រឿង​ត្រី​ខ្លោច៖ ប្ដីប្រពន្ធត្រូវស្មោះត្រង់៩៩% និងចេះកុហក១% ទើបនៅជាមួយគ្នាបានសុខ

  • 2019-05-09 03:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មិន​ថា​ពេល​នៅ​ស្រលាញ់​គ្នា​ជា​សង្សារ ឬ​ឈាន​ដល់​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ទេ ភាព​ស្មោះ​ត្រង់​ជា​វត្ថុ​ទិព្វ​ដើម្បី​រក្សា​ចំណង​ស្នេហ៍​ឱ្យ​បាន​គង់​វង្ស។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​ថា​ភាព​ស្មោះត្រង់​ទាំង​អស់​អាច​ធ្វើ​ឱ្យ​ប៉ះទង្គិច​ចំណង​របស់​អ្នក​ទាំង​ពីរ​ទៅ​វិញ។ មូលហេតុ​នោះ​គឺ កាលៈទេសៈ​ខ្លះ​ពាក្យ​កុហក​តែ​ក្នុង​​ផ្លូវ​ល្អ​អាច​ជួយ​ដោះ​ស្រាយ​ស្ថានការណ៍​​លំបាក​បាន ច្រើនជាង​ពាក្យ​ពិត។

រូបតំណាង

ឧទាហរណ៍​ ពេល​ប្រពន្ធ​ដាំ​បាយ​ឆៅ ឬ​ចៀន​ត្រី​ខ្លោច​ បើ​និយាយ​ពី​ភាព​ស្មោះ​ត្រង់​តែ​ម្ដង ប្ដី​ច្បាស់​ជា​និយាយ​ថា "​ម្ហូប​អូន​ឯង​ញ៉ាំ​អត់​កើត​ទេ បាយ​ឆៅ ត្រី​ខ្លោច​អ៊ីចឹង​អ្នក​ណា​ញ៉ាំ​កើត?” តែ​បើ​ប្ដី​ដែល​ចេះ​ប្រើ​ពាក្យ​កុហក​តែ​ក្នុង​ន័យ​ស្ថាបនា ឬ​លើក​ទឹក​ចិត្ត គាត់​នឹង​និយាយ​ថា "ត្រី​នេះ​បើ​អូន​ចៀន​ប្រើ​ភ្លើង​តិច​ជាង​ហ្នឹង​បន្តិច វា​ប្រហែល​មាន​ពណ៌​ស្អាត ហើយ​សាច់​ទន់​ឆ្ងាញ់​ជាង​នេះ! ហើយ​បាយ​ បើ​អូន​ដាក់​ទឹក​ច្រើន​ជាង​នេះ​បន្តិច​​នឹង​ឆ្អិន​ល្អ​ ព្រោះ​បង​ចូល​ចិត្ត​ញ៉ាំ​បាយ​ទន់​ៗ អត់​សូវ​ចូលចិត្ត​ញ៉ាំ​បាយ​រឹង​ទេ"។

បើ​ស្ដាប់​ដំបូង ប្រហែល​ដឹង​ថា​គាត់​និយាយ​មិន​ស្មោះ​ពី​ចិត្ត​ហើយ តែ​ជា​ជាង​ការ​ប្រើ​ពាក្យ​បន្ទោស ពាក្យ​ទាំង​នេះ​អាច​ឱ្យ​ប្រពន្ធ​ដឹង​ថា​ គាត់​កំពុង​ព្យាយាម​លើក​ទឹក​ចិត្ត​នាង និង​អាច​ធ្វើ​ឱ្យ​នាង​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​ប្ដី​កាន់​តែ​ច្បាស់។

ជួនកាល​ពាក្យ​ត្រង់​មិន​មែន​សុទ្ធ​តែ​ល្អ​គ្រប់​ពេល ហើយ​ពាក្យ​កុហក​ក៏​មិន​មែន​សុទ្ធ​តែ​អាក្រក់​គ្រប់​ពេល​ដែរ។ សំខាន់​ថា​តើ​គោល​បំណង​នៃ​ពាក្យ​ពេចន៍​របស់​យើង​នោះ​បែប​ណា បើ​យើង​​ជ្រើស​រើស​ប្រើ​ពាក្យ​ណា​ដែល​មិន​ធ្វើ​ឱ្យ​អ្នក​ដែល​ស្ដាប់​ពាក្យ​នោះ​ហើយ​ឈឺ​ចាប់ វា​ជា​ពាក្យ​ល្អ​បំផុត​ហើយ មិន​ថា​ជា​ពាក្យ​កុហក ឬ​ស្មោះ​ត្រង់​ទេ។

រូបតំណាង

ជា​ប្ដី​ប្រពន្ធ​​​ដាច់​ខាត​ត្រូវ​តែ​មាន​ភាព​ស្មោះ​ត្រង់​នឹង​គ្នា ប៉ុន្តែ​ការ​ចេះ​ប្រើ​វិធី​លើក​ទឹក​ចិត្ត​គឺ​ជា​រឿង​សំខាន់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន។ មនុស្ស​ម្នាក់ៗ មាន​ចិត្ត​ខុសៗ​គ្នា ទោះ​បី​ជា​បង​ប្អូន​កើត​មក​ពោះ​ម្ដាយ​តែ​មួយ​នៅ​មាន​ចិត្ត​មិន​ដូច​គ្នា ចុះ​ទម្រាំ​យើង​ត្រូវ​រស់​នៅ​ជាមួយ​មនុស្ស​ម្នាក់​ដែល​ពី​មុន​យើង​មិន​ដឹង​គេ​រស់​នៅ​របៀប​ម៉េច​ផង យើង​​ច្បាស់​ជា​ត្រូវ​ចំណាយ​ពេល​យូរ​ដើម្បី​សម្រប​ខ្លួន និង​ឱ្យ​គេ​យល់​ពី​យើង​ដើម្បី​រស់​ជាមួយ​គ្នា​បាន​សុខ។

អ៊ីចឹង​ហើយ ទើប​ខ្ញុំ​នៅ​តែ​និយាយ​ថា​ ប្ដី​ប្រពន្ធ​ត្រូវ​ចេះ​ស្មោះ​ត្រង់​នឹង​គ្នា​៩៩% តែ​ក៏​កុំ​ភ្លេច​ចេះ​កុហក​១%​ផង ប៉ុន្តែ​ការ​កុហក​នោះ​ត្រូវ​តែ​មិន​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ទៀត​ឈឺ​ចាប់​ដាច់​ខាត៕

ចុចអាន៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម