ប៉ា ៥ ប្រភេទខុសៗគ្នាដែលកូនគ្រប់រូបគួរដឹង
- 2019-02-27 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ា ៥ ប្រភេទខុសៗគ្នាដែលកូនគ្រប់រូបគួរដឹង
បើយើងនឹកស្រមៃកាលនៅពីតូច មានរឿងជាច្រើនដែលយើងតែងចង់ឲ្យប៉ាធ្វើដើម្បីយើង ហើយមានរឿងខ្លះទៀតដែលយើងមិនចង់ឲ្យគាត់ធ្វើមកលើយើងទាល់តែសោះ។ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ដាច់ខាតកុំឲ្យអតីតកាល មានឥទ្ធិពលអាក្រក់ចំពោះជីវិតសព្វថ្ងៃរបស់អ្នកឲ្យសោះ ហើយសាកងាកមកមើលប៉ា៥ប្រភេទនេះវិញ ថាតើមានភាពខុសគ្នាបែបណាខ្លះទៅ?
ប្រភេទទី១៖ Prisoner of War (P.O.W.)
ប្រភេទទី១នេះ មានតួនាទីជាប៉ាគេមែន ប៉ុន្តែមិនសូវខ្វាយខ្វល់ពីកូនៗប៉ុន្មានទេ។ មិនត្រឹមតែប៉ុណ្ណោះ គាត់តែងតែមានចិត្តក្តៅ ហើយចូលចិត្តខឹងនឹងកូនសឹងតែគ្រប់ពេល។ កំហឹងទាំងនោះដែរ អាចប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍កូន និងអ្នកនៅជុំវិញ ព្រោះគាត់បាននិយាយពាក្យពេចន៍គំរោះគំរើយ កាយវិការច្រងេងច្រងាងជាដើម។ ចំណែកឯទិដ្ឋភាពក្នុងគ្រួសារក៏ខ្វះភាពកក់ក្តៅ និងតានតឹងមានសម្ពាធខ្លាំងណាស់។
ប្រភេទទី២៖ Missing in Action (M.I.A.)
ប៉ាប្រភេទទី២នេះ គឺជ្រើសរើសមិនចង់ឃើញមុខកូនតែម្តង។ គាត់បានធ្វើឲ្យកូនរស់រានមានជីវិតលើលោកដ៏ធំធេង ប៉ុន្តែគ្មានទំនួលខុសត្រូវមិនបានធ្វើអ្វីទាល់តែសោះដើម្បីពួកគេ។ ពេលខ្លះសូម្បីមុខក៏មិនដែលបង្ហាញ រស់នៅទីណាក៏មិនដឹង កូនគ្មានថ្ងៃស្គាល់។ ការឈឺចាប់និងភាពអាម៉ាស់ ដែលគាត់បានប្រព្រឹត្ត កាន់តែធ្វើឲ្យគាត់មិនហ៊ានប្រឈមការពិតនិងមានគម្លាតកាន់តែឆ្ងាយរវាងកូននិងឪពុក។
ប្រភេទទី៣៖ Absent Without Leave (A.W.O.L.)
ពិតណាស់គាត់ជាប៉ាដែលមានវត្តមាននៅក្នុងផ្ទះ ប៉ុន្តែអារម្មណ៍មិននៅក្នុងខ្លួន។ ទោះកូនឃើញមុខ ក៏មិនសូវហ៊ាននិយាយជាមួយ។ ពេលគាត់មកដល់ផ្ទះ គឺពុំមានភាពស្និទ្ធស្នាលជាមួយគ្រួសារឡើយ។ គាត់មិនមែនជាមនុស្សអាក្រក់អីទេ គ្រាន់តែគាត់មិនសូវនិយាយស្តីច្រើន ទើបធ្វើឲ្យអ្នកនៅក្នុងផ្ទះ ខ្វះភាពកក់ក្តៅ និងមានបរិយាកាសមិនស្រស់ស្រាយ។
ប្រភេទទី៤៖ Reserved Duty
គាត់ចាត់ទុកតួនាទីជាប៉ា ប្រៀបបាននឹងការងារក្រៅម៉ោងអីចឹង។ គាត់ស្រលាញ់យកចិត្តទុកដាក់ជាមួយកូនៗ។ ទោះរវល់យ៉ាងណា ក៏នៅតែអាចឆ្លៀតពេលចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកដើម្បីចំណាយវេលានេះនៅជាមួយកូនៗដែរ។ យ៉ាងណាការផ្តល់ឲ្យរបស់គាត់ នៅតែធ្វើឲ្យកូនមានអារម្មណ៍ថាមិនទាន់គ្រប់គ្រាន់ ព្រោះពួកគេចង់ឲ្យគាត់ចេះលៃលកពេលឲ្យបានរាល់ថ្ងៃ មិនមែនតែពេលទំនេរឡើយ។
ប្រភេទទី៥៖ Active Duty
ត្បិតប្រភេទចុងក្រោយនេះមិនមែនជាប៉ាដែលល្អឥតខ្ចោះក៏ដោយ ប៉ុន្តែគាត់ជាមនុស្សដែលតែងតែយកចិត្តទុកដាក់ ចេះលេងសើច ចាំជួយលើកទឹកចិត្តនិងជួយរកដំណោះស្រាយឲ្យកូនជានិច្ច។ ក្តីស្រលាញ់ដែលគាត់បានផ្តល់ឲ្យ បានឆក់យកបេះដូងកូនៗឲ្យស្រលាញ់គាត់វិញដូចគ្នា។ គាត់ក៏ជាប៉ា ដែលតែងព្យាយាមបំពេញរាល់តម្រូវការដែលកូនចង់បាន។ មានគាត់ជាប៉ា ធ្វើឲ្យកូនៗ មានមោទនភាព មានសំណាង និងពោរពេញដោយសុភមង្គល។
សរុបមក ប្រភេទខុសគ្នារវាងប៉ាម្នាក់ៗ អាចជះឥទ្ធិពលផ្សេងៗគ្នាទៅលើកូន។ ហេតុនេះហើយ សូមកុំបណ្តោយឲ្យចរិតធម្មជាតិ មកបង្កផលអាក្រក់ដល់ពួកគេដាច់ខាត។ ចូរធ្វើខ្លួនឲ្យស័ក្តិសមនឹងតួនាទីជាប៉ាល្អ មានទំនួលខុសត្រូវ ប្រកបដោយធម៌ ដែលជាបំណងប្រាថ្នារបស់កូនៗគ្រប់រូប៕
ចុចអានបន្ត៖ ប្រុសៗគួរអាន! ភាពខុសគ្នារវាងប្រពន្ធ និងស្រីក្រៅផ្ទះ