បើ​គេ​ពិត​ជា​ស្រឡាញ់​អ្នក និង​ត្រូវ​ការ​អ្នក​មែន គេ​មិន​ទៅ​ចោល​អ្នក​ទេ

  • 2018-12-03 08:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ដែល​សម្រេច​ច​ចិត្ត​បែក​គ្នា​មាន​ហេតុផល​ច្រើន​ណាស់ តែ​ហេតុផល​មួយ​ដែល​សំខាន់​ជាង​គេ គឺ​គេ​អស់​ស្រឡាញ់​អ្នក គេ​លែង​ត្រូវ​ការ​អ្នក។ បើ​មនុស្ស​ម្នាក់​នោះ​ពិត​ជា​ស្រឡាញ់​អ្នក​មែន គេ​នឹង​មិន​ទៅ​ចោល​អ្នក​ជា​ដាច់​ខាត។

ធ្លាប់​ឮ​គេ​និយាយ​អត់​ថា «បើ​គ្មាន​អ្នក​ទី៣ ទោះ​ឈ្លោះ​គ្នា​យ៉ាង​ណា​ក៏​មិន​អាច​បែក​គ្នា​ដែរ» ឬ​ក៏​មួយ​ទៀត​គេ​ថា «បើ​មនុស្ស​មិន​អស់​ចិត្ត​គេ​មិន​អាច​ចោលយើង​ទេ។»

ប្រហែល​វា​ជា​ការ​ពិត ព្រោះ​ខ្ញុំ​នៅ​តែ​ជឿ​ថា​បើ​មនុស្ស​២​នាក់​ពិត​ជា​ស្រឡាញ់​គ្នា និង​ត្រូវការ​គ្នា​មែន គេ​នឹង​រក​វិធី​ជួប​គ្នា​វិញ។ ការ​ទាស់ទែង ការ​ឈ្លោះ​ប្រកែក ការ​មិន​ចុះ​សម្រុង វា​គឺ​ចៀស​មិន​ផុត​ឡើយ​ក្នុង​ទំនាក់ទំនង​ស្នេហា តែ​អ្វី​ដែល​សំខាន់​គឺ​អាច​លើកលែង​ និង​កែប្រែ​បាន តែ​បើ​គ្រាន់​តែ​អ្នក​មាន​កំហុស​ហើយ​គេ​ក៏​ចាក​ចេញ​ទៅ នោះ​គេ​មិន​បាន​ស្រឡាញ់​ឲ្យ​ដល់​កម្រិត​មួយ​ជា​គូ​ជីវិត​នឹង​គ្នា​ឡើយ។

ពេល​ខ្លះ​អ្នក​គួរ​តែ​រៀន​ទទួល​យក​ការពិត ហើយ​ឈប់​ព្យាយាម​ឃាត់ និង​អង្វរ​មនុស្ស​ដែល​គេ​ចង់​ទៅ​ទៀត​ទៅ ព្រោះ​ទោះ​អ្នក​សុំទោស​មួយលាន​ដង អង្វរ​គេ​ដល់​ស្លាប់​ខ្លួន​ទៀត​ក៏​គេ​មិន​អាច​សម្របសម្រួល​គ្នា​ដែរ។

ត្រូវ​ហើយ​ប្រហែល​ជា​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ល្អ​សម្រាប់​គេ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​គេ​ចង់​បាន​ជា​គូ​អនាគត ដូច្នេះ​ទោះបី​ជា​មាន​កំហុស​តូច ឬ​ធំ​ក៏​គេ​មិន​អាច​អភ័យ​ឲ្យ​ខ្ញុំ។ ពេល​ខ្លះ​ខ្ញុំ​ក៏​ធ្លាប់​បន្ទោស​ខ្លួន​ឯង​ដែរ ថា​ហេតុអី​ខ្ញុំ​មិន​អាច​ល្អ​គ្រប់គ្រាន់​ជាង​នេះ តែ​កន្លង​ផុត​មួយ​រយៈ​មក​ខ្ញុំ​ក៏​គិត​យល់​ថា​នេះ​មក​ពី​គេ​ចង់​ទៅ មិន​មែន​មក​ពី​ខ្ញុំ​ល្អ​ ឬ​មិន​ល្អ​នោះ​ទេ។ បើ​គេ​មិន​ចង់​ចាកចេញ​ គេ​ប្រហែល​ជា​មិន​ទៅ​ចោល​ខ្ញុំ​ឡើយ គឺ​វា​ដូច​ជា​ខ្ញុំ​អីចឹង ទោះ​មាន​រឿង​អី​ក៏​ខ្ញុំ​មិន​ដែល​ចោល​គេ​ដែរ។

ខ្ញុំ​លែង​ចង់​ប្រើ​ការ​អង្វរ​ក ប្រើ​ទឹក​ភ្នែក​ឃាត់​អ្នក​ណា​ទៀត​ហើយ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​នោះ​ដោយសារ​តែ​ការ​អាណិត​អាសូរ មិន​មែន​ជា​ការ​ដែល​ស្រឡាញ់​ឡើយ។​ ខ្ញុំ​ក៏​លែង​ចង់​ឃាត់​អ្នក​ណា​ឲ្យ​រស់​នៅ​ជាមួយ​ខ្ញុំ​ទាំង​គេ​មិន​ចង់​ទៀត​ដែរ ព្រោះ​មិន​យូរ​មិន​ឆាប់​គេ​នៅ​តែ​ចាកចេញ​ដូចគ្នា។

ខ្ញុំ​ស្រឡាញ់​គេ ដូច្នេះ​ខ្ញុំ​នៅ​តែ​ចង់​រស់​នៅ​ជាមួយ​គេ តែ​មក​ពី​គេ​មិន​ស្រឡាញ់​ខ្ញុំ ទើប​គេ​ចាកចេញ។ វា​ជា​ហេតុផល​មួយ​ដែល​ងាយ​ស្រួល​យល់​បំផុត ហើយ​ក៏​មិន​បាច់​ទាមទារ​អី​ផ្សេង​មក​បន្លប់​ការ​ឈឺចាប់​មក​ពី​ការ​បែកបាក់​នេះ​ដែរ ព្រោះ​ការ​ពិត​ពួក​យើង​បាន​បែក​គ្នា​រួច​ទៅ​ហើយ៕

ចុចអាន៖ពេល​មួយ​ដែល​ខ្ញុំ​អស់​សង្ឃឹម​លើ​ស្នេហា​បំផុត ខ្ញុំ​មាន​តែ​ដើរ​ចេញ

អត្ថបទ៖ ផេង ផលធិតា