ទៅផ្សារទំនើប ត្រូវចេះប្រយ័ត្នពេលទិញរបស់៤យ៉ាងនេះ
- 2019-02-21 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅផ្សារទំនើប ត្រូវចេះប្រយ័ត្នពេលទិញរបស់៤យ៉ាងនេះ
មនុស្សភាគច្រើន ដែលមិនចង់ទៅផ្សារធម្មតា ហើយចូលចិត្តដើរទិញរបស់របរឬម្ហូបអាហារផ្សេងៗនៅផ្សារទំនើបជាង ព្រោះពួកគេជឿជាក់ថា អាចទិញបានរបស់ស្រស់និងមានសុវត្ថិភាព។ តាមការពិតទៅ បើអ្នកមិនបានប្រយ័ត្ន និងពិនិត្យមើលឲ្យបានល្អទេនោះ អាចនឹងប៉ះចំរបស់អន់ដូចគ្នា ពិសេសគឺអាហារ៤ប្រភេទនេះតែម្តង។ ទោះបីឃើញគេដាក់លក់បញ្ចុះតម្លៃច្រើនយ៉ាងណា គួរកុំប្រថុយអីល្អជាង។
១. ផ្លែឈើបកហើយស្រាប់
វាមើលទៅពិតជាទាក់ភ្នែក ទំនងឆ្ងាញ់ គួរឲ្យចង់ញ៉ាំខ្លាំងណាស់។ ផ្លែឈើដែលមើលទៅស្រស់យ៉ាងនេះ តែយើងមិនអាចដឹងថា មុនពេលបកឬចិតសំបកចេញ តើគេបានលាងទឹកស្អាត មានអនាម័យត្រឹមត្រូវដែរឬអត់នោះទេ។ មួយវិញទៀត ផ្លែឈើដែលចិតសំបកទុកយូរ អាចបាត់បង់ជីវជាតិនិងវីតាមីនសំខាន់ៗ។ បើមានជាតិទឹកជ្រាបចូលទៅទៀត ផ្លែឈើនឹងផ្ទុកបាក់តេរី ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចំពោះសុខភាព។
២. អាហារសមុទ្រក្លាសេកករឹងខ្លាំង
អ្នកមិនដឹងទេថា អាហារសមុទ្រទាំងនោះបានដាក់ក្លាសេយូរប៉ុនណា ព្រោះរបស់ដែលកកហើយ ទោះគុណភាពមិនល្អ ក៏មើលទៅនៅតែស្រស់ញញឹមដដែល ពិសេសមានផ្សារទំនើបខ្លះ បានដាក់សារធាតុគីមី ដើម្បីរក្សាទុកឲ្យបានយូរទៀតផង។ ហេតុនេះហើយ មុនសម្រេចចិត្តទិញ ត្រូវពិនិត្យឲ្យបានម៉ត់ចត់សិន។
៣. សាច់កិន
កុំគិតថា ឲ្យតែសាច់កិនម៉ត់នៅផ្សារទំនើបមានអនាម័យទាំងអស់នោះ ព្រោះយើងមិនដឹងថា គេបានលាងសម្អាតម៉ាស៊ីនកិនត្រឹមត្រូវដែរទេ សាច់ស្រស់ដែរទេ ហើយសាច់នោះយកចេញពីផ្នែកណាមួយនៃជ្រូកឬគោមកកិននោះដែរ។
៤. សាច់ខ្ចប់ស្រាប់
សាច់កាត់ស្មើ តម្រៀបស្អាត ខ្ចប់ហើយស្រាប់ មើលទៅទំនងស័ក្តិសមជាមួយគ្រួសារមានគ្នាតិច។ យ៉ាងណាក៏ត្រូវប្រយ័ត្ន ព្រោះជួនកាលនៅលើកញ្ចប់ គ្មានកាលបរិច្ឆេទច្បាស់លាស់ ពិបាកមើលដឹងថាមួយណា ស្រស់ឲ្យពិតប្រាកដ។
ចុចអានបន្ត៖ មកដឹងអត្ថប្រយោជន៍ទាំង ៧ យ៉ាងរបស់ម្នាស់ដែលអ្នកគួរតែញ៉ាំឲ្យបានរាល់ថ្ងៃ