«ទទួល​ស្គាល់​ការពិត​» ជា​វិធី​ដែល​អាច​ជួយ​ឲ្យ​អ្នក​កាត់​ចិត្ត​ពី​គេ​បាន​ល្អ​បំផុត

  • 2019-03-14 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បែក​គ្នា​ទាំង​មាន​ម្ខាង​ទៀត​នៅ​ស្រឡាញ់ អ្នក​ដែល​ឈឺចាប់​ខ្លាំង​នោះ​គឺ​អ្នក​ដែល​សល់​ចិត្ត​ហ្នឹង​ហើយ ព្រោះ​អ្នក​ដែល​អស់​ចិត្ត​គេ​គ្មាន​អី​ត្រូវ​ពិបាក​ចិត្ត​ទេ។

ធ្លាប់​គ្រប់គ្រង​ខ្លួន​ឯង​លែង​បាន​អត់? មាន​ន័យ​ថា​ឃាត់​ចិត្ត​លែងបាន​ គឺ​សុខចិត្ត​មុខ​ក្រាស់​ទៅ​សុំទោស​គេ​ ទៅ​អង្វរ​គេ​ឲ្យ​ត្រូវ​គ្នា​វិញ។ យំ​ផង អង្វរ​ផង សុំទោស​គេ​ផង ប៉ុន្តែ​សួរថា​ចុង​ក្រោយ​បាន​ការ​អី​ទេ? ប្រាកដ​ជា​អត់​ហើយ​ គឺ​បាន​ត្រឹម​គេ​ស្ដី​ឲ្យ​ គេ​ថា​ឲ្យ គេ​បដិសេធន៍​គ្រប់​យ៉ាង។ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អន់​​​​ ឬ​ក៏​ថោក​ទាប​ខ្លះ​អត់? ប្រហែល​ជា​មាន​ដែរ តែ​ដោយសារ​ក្ដី​ស្រឡាញ់​វា​ជ្រាលជ្រៅ​ពេក​ ទើប​អ្នក​លែង​ខ្វល់​ថា​ខ្លួន​ឯង​ធ្លាក់​ដល់​កម្រិត​ណា។

រឿង​បែប​នេះ​មាន​តែ​អ្នក​ដែល​ធ្លាប់​ជួប​ទេ​ ទើប​ដឹង​ថា​វា​មាន​រសជាតិ​បែប​ណា? បើ​អ្នក​មិន​ធ្លាប់​ជួប​នឹង​គិត​ថា​ហេតុអី​ចាំ​បាច់​បន្ទាប​ខ្លួន​ដើម្បី​មនុស្ស​ម្នាក់​បែប​នេះ? ការ​ពិត​ទៅ​អារម្មណ៍​ដែល​ស្រឡាញ់​អ្នក​ណា​ម្នាក់​ពិត​ប្រាកដ​គឺ​ជ្រាលជ្រៅ​ណាស់ ដូច្នេះ​ទើប​មាន​មនុស្ស​ពលី​ខ្លួន​ឯង​ខ្លាំង​ដើម្បី​ស្នេហា។ អារម្មណ៍​ដែល​មិន​អស់​ចិត្ត អារម្មណ៍​ដែល​គិត​ថា​ម្នាក់​នោះ​នៅ​តែ​ស្រឡាញ់​យើង​ អារម្មណ៍​ដែល​មិន​ទាន់​ទទួល​យក​ការ​បែក​បាក់​នេះ​បាន ទាំង​នេះ​ជា​អ្វី​ដែល​ជំរុញ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​លះបង់​គ្រប់​យ៉ាង​ដើម្បី​​តែ​មនុស្ស​ម្នាក់​ទៀត។

នៅ​ពេល​មួយ​ដែល​អ្នក​អាច​ប្រាប់​ខ្លួន​ឯង​ឲ្យ​ទទួល​យក​ការ​ពិត​នៃ​ការ​បែក​បាក់​មួយ​នេះ ប្រហែល​អ្នក​នឹង​ធូរ​ស្បើយ​ជាង​នេះ។ ទទួល​ស្គាល់​ថា​គេ​លែង​ជា​របស់​យើង​ហើយ ទទួល​ស្គាល់​ថា​គេ​លែង​ស្រឡាញ់​យើង ទទួល​ស្គាល់​ថា​គេ​ចង់​រស់​នៅ​ម្ខាង​ទៀត​នៃ​ជីវិត​យើង ទទួល​ស្គាល់​ថា​យើង​ត្រូវ​តែ​បាត់បង់​គេ។ អ្នក​ត្រូវ​រៀន​ទទួល​ស្គាល់​បែប​នេះ អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា​អ្នក​ត្រូវ​រៀន​រស់​ក្នុង​ជីវិត​មួយ​ថ្មី​ដែល​គ្មាន​គេ អ្នក​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា អ្នក​អាច​រស់​បាន។

គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ទី​បញ្ចប់ ដូច្នេះ​ស្នេហា​អ្នក​ក៏​ដល់​ទីបញ្ចប់​ហើយ​ដែរ អ្នក​មិន​អាច​ប្រកែក​មិន​ទទួល​បាន​ឡើយ។ ត្រៀម​ខ្លួន​ដើរ​លើ​អ្វី​ថ្មី​ អ្វី​ដែល​បន្ត​ទៅ​មុខ៕

ចុចអាន៖នៅ​ពេល​អស់​ចិត្ត គេ​នឹង​មាន​មួយ​លាន​ហេតុ​ផល​ដែល​ត្រូវ​ដើរ​ចេញ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម