៤តិចនិក​ដើម្បី​ទិញ​ខោ​អាវ​អនឡាញ​ បាន​ត្រូវ​ចិត្ត និង​មិន​ត្រូវ​គេ​បោក

  • 2018-11-30 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យ​នេះ អ្នក​ណា​ៗ​ក៏​ប្រហែល​ជា​ធ្លាប់​ទិញ​អីវ៉ាន់​អនឡាញ​ហើយ​មែន​អត់ ទាំង​គ្រឿង​សម្អាង របស់​ប្រើប្រាស់​ពី​បរទេស រួម​ទាំង​សម្លៀកបំពាក់ ជា​ពិសេស​សម្លៀកបំពាក់​នេះ​ហើយ​គឺ​ជា​ទំនិញ​អនឡាញ​ពេញ​និយម​ជាង​គេ។ ប៉ុន្តែ​ការ​ទិញខោអាវ​នេះទៀត​សោត ក៏​ត្រូវ​មាន​តិចនិក​ខ្លះ​ដូច​គ្នា​ដើម្បី​កុំ​ឲ្យ​ទិញ​មក​ខុស​បំណង។ ដូច្នេះ​យើង​មក​អាន​តិចនិក​ចំនួន ៤​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​ ដើម្បី​ត្រៀម​ខ្លួន​បាន​ល្អ​ពេល​ Shopping លើក​ក្រោយ៖

១. ពិនិត្យ​មើល​ទំហំ​ឲ្យ​បាន​ល្អ

ចំណុច​ដំបូង​នេះ​គឺ​ចាត់​ទុក​ថា​សំខាន់​ខ្លាំង ព្រោះ​ការ​ទិញ​ទំនិញ​អនឡាញ​គឺ​មិន​អាច​ឲ្យ​អ្នក​ពាក់​ល​បាន​ដូច​នៅ​ហាង​ទូទៅ​នោះ​ទេ ដូច្នេះ​ហើយ​យើង​ចាំបាច់​ត្រូវ​ពិនិត្យ​មើល​ទំហំ​ឲ្យ​បាន​ល្អ ថា​ទំនិញ​ដែល​យើង​ចាប់​អារម្មណ៍​ត្រូវ​មាន​ទំហំ​ប៉ុណ្ណា ប្រវែង​ប៉ុណ្ណា ទំហំ​ចង្កេះ​ ត្រគាក ត្រូវ​កុំ​ឲ្យ​ខុស​នឹង​ទំហំ​ខ្លួន​ឯង។ អ្វី​ដែល​មិន​អាច​ខ្វះ​បាន​ គឺ​យើង​ក៏​គួរ​មាន​ម៉ែត្រ​មួយ​សម្រាប់​វាស់​ខ្លួន​ឯង ដើម្បី​ឲ្យ​បាន​ដឹង​ពី​ទំហំ​ច្បាស់​លាស់។​

២. ទិញ​បាន​លឿន​តាម​រយៈ​ការ​កត់ត្រា

ប្រសិន​បើ​អ្នក​មាន​ហាង​ណា​ដែល​អ្នក​គិត​ថា​នឹង​ទិញ​ជា​ប្រចាំ​ហើយ អ្នក​អាច​កត់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​ទំហំ​សម្លៀកបំពាក់ ឬ​ស្បែក​ជើង​ដែល​អ្នក​ពាក់ ទុក​ក្នុង​ទូរស័ព្ទ ដែល​ចំណុច​ល្អ​នៃ​ការ​កត់​ទុក​នេះ​គឺ​យើង​មិន​ចាំ​បាច់​ចំណាយ​ពេល​វាស់ ឬ​ប្រៀបធៀប​ទំហំ​ឲ្យ​លំបាក ដូច្នេះ​នៅ​ពេល​ដែល​ហាង​បង្ហោះ​រូប​ខោអាវ​ដែល​យើង​យល់​ថា​ត្រូវ​ចិត្ត និង​មាន​ចំនួន​កំណត់​ទៀត នោះ​យើង​នឹង​អាច​កក់​បាន​ទាន់​ពេល។

៣. អាន​ Comment អតិថិជន​ផ្សេង​ៗ

រាល់​ហាង​លក់​ទំនិញ​អនឡាញ មិន​ថា​នៅ​តាម​វិបសាយ អ៊ិនស្តាក្រាម ឬ​ក៏​ហ្វេសប៊ុក គឺ​តែងតែ​មាន​ប្រអប់​សម្រាប់​ការ​បញ្ចេញ​មតិ​យោបល់ ហើយ​យើង​ក៏​គួរ​អាន​មើល​ខ្លះ​ពី​មតិយោបល់​អតិថិជន​ផ្សេង​ៗ​ថា ទំនិញ​ដែល​​ពួក​គេ​ទិញ​ហើយ​នោះ​ តើ​ល្អ​ឬ​ទេ ក្រណាត់​ល្អ​ឬ​អត់ មាន​ការ​ដឹក​ជញ្ជូន​ខុស យឺតយ៉ាវ​ឬ​ក៏​អត់ ដើម្បី​ឲ្យ​បាន​ដឹង​ថា​ហាង​នោះ​ផ្ដល់​សេវា​គួរ​ឲ្យ​ទុកចិត្ត​បាន​ទេ។

៤. អាន​លក្ខខណ្ឌ​ហាង​នីមួយ​ៗ​ឲ្យ​បាន​ច្បាស់លាស់

គ្រប់ៗ​ហាង​តែងតែ​មាន​លក្ខខណ្ឌ​ និង​គោលការណ៍​ខុស​ៗ​គ្នា ហាង​ខ្លះ​មិន​ឲ្យ​ប្ដូរ​ទំនិញ​ដាច់​ខាត ហាង​ខ្លះ​ក៏​អនុញ្ញាត​ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​លើស​ពី​ ៣ថ្ងៃ ឬ​ហាង​ខ្លះ​តម្រូវ​ឲ្យ​ផ្ញើលុយ​ទៅ​ក្នុង​រយៈ​ពេល​២​ថ្ងៃ ពុំ​ដូច្នោះ​ទេ​នឹង​ត្រូវ Cancel Order ដែល​ទាំង​នេះ​គឺ​ជា​តួនាទី​របស់​យើង​ក្នុង​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ ដើម្បី​ការពារ​ផលប្រយោជន៍​ខ្លួន​ឯង​ពេល​មាន​បញ្ហា៕

ប្រិយមិត្ត​ណា​មាន​តិចនិក​ល្អ​ៗ​លើស​ពី​នេះ​ទៀត កុំ​ភ្លេច​ចែករំលែក​ផង​ណា!!

ប្រភព៖ Orami ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម