បើ​អ្នក​​ជា​ដើម​ស្មៅ ទោះ​បី​គ្មាន​អ្នក​ស្រលាញ់ ក៏​អ្នក​ត្រូវ​រីក​លូតលាស់

  • 2019-06-12 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​គឺ​ជា​ឥន្ទ្រី ទោះ​បី​គ្មាន​អ្នក​ទះដៃ​ឲ្យ​ ក៏​អ្នក​ត្រូវ​ហោះហើរ បើ​អ្នក​គឺ​ជា​ដើម​ស្មៅ ទោះ​បី​គ្មាន​អ្នក​ស្រលាញ់ ក៏​អ្នក​​ត្រូវ​រីក​លូតលាស់​ បើ​អ្នក​គឺ​ជា​ផ្កា​ក្នុង​ព្រៃ​ជ្រៅ ទោះ​បី​គ្មាន​អ្នក​ណា​សរសើរ ក៏​អ្នក​ត្រូវ​រីក​ស្គុះស្គាយ​និង​ផ្ដល់​ក្លិន​ក្រអូប

គុណ​តម្លៃ និង​ភាព​ស្រស់​ស្អាត​របស់​យើង ទោះ​បី​គ្មាន​អ្នក​ណា​មើល​ឃើញ ក៏​វា​នៅតែ​ជា​គុណ​តម្លៃ និង​ជា​ភាព​ស្រស់​ស្អាត​ដដែល។ ជីវិត​យើង​រស់​នៅ​មិន​ចាំបាច់​ទាល់តែ​មនុស្ស​គ្រប់​គ្នា​សរសើរ​ចូល​ចិត្ត​​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​បើក​ចិត្ត​ទូលាយ និង​ចេះ​ចែក​រំលែក​ប្រយោជន៍​ដល់​អ្នក​ដទៃ។ ទោះ​បី​មាន​របួស​ពេញ​ខ្លួន យើង​ក៏​ត្រូវ​រស់​នៅ​ដោយមាន​ភាព​រីករាយ​និង​ស្រស់​ស្អាត។ ជីវិត​ដែល​មាន​តម្លៃ ទោះ​បី​គ្មាន​អ្នក​ណា​មើល​ឃើញ វា​ក៏​នៅ​តែ​ជា​តម្លៃ​របស់​យើង។

និទាន​ខ្លី​ពី​តម្លៃ​មនុស្ស មាន​ព្រិល​មួយ​ដុំ កំពុង​តែ​ត្រូវ​បាន​កម្ដៅ​ថ្ងៃ​នៃ​សមុទ្រ​ខ្សាច់​សាហារ៉ា​ដុត​កម្ដៅ​ស្ទើរ​តែ​​រលាយ។ វា​ដក​ដង្ហើម​​ធំ​ហើយ​ពោល​ថា “សមុទ្រ​ខ្សាច់​គឺ​ជា​នរក​សម្រាប់​ខ្ញុំ តំបន់​ប៉ូល​ទឹក​កក​ខាង​ជើង​ឯណោះ​ទេ ទើប​ជា​ឋានសួគ៌​សម្រាប់​ខ្ញុំ”។ នៅ​ពេល​សមុទ្រ​ខ្សាច់​ឮ​ដូច្នេះ ​ក៏​លាន់​មាត់​ថា៖ “ឯង​ធ្លាក់​មក​ទី​នេះ ឯង​ក្លាយ​ជា​របស់​ដ៏​មាន​តម្លៃ តែ​បើ​ឯង​ធ្លាក់​ទៅ​តំបន់​ទឹក​កក ឯង​នឹង​ក្លាយ​ជា​របស់​ធម្មតា​ដែល​គ្មាន​តម្លៃ ព្រោះ​ទី​នោះ​​មាន​ព្រិល​ទឹកកក​ពាសពេញ!”។

របស់​ខ្លះ ទោះ​បី​មាន​ច្រើន​ក៏​នៅ​តែ​មាន​តម្លៃ ប៉ុន្តែ​របស់​ខ្លះ​អាច​មាន​តម្លៃ​ព្រោះ​វា​មាន​តិច។ សម្រាប់​មនុស្ស ទោះ​បី​មាន​តម្លៃ​តិច​ ឬ​ច្រើន យើង​ត្រូវ​មើល​ឃើញ​តម្លៃ​របស់​ខ្លួន​ឯង​ជា​មុន​សិន មិន​នឹង​ឲ្យ​អ្នក​ដទៃ​មើល​​ឃើញ​តម្លៃ​របស់​យើង។ បើ​សូម្បី​តែ​យើង​ក៏​មើល​មិន​ឃើញ​តម្លៃ​ខ្លួន​ឯង អ្នក​ដទៃ​នឹង​ចាត់​ទុក​យើង​ជា​របស់​គ្មាន​តម្លៃ​ដូច​គ្នា​ដែរ។ កុំ​រវល់​តែ​អង្គុយ​ខូច​ចិត្ត យើង​មិន​ដឹង​ទេ​ថា ជីវិត​បន្ត​ទៅ​នេះ​នឹង​មាន​អ្វី​កើត​ឡើង​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ខ្លះ? នៅ​ថ្ងៃ​ស្អែក​អាច​មាន​អ្វី​ជា​ច្រើន​ឲ្យ​យើង​ធ្វើ អាច​មាន​របស់​ឆ្ងាញ់​ជា​ច្រើន​រង់​ចាំ​ឲ្យ​យើង​ភ្លក់ មាន​មនុស្ស​ម្នា​ជា​ច្រើន​ដែល​យើង​នឹង​ត្រូវ​ជួប មាន​ក្ដី​សុខ​ជា​ច្រើន​ទៀត​ដែល​នឹង​ចូល​មក​ក្នុង​ជីវិត​យើង មាន​មនុស្ស​ល្អ​ៗ​រង់​ចាំ​ជួប​យើង។ល។

លើ​លោក​នេះ មាន​ទាំង​សុខ មាន​ទាំង​ទុក្ខ​នៅ​ឡូកឡំ​គ្នា។ នេះ​ហើយ​ដែល​គេ​ហៅ​ថា​រសជាតិ​ជីវិត​ដែល​មាន​ទាំង​ផ្អែម​ ល្វីង ប្រៃ​ ជូរ​ចត់។ ទោះ​បី​ថ្ងៃ​នេះ​យើង​ទុក្ខ​ធំ​ប៉ុណ្ណា គេង​លក់​មួយ​យប់ ក្រោក​ឡើង​យើង​នឹង​អាច​ភ្លេច​បាន។ កុំ​ទូល​រែក​បញ្ហា​ដែល​យើង​មិន​អាច​ដោះស្រាយ​បាន​នៅ​លើ​ស្មា​ឲ្យ​ហត់​នឿយ​ទទេ​ៗ។ សាក​ល្បង​ធ្វើ​ជា​មនុស្ស​បាត់​​ការ​ចង​ចាំ​ខ្លះ​ក៏​ល្អ​ដែរ។ អភ័យ​ទោស​ឲ្យ​គ្នា​​នៅ​ពេល​នេះ ល្អ​ជាង​គុំ​ក្នុង​ចិត្ត​ដល់​ថ្ងៃ​ស្លាប់។ អ្នក​ដទៃ​គិត​អ្វី យើង​មិន​អាច​ដឹង យើង​គ្រប់គ្រង​គេ​មិន​បាន​ទេ អ្នក​ដទៃ​ធ្វើ​អ្វី យើង​ក៏​មិន​អាច​បង្ខំ​គេ​បាន​ដែរ រឿង​តែ​មួយ​ដែល​យើង​អាច​ធ្វើ​បាន​គឺ ដើរ​លើ​ផ្លូវ​របស់​ខ្លួន​ឯង ធ្វើ​ជា​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​បំផុត គឺ​គ្រប់គ្រាន់​ហើយ ៕

​ចុចអាន៖ ​​ តាមពិតទើបខ្ញុំដឹងថាមនុស្សគួរស្រលាញ់មិនមែនអ្នកទេ គឺខ្ញុំគួរស្រលាញ់ខ្លួនឯង

ប្រភព៖ rugyim ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម