ទម្លាក់​កណ្ដុរ​ចូល​ឆ្នាំ​ស៊ុប ដើម្បី​ទារ​លុយ​ពី​ហាង​៧០​ដុល្លារ បែរ​ជាត្រូវ​ជាប់​គុក​៣​ឆ្នាំ

  • 2019-05-30 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើមឡើយ បុរស​ម្នាក់​នេះ​គ្រាន់​តែ​ចង់​ទម្លាក់​កណ្ដុរ​ចូល​ឆ្នាំ​ស៊ុប​ដើម្បី​ញ៉ាំ​ឥត​គិត​ថ្លៃ​មួយ​ពេល​តែ​ប៉ុណ្ណោះ តែ​ដោយ​សារ​តែ​ចិត្ត​លោភលន់​បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​លទ្ធផល​យ៉ាង​ជូរចត់។

កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន បុរស​ម្នាក់​ឈ្មោះ Guo បាន​ប្រកាស​ថា​ខ្លួន​បាន​រក​ឃើញ​កណ្ដុរ​ងាប់​មួយ​ក្បាល​នៅ​ក្នុង​ឆ្នាំង​ស៊ុប​របស់​ភោជនីយដ្ឋាន Hadilao នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ក្រោយ​មក​ ហាង​ធំ​នេះ​បាន​ជូន​គូប៉ុង​ញ៉ាំ​ឥត​គិត​ថ្លៃ​ឲ្យ​លោក។ បន្ទាប់​មក​ទៀត​គឺ​បាន​សង​ថ្លៃ​ជំងឺចិត្ត​ដល់​លោក​ ៣៥០០​ដុល្លារ។

យ៉ាងណាក៏ដោយ លោក​បាន​បដិសេធ​លុយ​នេះ ដោយ​ទារ​លុយ​ពី​ហាង​នេះ​ដល់​ទៅ ៥​លាន​យាន់ (ជាង​៧០​ម៉ឺន​ដុល្លារ)។ ដោយ​សារ​តែ​ភាគី​ទាំង​សងខាង​ចរចារ​មិន​ត្រូវ​គ្នា បុរស​ខាង​លើ​បាន​ទាក់ទង​ដល់​មន្ទីរគ្រប់គ្រង​ចំណីអាហារ​ រីឯខាង​ហាង​អាហារ​វិញ​បាន​ទាក់ទង​ដល់​ប៉ូលិស។ ក្រោយ​ស៊ើប​អង្កេត​មួយ​រយៈ លោក Guo ត្រូវ​ប៉ូលិស​ចាប់​ពី​បទ​ជំរិត​លុយ។

នៅ​លើ​តុលាការ​កាល​ពី​ខែ​មីនា​មុន​នេះ Guo បាន​ឲ្យ​ដឹង​ថា ពេល​ទៅ​លេង​ស្រុក លោក​បាន​ឃើញ​កណ្ដុរ​ងាប់​មួយ បន្ទាប់​មក​ក៏​ខ្ចប់​ចូល​ក្រុង។ លោក​បន្ថែម​ថា ដើម​ឡើយ ខ្លួន​គ្រាន់​តែ​ចង់​ញ៉ាំ​ហ្វ្រី​មួយ​ពេល​ប៉ុណ្ណោះ តែ​ស្រាប់​តែ​ចិត្ត​លោភលន់​កើត​ឡើង។

ជា​លទ្ធផល ចៅក្រម​បាន​ដាក់​ទោស​លោក​ថា បង្ខូច​កេរ្តិ៍​ឈ្មោះ​អ្នក​ដទៃ​ និង​ទោស​ជំរិត​លុយ។ ដោយ​តម្រូវ​ឲ្យ​លោក​សង​ជំងឺ​ចិត្ត ៥​ពាន់​ដុល្លារ និង​ជាប់​គុក​ចំនួន​៣​ឆ្នាំ៕

ចុចអានបន្ត៖ ស្រលាញ់​ខ្លាំង​​ពេក នារី​ជប៉ុន​​ចាក់​សម្លាប់​មិត្ត​ប្រុស​ចោល

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម