​អ្នក​បាន​ឈាន​ចូល​ក្នុង​ពិភព​ថ្មី​មួយ​ទៀត នៅ​ពេល​ដែល​ទទួល​​បាន​គ្រាប់​ពេជ្រ​តូច​នៅ​​ក្នុង​នៅ​ក្នុង​ដៃ។ ក្រៅ​ពី​អារម្មណ៍​រំភើប​ស្រលាញ់​កូន​ពេញ​បេះដូង​ហើយ អ្នក​ម្តាយ​ថ្មី​ថ្មោង គួរ​ចេះ​ពី​គន្លឹះ​សំខាន់ៗ ដើម្បី​មើល​ថែ​កូន​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​ មិន​ឲ្យ​ធ្លោយ។

១. កុំ​មើល​​រំលង​ភាសា​កាយវិការ​របស់​កូន

នៅ​ពេល​ក្មេង​យំ មាន​ន័យ​ថា​ពួក​គេ​ ចង់​បាន​​អ្វី​មួយ​​ពី​អ្នក លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​អាច​សង្កេត​តាម​រយៈ​កាយ​វិការ​របស់​ពួក​គេ​ដែរ។ ពេល​កូន​ក្តាប់​ម្រាម​ដៃ​ចូល​គ្នា​ បញ្ជាក់​​ពី​អារម្មណ៍​មិន​ល្អ​​ឬ​ឃ្លាន។ បើ​លា​ដៃ​មាន​ន័យ​ថា​​ឆ្អែត ហើយ​បើ​ជើង​ទាំង​ពីរ​ធាក់​ចុះឡើង​ គឺ​ចង់​ប្រលែង​លេង​។ ពេល​ខ្លះ​គេ​អាច​យក​ដៃ​ទាញ​ត្រចៀក ដែល​បង្ហាញ​ថា ធ្មេញ​ព្រៃ​ជិត​ដុះ​ចេញ​មក​ហើយ។

២. ពេល​បំបៅ​ដោះ​ ត្រូវ​យក​ដៃ​ទ្រ​ខ្លួន​និង​ឲ្យ​ជិត​ក្បាល​របស់​កូន

​ភាគ​ច្រើន​អ្នក​ធ្លាប់​តែ​ឃើញ​​​ដូច​ក្នុង​រូប​ភាព​ទី​២ ​នៅ​ពេល​បំបៅ​ដោះ​កូន។ បែប​នេះ​វា​ស័ក្តិសម​សម្រាប់​ក្មេង​ដែល​ធំ​ល្មម​ ប៉ុន្តែ​ចំពោះ​ទារក​ទើប​នឹង​កើត​វិញ គួរ​ធ្វើ​ដូច​ក្នុង​រូប​ភាព​ទី​១។ នៅ​ពេល​​ដាក់​ដៃ​ទ្រ​ក្បាល​​កូន​ អ្នក​ងាយ​ស្រួល​ក្នុង​ការ​ជួយ​បង្វិល​គេ​ឲ្យ​ត្រូវ​ចំ​ទីតាំង ឬ​មិន​ពិបាក​នៅ​ពេល​ផ្លាស់​ប្តូរ​កូន​ទៅ​ផ្នែក​ម្ខាង​ទៀត។

៣. ផ្តល់​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​ នៅ​​ពេល​កូន​ឃ្លាន

ជាទូទៅ ក្មេង​ត្រូវ​ផ្តល់​​របប​អាហារ ចាប់​ពី​ ៨-១២​ដង ក្នុង​មួយ​ថ្ងៃ មាន​ន័យ​ថា​ អ្នក​អាច​ផ្តល់​ឲ្យ​ ២-៣ម៉ោង​ម្តង​ដើម្បី​គ្រប់​ចំនួន។ សង្កេត​មើល​​ប្រសិន​បើ​​កូន​ឃ្លាន គេ​អាច​នឹង​​បៀម​មេដៃ​ជា​ដើម។

៤. ធ្វើ​ឲ្យ​គេ​រសើប​ នៅ​ពេល​ចង់​ដាស់​ឲ្យ​ភ្ញាក់

នៅ​ពេល​ចង់​ដាស់​ឲ្យ​​កូន​ភ្ញាក់ ហាម​ដាច់​ខាត​អង្រួន​ រលាក់​ចុះ​​ឡើង​ឬ​​​លេង​ខ្លាំងៗ ព្រោះ​​វា​អាច​នាំ​ឲ្យ​មាន​​ឈាម​ហូរ​ក្នុង​ខួរ​ក្បាល​ គ្រោះ​ថ្នាក់​ដល់​ជីវិត​ក៏​ថា​បាន។ វិធី​ល្អ​បំផុត​ គឺ​ត្រូវ​ធ្វើ​ឲ្យ​គេ​រសើប ឬ​ផ្លុំ​លើ​ខ្លួន​ ដើម្បី​ដាស់​ឲ្យ​​ភ្ញាក់។

៥. កុំ​ឲ្យ​កូន​បៀម​ក្បាល​ដោះ​ជ័រ មុន​បំបៅ​ដោះ​ម្តាយ

កូន​​អាច​នឹង​នៅ​ស្ងៀម​ស្រួល ពេល​ដែល​អ្នក​ឲ្យ​គេ​បៀម​ជញ្ជក់​ក្បាល​ដោះ​ជ័រ។ យ៉ាង​ណា​មិញ បើ​អ្នក​ត្រៀម​បំបៅ​ដោះ​កូន​​ដោយ​ទឹក​ដោះ​ខ្លួន​ឯង​ មិន​គួរ​ប្រើ​របស់​នេះ​​​ទេ។ គួរ​ចាំ​​ឲ្យ​កូន​​ដល់​អាយុ ​២-៤ សប្តាហ៍​សិន​​ទើប​​ល្អ។

៦. ដាក់​កន្ត្រក​តូច​ល្មម​ឲ្យ​កូន​អង្គុយ​ពេល​ងូត​ទឹក

បើ​អ្នក​បារម្ភ​ខ្លាច​កូន​​រអិល នៅ​ពេល​ងូត​ក្នុង​អាង​ អាច​ដាក់​កន្ត្រក​តូច​​ល្មម​ឲ្យ​គេ​អង្គុយ ដើម្បី​ការពារ​មិន​ឲ្យ​រអិល​ដួល​ត្រូវ​របួស។ កុំ​ភ្លេច​ដាក់​​របស់​លេង​ខ្លះ​ ឲ្យ​កូន​​​​សប្បាយ​ចិត្ត​​កម្សាន្ត​អារម្មណ៍​ផង។

៧. កម្តៅ​អាច​ជួយ​ឲ្យ​ទឹក​ដោះ​ចេញ​ជាង​មុន

នៅ​ពេល​បំបៅ​​កូន បើ​ទឹក​ដោះ​មិន​សូវ​ចេញ​ល្អ អ្នក​អាច​ប្រើ​កម្តៅ​ជា​ជំនួយ​បាន។ ដោយ​គ្រាន់​តែ​ប្រើ កន្សែង​ក្តៅឧណ្ណៗ​ ខ្នើយ​សំឡី​គ ឬ​ក្រណាត់​ស្អាត​​ដែល​​អាច​​​ផ្តល់​កម្តៅ យក​មក​ដាក់​លើ​សុដន់ ដើម្បី​ជួយ​ឲ្យ​ទឹក​ដោះ​ចេញ​​ល្អ។ មួយ​វិញ​ទៀត ជែល​​បិទ​ឲ្យ​ត្រជាក់ ក៏​អាច​ជួយ​បាន​ដែរ បើ​អ្នក​ឈឺ​​លើ​ចុង​សុដន់​ បន្ទាប់​ពី​សម្រាល​កូន​រួច។

៨. តន្រ្តីអាច​ជួយ​ឲ្យ​ក្មេង​រពឹស​នៅ​ស្ងៀម​ជាង​មុន

មាន​​ពាក្យ​ខ្លះ​ គេ​និយាយ​ថា ពេល​ស្តាប់​ភ្លេង​ជួយ​ឲ្យ​កូន​​មាន​ភាព​​វ័យ​ឆ្លាត​ជាង​មុន ព្រោះ​​វា​មាន​ចង្វាក់​​ម្យ៉ាង​ ដែល​​​​អាច​ផ្តល់​គុណ​ប្រយោជន៍ និង​ធ្វើ​ឲ្យ​គេ​​នៅ​ស្ងៀម​ជាង​មុន។

៩. សង្កេតមើល​ស្បែក​កូន​ ក្រែង​លោ​មាន​ប្រតិកម្ម

ត្រូវ​ប្រុង​ប្រយ័ត្ន​មុន​ពេល​ប្រើ​ឡេ​លាប​នៅ​​លើ​ស្បែក​កូន ព្រោះ​​​ក្រោយ​កើត​​ចេញ​ពី​ពោះ​ម្តាយ​​មក ស្បែក​ក្មេង​តែង​មាន​សភាព​ស្ងួត និង​ឆាប់​ប្រតិកម្ម​។ បើ​អ្នក​លាប​ឡេ​ឬ​ប្រេង​ ដោយ​​មិន​ប្រយ័ត្ន ស្បែក​កូន​នឹង​រោល​រមាស់​ប្រតិកម្ម​យ៉ាង​ងាយ។ ហេតុ​នេះ មុន​ប្រើ​ផលិត​ផល​អ្វី​មួយ​ គួរ​សាក​ល្បង​លាប​​ត្រង់​ចំណុច​​តូច​ណា​មួយ​សិន​ ដើម្បី​សុវត្ថិភាព។

១០. ត្រូវ​យល់​ថា​ក្មេង​​ទាំង​អស់​សុទ្ធ​​តែ​​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រលាញ់

នៅ​ពេល​​កូន​​​ចូល​មក​ក្នុង​ជីវិត​អ្នក ពួក​គេ​មិន​មែន​សុទ្ធ​តែ​មាន​រូប​រាង​ដូច​អ្វី​​ដែល​អ្នក​​បាន​រំពឹង​ទុក​ទាំង​ស្រុង​នោះ​ទេ។ ក្មេង​ខ្លះ​មាន​រោម​ពេញ​ខ្លួន មាន​ស្បែក​របកៗ មាន​មុខ​ហើមៗ ឬ​ក្រ​នឹង​បើក​ភ្នែក​ជា​ដើម។ ឯ​ខ្លះ​ទៀត កើត​មក​គ្មាន​រោម​ចិញ្ចើម​ឬ​រោម​ភ្នែក ប៉ុន្តែ​កុំ​បារម្ភ​អី វា​មិន​​មែន​នៅ​បែប​​នេះ​រៀង​រហូត​ទេ។ បើ​ទោះ​ជា គ្រប់​យ៉ាង​មិន​វិវត្ត​ទៅ​រក​ភាព​ល្អ​ប្រសើរ​ក៏​ដោយ ត្រូវ​យល់​ថា​ក្មេង​ទាំង​អស់​លើ​លោក​សុទ្ធ​តែ​ស្រស់​ស្អាត​ មាន​ចំណុច​ទាក់ទាញ​រៀង​ៗ​ខ្លួន ហើយ​ពួក​គេ​ពិត​ជា​ត្រូវ​ការ​ភាព​កក់​ក្តៅ​និង​ក្តី​ស្រលាញ់​ខ្លាំង​បំផុត​ពី​ឪពុក​ម្តាយ៕​​

ចុចអានបន្ត៖ ដើម្បី​ដឹង​ពី​សុខ​ទុក្ខ​កូនអ្នក​ម្ដាយ​​គួរ​ស្វែង​យល់ ភាសា​កាយវិការ​សំខាន់ៗ ៧ ពី​ទារក

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម