មកមើលពីទេពកោសល្យ និងសម្រស់ជំទាវទី១ អាមេរិក និងកូរ៉េខាងជើង
- 2019-02-27 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលពីទេពកោសល្យ និងសម្រស់ជំទាវទី១ អាមេរិក និងកូរ៉េខាងជើង
ជំទាវទី១អាមេរិក Melenia Trump និងជំទាវទី១កូរ៉េខាងជើងសុទ្ធតែជាមនុស្សស្រីដែលទទួលបានការចាប់អារម្មណ៍ពីអ្នកគ្រប់គ្នាជាមួយសមត្ថភាព ក៏ដូចជារូបសម្បត្តិរបស់ខ្លួន។ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ជំនួបលើកទី២រវាងអាមេរិក និងកូរ៉េខាងជើងនឹងត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ លោកជំទាវទី១របស់រដ្ឋទាំង២នឹងចូលរួមក្នុងអង្គប្រជុំនេះឬអត់គឺជាចម្ងល់របស់មនុស្សជាច្រើន។ ទោះបីជាស្ថិតនៅទ្វីប២ផ្សេងគ្នាក៏ដោយ ក៏នារីទាំង២នេះទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើនដោយកត្តាផ្សេងៗគ្នា។ ដូចនេះចង់ដឹងថា ពួកគេមានសមត្ថភាពយ៉ាងម៉េចខ្លះ សូមតាមដានទាំងអស់គ្នា។
ជំទាវទី១សហរដ្ឋអាមេរិក Melania Trump៖ ធ្លាប់ជាកំពូលម៉ូដែល ចេះនិយាយ៥ ភាសា
លោកស្រី Melania Trump កើតថ្ងៃ២៥ ខែមេសា ឆ្នាំ១៩៧០ នៅទីក្រុង Novo Mesto ប្រទេស ស្លូវ៉ានៀ។ អាយុ១៦ ឆ្នាំ លោកស្រីបានហក់ចូលសិល្បៈធ្វើជាតារាម៉ូដែល។ អាយុ២២ ឆ្នាំ លោកស្រីជាប់ជាជយលាភីម៉ូដែលលេខ១នៃទស្សនាវដ្ដី Jana។ ម្ដាយលោកស្រីគឺជាអ្នកច្នៃម៉ូដខោអាវកូនក្មេង ចំណែកឪពុកជាអ្នកជំនួញលក់រថយន្ត។ លោកស្រីក៏មានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកឌីហ្សាញ និងអាចនិយាយ៥ ភាសាបានយ៉ាងរលូន។
ជំទាវទី១ប្រទេសកូរ៉េខាងជើង Ri Sol Ju៖ អ្នកនាំមុខស្ទីលស្លៀកពាក់របស់កូរ៉េខាងជើង
យោងតាមបណ្ដាញព័ត៌មានអន្តរជាតិ លោកស្រី Sol Ju មានអាយុប្រហែល៣០ ឆ្នាំ កើតក្នុងត្រកូលអ្នកអភិជននៅប្រទេសកូរ៉េខាងជើង។ ដោយមានឪពុកជាសាស្ត្រាចារ្យ និងម្ដាយជាវេជ្ជបណ្ឌិត។ លោកស្រីអាចកើតនៅចន្លោះឆ្នាំ ១៩៨៥ ដល់ ១៩៨៩។ លោកស្រីជាជំទាវទី១ ដំបូងគេបង្អស់របស់កូរ៉េខាងជើងដែលអាចបង្ហាញមុខជាសាធារណៈបាន។ មុនពេលក្លាយជាជំទាវទី១ លោកស្រីគឺជាសមាជិកក្រុមចម្រៀងជួរមុខមួយ និងរៀននៅសាកលវិទ្យាល័យ Kim Il Sung។ ប្រពន្ធលោក Kim Jung Un តែងត្រូវបានគេសរសើរថាជាអ្នកឈានមុខគេ ខាងផ្នែកស្លៀកពាក់ ដោយរាល់សម្លៀកបំពាក់របស់លោកស្រីមិនត្រឹមតែស្អាត ហើយថែមមើលទៅថ្លៃថ្នូរទៀតផង៕