៦យ៉ាង​​​ក្នុង​ខ្លួន​មនុស្ស​ស្រី​ៗ​​ត្រូវ​ផ្លាស់​ប្ដូរ​​មិន​គួរ​ឲ្យ​ជឿ​ ក្រោយ​​សម្រាល​កូន​រួច​

  • 2019-02-13 06:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​មនុស្ស​ស្រី​យើង​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​​បន្ទាប់​ពី​សម្រាល​កូន​រួច​។​ នាង​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង​និង​កូន​​ៗ។ អ្នកវិទ្យាសាស្ត្រ​បាន​ប្រាប់​ថា​ ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​មួយ​នេះ​កើត​មាន​ឡើង​នៅ​ក្នុង​រាង​កាយ​អ្នក​ម្ដាយ​ចាប់​តាំង​ពី​កូន​ចាប់​កំណើត​ក្នុង​ផ្ទៃ​ម្ល៉េះ​ ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​នឹង​នៅ​ជាប់​ខ្លួន​នាង​អស់​មួយ​ជីវិត​។​ ថ្ងៃ​នេះ យើង​នឹងមក​ដឹង​ថា​ស្រី​ៗ​ប្រែប្រួល​អ្វី​ខ្លះ​បន្ទាប់​ពី​សម្រាល​កូន​រួច?

១. ប្ដូរ​​សំឡេង

​សំឡេង​​របស់​មនុស្ស​ស្រី​នឹង​ប្រែប្រួល​ ក្រោយ​ពេល​ផ្ដល់​កំណើត​ឲ្យ​កូន​ហើយ​។​ វា​នឹង​អន់​ថយ​ជាង​មុន​។​ នេះ​ជា​ការ​សន្និដ្ឋាន​របស់​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ Sussex ។ ប៉ុន្តែ​១​ឆ្នាំ​ក្រោយ​ វា​អាច​នឹង​វិល​មក​ដូច​ដើម​វិញ​។​ អ្នក​ស្រាវ​ជ្រាវ​បាន​និយាយ​ទៀត​ថា​ ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​មក​ពី​ការ​ប្រែ​ប្រួល​​អ័រម៉ូន។​ អ័រម៉ូន​ភេទ​មាន​ការ​ថយ​ចុះ​ខ្លាំង​បន្ទាប់​ពី​សម្រាល​កូន​រួច វា​ប៉ះ​ពាល់​ដល់​សរសៃ​ឈាម​។​

២. មាន​អារម្មណ៍​ព្រួយ​បារម្ភ​ច្រើន​ជាង​មុន

បន្ទាប់​ពី​សម្រាល​រួច​ ទោះ​អ្នក​ម្តាយ​ទាំង​អស់​ខំ​ប្រឹង​ធ្វើ​អារម្មណ៍​ស្ងប់​យ៉ាង​ណា​ក៏​មិន​អាច​ទៅ​រួច​ដែរ​។​ ពួក​គេ​នឹង​ភ័យ​ខ្លាច​ជា​មួយ​រឿង​គ្រប់​យ៉ាង​ ជា​ពិសេស​ពេល​ទារក​យំ​ ទារក​មិន​យំ​ ពេល​ទារក​មិន​គេង​ និង​ទាំង​ពេល​គេង​យូរ​ពេក​ក៏​ដោយ​។​ វា​មិន​មែន​ដោយ​សារ​តែ​អារម្មណ៍​របស់​ស្ត្រី​បែប​នេះ​ទេ​ តែ​មក​ពី​អ័រម៉ូន​អុកស៊ីតូស៊ីន​ដែល​រក្សា​ការ​កើន​ឡើង​នូវ​កម្រិត​នៃ​ថប់អារម្មណ៍​របស់​ស្ត្រី​។​ អ័រម៉ូន​មួយ​ទៀត​ឈ្មោះ​ថា​​ Progesterone មាន​មុខ​ងារ​ទទួល​ខុស​ត្រូវ​ការ​សម្រាក​នៃ​ប្រព័ន្ធ​ប្រសាទ​ និង​ជួយ​ការ​ពារ​ស្រ្តី​ពី​ស្ថាន​ភាព​បែប​នេះ​ តែ​វា​មាន​កម្រិត​ទាប​បន្ទាប់​ពី​សម្រាល​កូន​រួច​។​ ដូច្នេះ​ម្តាយ​គ្រប់​រូប​គួរ​តែ​សម្រប​ខ្លួន​ជា​មួយ​អារម្មណ៍​បែប​នេះ​បន្ទាប់​ពី​សម្រាល​កូន​រួច​។​

៣.ខួរ​ក្បាល​ធ្វើ​ការ​បាន​ល្អ​ជាង​មុន

អ្នក​វិទ្យាសាស្ត្រ​ប្រាប់​ថា ​ស្ត្រី​នឹង​ឆ្លាត​ជាង​មុន​ពេល​សម្រាល​កូន​ហើយ​។​ ខួរ​ក្បាល​ប្រែ​ជា​ធំ​ជាង​មុន​តាម​តម្រូវ​ការ​ខ្លួន​ឯង​ មិន​មែន​សម្រាប់​តែ​ទារក​ទេ​។​ នោះ​ហើយ​ជា​មូល​ហេតុ​ដែល​អ្នក​ម្ដាយ​អ្នក​មាន​កូន​ហើយ​ជា​បុគ្គលិក​ដ៏​ល្អ​ជា​អ្នក​ដែល​មិន​ទាន់​មាន​កូន​។មាន​សមត្ថភាព​ក្នុង​ការ​សម្រេច​ចិត្ត​ មាន​ភាព​រឹង​មាំ​ខាង​ផ្លូវ​ចិត្ត​ អាច​បង្កើត​យុទ្ធសាស្ត្រ​ផ្សេង​ៗ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​។​ ប្រៀប​បាន​ដូច​ជា​អ្នក​ដឹក​នាំ​មួយ​រូប​ចឹង​។​

៤. ងាយ​នឹង​មាន​កូន​ក្រោយ​ៗ​ទៀត

ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ស្ត្រី​ថយ​ចុះ​ខ្លាំង​ពេល​មាន​ផ្ទៃ​ពោះ​។​ វា​ត្រូវ​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ទប់​ស្កាត់​រាង​កាយ​ពី​ការ​រលូត​កូន​។​ កោសិកា​ T-cell មាន​មុខ​ងារ​ទទួល​ខុស​ត្រូវ​ចំពោះ​ជីវិត​ទារក​ក្នុង​ស្បូន​។​ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​ កោសិកា​ទាំង​នេះ​នឹង​បន្ត​មាន​នៅ​ក្នុង​រាង​កាយ​របស់​ស្ត្រី​រយៈ​ពេល​ ៤​-៥​ឆ្នាំ​បន្ទាប់​ពី​សម្រាល​កូន​រួច​ ហើយ​ពួក​វា​នឹង​ជួយ​សម្រួល​ដល់​រាង​កាយ​ក្នុង​ករណី​មាន​កូន​ជា​ថ្មី​ម្ដង​ទៀត​។​

៥. រាង​កាយ​ប្រែ​ជា​​ថ្មី​ម្ដង​ទៀត

ទាំង​អស់​នេះ​គឺ​ដោយ​សារ​តែ​ឈាម​របស់​ទារក​។​ វា​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ខ្លួន​អ្នក​ម្ដាយ​។​ កោសិកា​អំប្រ៊ីយ៉ុង​ជួយ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ឲ្យ​ជា​សះ​ស្បើយ​ពី​របួស​ និង​ការ​ពារ​ពី​ជំងឺ​ធ្ងន់ធ្ងរ​។​ ជា​ឧទាហរណ៍​ ស្រ្តី​ដែល​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ C បាន​បញ្ឈប់​ពី​ការ​ព្យាបាល​ ហើយ​គេ​ឃើញ​មាន​ការ​ប្រសើរ​ឡើង​។​ អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា​កោសិកា​ថ្លើម​របស់​នាង​ជា​កោសិកា​ថ្លើម​របស់​ទារក​។​

៦. កាត់​បន្ថយ​ការ​កើត​ជំងឺ​មហារីក

ស្ត្រី​ដែល​បាន​ផ្ដល់​កំណើត​ឲ្យ​កូន​នៅ​វ័យក្មេង​ មាន​ការ​ថយ​ចុះ​នូវ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​អូវែ និង​អ័រម៉ូន endometrium ។​ មនុស្ស​ស្រី​ដែល​មាន​កូន​នៅ​អាយុ​ ២៥​ឆ្នាំ​ ហើយ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គឺ​មិន​ងាយ​នឹង​កើត​ជំងឺ​មហារីក​សុដន់​ទេ​៕

ចុចអាន៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម