ក្ដីសុខនិងទុក្ខលំបាកពេលមានកូន ដែលអ្នកនៅលីវមិនអាចមានដូច

  • 2019-05-09 04:21:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បាន​រៀប​ការ​ជាមួយ​មនុស្ស​ដែល​យើង​ស្រលាញ់​គឺ​ជា​ក្ដី​សុខ​មួយ តែ​អាច​បង្កើត​កូន​ជាមួយ​មនុស្ស​ដែល​យើង​ស្រលាញ់​កាន់​តែ​ជា​ក្ដី​សុខ​កាន់​តែ​ធំ​ដែល​​មិន​អាច​បរិយាយ​បាន។ អារម្មណ៍​​ពេល​មិន​ទាន់​មាន​កូន និង​ក្រោយ​មាន​កូន​គឺ​ខុស​គ្នា​ខ្លាំង​ណាស់ ព្រោះ​ត្រូវ​ជួប​ទាំង​ភាព​សប្បាយ និង​លំបាក​ស្រប​ពេល​គ្នា។

សម្រាប់​អ្នក​នៅ​លីវ ឬ​អ្នក​ទើប​ស្រលាញ់​គ្នា​​មិន​ទាន់​រៀបការ ឬ​អ្នក​រៀបការ​ហើយ​មិន​ទាន់​ចង់​បាន​កូន​ប្រហែល​មិន​ទាន់​អាច​ទទួល​អារម្មណ៍​ពិសេស​នេះ​នៅ​ឡើយ​ទេ។ តោះ​មក​មើល​ជាមួយ​គ្នា​ថា​អារម្មណ៍​ពិសេស​នៃ​ការ​មាន​កូន​នោះ​យ៉ាង​ម៉េច​ខ្លះ៖

ក្ដី​សុខ

-សម្រាប់​មនុស្ស​ស្រី​ ពេល​ដឹង​ថា​អូន​ៗ​មក​នៅ​ក្នុង​ផ្ទៃ​ដំបូង​គឺ​ជា​អំណោយ​ទិព្វ​មួយ​ទៅ​ហើយ។ ទោះ​ត្រូវ​បាត់​បង់​សម្រស់ ​ត្រូវ​ស្ពាយ​ពោះ​ដែល​ធំ​បន្តិច​ម្ដងៗ​ទៅ​តាម​គ្រប់​ពេល ត្រូវ​ពិបាក​ធ្វើ​កិច្ចការ​ដែល​ធ្លាប់​តែ​ធ្វើ​បាន​ភ្លាមៗ​ពី​មុន ត្រូវ​តស៊ូ​នឹង​ការ​ឈឺ​ចាប់​ក្នុង​ពេល​សម្រាល​ ក៏​នៅ​តែ​ជា​ក្ដី​សុខ​ក្នុង​នាម​ជា​ម្ដាយ​គេ​ម្នាក់​ដដែល។

-ការ​ដែល​អាច​ស្ដាប់​ឮ​សំឡេង​កូន​តូច​ដ៏​គួរ​ស្រលាញ់​ម្នាក់​ហៅ​ថា "ម៉ាក់ៗ" ឬ​ "ប៉ាៗ" គឺ​ជា​អារម្មណ៍​រំភើប​និង​អស្ចារ្យ​រក​ថា​មិន​ត្រូវ ហើយ​ចង់​ឱ្យ​គេ​ហៅ​បែប​នេះ​គ្រប់​ពេល ព្រោះ​​បាន​ស្ដាប់​សំឡេង​ដ៏​គួរ​ឱ្យ​ស្រលាញ់​នេះ​ ទោះ​មក​ពី​ធ្វើ​ការ​ហត់​អស់​កម្លាំង​ក៏​មាន​កម្លាំង​ព្រឹស​វិញ​ដែរ។

-សម្រាប់​អ្នក​មាន​កូន​ដំបូង​ៗ ពេល​មក​ធ្វើ​ការ​អារម្មណ៍​នៅ​តែ​នឹង​កូន ឬ​ពេល​ឃើញ​កូន​គេ​តែង​នឹក​ស្រមៃ​ដល់​កូន​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន។

-ពេល​ទៅ​ផ្សារ ឬ​ដើរ​ទិញ​អីវ៉ាន់​ម្ដងៗ នឹក​ឃើញ​តែ​របស់​កូន​ជាង​របស់​ខ្លួន​ឯង ហើយ​លុយ​ដែល​ធ្លាប់​តែ​ចាយ​វាយ​ងាយ​ៗ​ពី​មុន​ក៏​ត្រូវ​គិត​គូរ​សម្រាប់​ទុក​ឱ្យ​កូន​វិញ​ដែរ។

-យប់​ឡើង​​ចង់​តែ​គេង​ឱប​ និង​ថើប​កូន​មួយ​យប់​ទល់​ភ្លឺ​ក៏​បាន បើ​សិន​មិន​បាច់​ត្រូវ​ធ្វើ​ការ​នៅ​ថ្ងៃ​ស្អែក។

-ទៅ​ណា​មក​ណា​ចង់​តែ​យក​កូន​ទៅ​តាម ព្រោះ​ទម្លាប់​​​ថ្នាក់ថ្នម​កូន​ ដល់​ពេល​អត់​មាន​កូន​មក​ជាមួយ​ដូច​ហេងហាង បាត់​អ្វី​ម្យ៉ាង។

-ពេល​ទៅ​ក្រៅ ឃើញ​កូន​អ្នក​ណា​ក៏​​ចេះ​ហៅ​ថា​កូន​ៗ​ដែរ ខុស​ពី​ពី​មុន​ដែល​អៀន​ ហៅ​បាន​ត្រឹម​តែ​ក្មួយ។

-មេរៀន​ទាក់​ទង​នឹង​វិជ្ជា​មេផ្ទះ​​ត្រូវ​ស្វែង​រក​មក​រៀន​ស្ទើរ​តែ​ទាំង​អស់ ទាំង​ការ​បី​បាច់​កូន​តូច វិធី​ធ្វើ​ម្ហូប វិធី​តុបតែង​ផ្ទះ​ជា​ដើម។

ទុក្ខ​លំបាក

-ត្រូវ​ក្រោក​យប់​ច្រើន​ដង​ដើម្បី​ដូរ​ខោ​ទឹក​នោម ឆុង​ទឹក​ដោះ​គោ ឬ​ឱ្យ​កូន​មឹម។ ព្រឹក​ឡើង​ភ្នែក​ដូច​ខ្លា​ឃ្មុំ។

-សម្រាប់​​ប្ដី​ប្រពន្ធ​តែ​២​នាក់​តទល់ ប្រហែល​អាច​ត្រូវ​​យក​កូន​ទៅ​ផ្ញើ​នឹង​ប៉ា​ម៉ាក់​ឱ្យ​ជួយ​មើល ឬ​មិន​អ៊ីចឹង​ទេ ត្រូវ​មាន​ម្នាក់​នៅ​ផ្ទះ​ចាំ​មើល​ថែ​កូន។

-ធ្វើ​ការ​អី​មិន​បាន​ស្រួល​ចិត្ត​ទេ មាន​កូន​មក​ឱប​ដៃ​ឱប​ជើង យំ​ទ្រហឹង​អឺងកង។ ជួន​កាល​រក​តែ​ពេល​ចូល​បន្ទប់​ទឹក​មិន​បាន​ផង ត្រូវ​ឮ​សំឡេង​យំ ឬ​គោះ​ទ្វារ​ពី​ក្រៅ​ តូងៗ។

-គ្មាន​ឡើយ​​ពាក្យ​ថា "Holiday” ព្រោះ​ទោះ​ឈប់​យូរ​ថ្ងៃ​យ៉ាង​ណា​ក៏​នៅ​តែ​រវល់​មើល​កូន​ដដែល។

-ទៅ​ណា​ម្ដងៗ អីវ៉ាន់​កូន​ច្រើន​ជាង​អីវ៉ាន់​ម៉ាក់​ប៉ា មាន​ទាំង​កន្ទប​ផង ទឹក​ដោះ​គោ​ផង រទេះ​រុញ​ផង កង់​ជិះ​ផង ខ្នើយ​ភួយ​ផង ឆត្រ​ផង មួក​ផង​ ដប​ទឹក​វិញ​មិន​ចេះ​តិច​ទេ។

-ត្រូវ​ប្រឹង​រក​លុយ​កើន​ទ្វេ​ដង ព្រោះ​ខ្លាច​ខ្វះ​ខាត​នៅ​ថ្ងៃ​ណា​មួយ ជា​ពិសេស​ពេល​កូន​ឈឺ​ជា។

-​ពេលគេង អូន​ៗ​វាទី​អស់​ហើយ ម៉ាក់​និង​ប៉ា​បាន​ត្រឹម​តែ​មួយ​ប្រឡោះ​ខ្លួន​ប៉ុណ្ណោះ ចំណែក​ក្នុង​ផ្ទះ​ទាំង​មូល​វិញ​គឺ​ថា​រាយ​ប៉ាយ រៀប​ប៉ុន្មាន​ដង​ក៏​មិន​ចេះ​រៀបរយ​ដែរ។

-ពេល​កូន​ឈឺ​ម្ដងៗ ម៉ាក់​ប៉ា​​ក៏​មិន​បាន​គេង​ដូច​គ្នា។

ទោះ​បី​មាន​ទុក្ខ​លំបាក​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​ក៏​ពិត​មែន ប៉ុន្តែ​ជឿ​ជាក់​ថា​អារម្មណ៍​ជា​ប៉ា​ម៉ាក់​គេ គឺ​មើល​ឃើញ​ក្ដី​សុខ​ច្រើន​ជាង ហើយ​ក៏​មិន​ដែល​នឿយ​ហត់​នឹង​មើល​ថែ​កូន និង​អប់​រំ​កូន​ឱ្យ​ដើរ​ផ្លូវ​ល្អ​មាន​អនាគត​រុងរឿង​ដែរ។

ជូន​ពរ​​ប្ដី​ប្រពន្ធ​ដែល​ទើប​រៀបការ​រួច​ឆាប់​មាន​អូនៗ​ឆាប់​ៗ នឹង​អាល​បាន​ស្គាល់​បទ​ពិសោធន៍​ដូច​បង​កញ្ញា​បាន​រៀប​រាប់​មួយ​ត្រួស​នេះ​​ទាំង​អស់​គ្នា​ណា!

​ចុចអាន៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម