មនុស្ស​ស្រី​លើក​លែង​ឲ្យ​ប្ដី​ក្បត់​លើក​ទី​១​​ គឺ​ចិត្តទូលាយ តែ​លើក​ទី​២​គឺ​ល្ងង់

  • 2019-04-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ត្រូវ​មនុស្ស​ប្រុស​ក្បត់​ម្ដង តើ​ការ​ឈឺចាប់ នឹង​ធំ​ដល់​ថ្នាក់​ណា? ទោះ​បី​ជា​ដឹង​ថា​គ្រួសារ​សំខាន់ អាណិត​កូន​តូច ស្ដាយ​ញើស​ឈាម​ដែល​​​ធ្លាប់​កម្សត់​កម្រ​នឹង​គ្នា តែ​ប្ដី​ដែល​មិន​ដឹង​កំហុស​ខ្លួន​ឯង​គឺ​មិន​សម​នឹង​ទុក​ឡើយ។

រូបតំណាង

មាន​ហេតុផល​ច្រើន ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្រី​លើក​លែង​ឲ្យ​ប្ដី​ដែល​ទៅ​មានស្រី​នៅ​ខាង​ក្រៅ។ ដោយ​សារ​​នៅ​ស្រលាញ់​ប្ដី ដោយ​សារ​តែ​គ្រួសារ​មួយ​នេះ​សំខាន់​ខ្លាំង។ នៅ​ក្នុង​មង្គលការ​មួយ អាច​និយាយ​បាន​ថា មនុស្ស​ស្រី​ចំណាយ​កម្លាំង​កាយ​ចិត្ត​ទាំង​អស់​ដើម្បី​រក្សា​សុភមង្គល​ឲ្យ​គ្រួសារ​ខ្លួន ទើប​មិន​ដាច់​ចិត្ត​ឈរ​ឱប​ដៃ​មើល​ប្ដី​បំផ្លាញ​ចោល​។ មនុស្ស​ស្រី​ត្រូវការ​សម្បុក​ដ៏​កក់​ក្ដៅ​មួយ ដើម្បី​ឲ្យ​កូន​ធំ​ដឹង​ក្ដី​ឡើង​មិន​ចាញ់​គេ។ ដោយ​សារ​តែ​ស្រលាញ់​កូន​ទើប សុខ​ចិត្ត​លេប​ទឹក​ភ្នែក​ចូល​​វិញ។

រូបតំណាង

មនុស្ស​ប្រុស​ខ្លះ​មិន​​មាន​បំណង​ក្បត់​ប្រពន្ធ​ឡើយ តែ​ដោយ​សារ​តែ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​មិន​បាន​តែ​ប៉ុន្មាន​វិនាទី​ក៏​ត្រូវ​មិត្តភ័ក្ដិ ក៏​ដូច​ជា​ឥទ្ធិពល​នៃ​ស្រា​នាំ​មុខ សាង​កំហុស​នឹង​ប្រពន្ធ។ មាន​មនុស្ស​ប្រុស​ដែល​ពិត​ជា​ដឹង​ពី​កំហុស​របស់​ខ្លួន​ ហើយ​មិន​ប្រព្រឹត្ត​ឡើង​វិញ​ជា​រៀង​រហូត។ ជាមួយ​នឹង​ប្ដី​ប្រភេទ​នេះ ប្រពន្ធ​គួរ​តែ​លើក​លែង​ឲ្យ​ម្ដង ព្រោះ​លើ​លោក​នេះ គ្មាន​អ្នក​ណា​ដែល​មិន​ធ្លាប់​ជ្រុលជ្រួស​នោះ​ឡើយ។ អ្វី​ដែល​សំខាន់​នោះ គេ​ចេះ​ថែ​ខ្លួន​ឬ​អត់​។ ​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ទាល់​តែ​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ខ្លះ ទើប​គេ​ចេះ​ឲ្យ​តម្លៃ​អ្វី​ដែល​ខ្លួន​មាន។

ផ្ទុយ​មក​វិញ បើ​គេ​មាន​ស្រី​ខាង​ក្រៅ ម្ដង​ជា​ពីរ​ដង តែ​យើង​នៅ​តែ​បន្ត​សណ្ដោស​ប្រណី​នោះ គេ​លែង​ហៅ​ថា​ចិត្ត​ទូលាយ តែ​គេ​ហៅ​ល្ងង់​វិញ​ទេ។ មាន​ហេតុផល​អ្វី​ដែល​ត្រូវ​ទ្រាំ​លេប​ថ្ម​ លេប​ក្រួស​ជាមួយ​មនុស្ស​ដែល​លែង​ស្រលាញ់​យើង​នោះ? ដោយ​សារ​តែ​គេ​ឃើញ​យើង​កំសាក មិន​ហ៊ាន​ចោល​គេ​នេះ​ហើយ ទើ​បគេ​ក្លាហាន​ទៅ​រក​ក្រៅ​មិន​ចេះ​ណាយ​បែប​នេះ​នោះ។

រូបតំណាង

ស្ត្រី​វ័យ​ឆ្លាត គឺ​ជា​មនុស្ស​ដែល​ដឹង​ថា​គួរ​បញ្ចប់​រឿង​នៅ​ពេល​ណា ពេល​ណា​ត្រូវ​ដើរ​ចេញ។ បើ​​ភាព​កក់​ក្ដៅ​របស់គ្រួសារ​ត្រូវ​ដោះ​ដូរ​ដោយ​សុភមង្គល​របស់​មនុស្ស​ស្រី​មួយ​ជីវិត​នោះ វា​មិន​ស័ក្ដិសម​ឡើយ៕

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel