១០លក្ខណៈ​របស់​មនុស្ស​ស្រី​ខ្លាំង​​ពូកែ ដែល​អាច​​​ជា​​គោល​ជំហរ​​គ្រួសារ​បាន

  • 2018-11-14 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី បច្ចុប្បន្ន​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង​​កាន់​តែ​ច្រើន។ អ្វី​ដែល​សំខាន់​គឺ​ពួក​គេ​ក៏​មាន​សមត្ថភាព​មិន​ចាញ់​បុរស​ឡើយ។ ដូច​ដែល​យើង​ឃើញ​ហើយ​តាម​សារព័ត៌មាន​ផ្សេង​ៗ ថា​មនុស្ស​ស្រី​ជា​ច្រើន​អ្នក​បាន​តស៊ូ​មិន​ចុះ​ចាញ់​រហូត​បាន​ជោគជ័យ និង​ក្លាយ​ជា​អាយដល​របស់​មនុស្ស​ជាច្រើន។ ប៉ុន្តែ​បើ​អ្នក​ចង់​​ជោគជ័យ​ដូច​ជា​ពួក​គេ សូម​សាក​ល្បង​យក​លក្ខណៈ​សម្បត្តិ​របស់​មនុស្ស​ស្រី​រឹងមាំ​ចំនួន ១០​ចំណុច​ខាង​ក្រោម​នេះ​មក​អនុវត្ត​៖

១. ជឿជាក់​លើ​ខ្លួន​ឯង

មនុស្ស​ស្រី​ដែល​ទទួល​ជោគជ័យ​សុទ្ធ​តែ​មាន​ចំណុច​មួយ​ដូច​គ្នា នោះ​គឺ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ដែល​ស្ដែង​ឲ្យ​ឃើញ​ច្បាស់​តាម​រយៈ​សកម្មភាព​ទូទៅ។

២. តែង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន

មនុស្ស​ស្រី​រឹង​មាំ​នឹង​មាន​សមត្ថភាព​ខ្ពស់ មិន​ចាញ់​អ្នកណា ប៉ុន្តែ​សមត្ថភាព​ដែល​បាន​មក​នោះ​គឺ​សុទ្ធ​តែ​​កើត​ចេញ​ការ​ហ្វឹកហាត់​ជំនាញ​នានា និ​ង​ត្រៀម​ខ្លួន។

៣. មិន​ព្រម​ឲ្យ​អ្នក​ណា​មើល​មក​ថា​ទន់​ខ្សោយ

នាង​នឹង​មិន​ប្រើ​ងារ​ជា​មនុស្ស​ស្រី​​ដើម្បី​យក​ប្រៀប ឬ​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​ឡើយ។ នាង​នឹង​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង ឲ្យ​មាន​ភាព​ស្មើ​គ្នា។

៤. ឧស្សាហ៍ ខំប្រឹង​ធ្វើការ

ពាក្យ​ថា​ធ្វើ​ការ​ធ្ងន់ គឺ​មិន​ចាំបាច់​ត្រូវ​ធ្វើ​ការ​អត់​ដេក​អត់​ពួន​ដើម្បី​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​​ខំ​ធ្វើ​ការ​ទេ ប៉ុន្តែ​នាង​ធ្វើ​ការ​ដោយ​មាន​ភាព​វៃ​ឆ្លាត និង​រហ័ស។

៥. មើល​ឃើញ​តម្លៃ​ពេល​វេលា​គ្រប់​វិនាទី

នាង​ចាត់ចែង​ពេល​វេលា​ចាប់​ពី​វិនាទី​ឡើង ដោយ​រៀប​ចំ​គម្រោង​ធ្វើ​ការ​ទុក​ជា​មុន យ៉ាង​ហោច ១ថ្ងៃ និង​មាន​គោលដៅ​រយៈ​ពេល​វែង​ផង​ដែរ។

៦. ​ឲ្យ​តម្លៃ​គ្រួសារ​ជា​ធំ

នាង​អាច​បែង​ចែក​ពេល​វេលា​សម្រាប់​ការងារ និង​សម្រាប់​គ្រួសារ​មិន​​ឲ្យ​លើស​ខ្វះ​ដោយ​ប្រការ​ណា​មួយ​នោះ​ឡើយ។ វា​ពិត​ជា​មិន​មាន​ប្រយោជន៍​ទេ បើ​យើង​ជោគជ័យ​ក្នុង​ជីវិត​ការងារ ប៉ុន្តែ​គ្រួសារ​របស់​យើង​គ្មាន​ក្ដី​សុខ។

៧. មាន​ភាព​ជា​អ្នក​ដឹកនាំ

បើ​មាន​កូន​ចៅ​ជា​មនុស្ស​ប្រុស​ទៀត នាង​រឹត​តែ​បង្ហាញ​សមត្ថភាព និង​ភាព​ជា​អ្នក​ដឹកនាំ​ដើម្បី​​ឲ្យ​ពួក​គេ​អាច​ទទួល​ស្គាល់ ពេល​ខ្លះ​អាច​នឹង​ត្រូវ​ធ្វើ​ការ​ធ្ងន់​ជាង​គេ​ក៏​មាន។

៨. ពូកែ​រក​លុយ និង​ចេះ​ចាត់ចែង​លុយ

មនុស្ស​ស្រី​ដែល​ពូកែ​នឹង​ចេះ​ផ្ដោត​លើ​ការ​រក​លុយ និង​កាត់​បន្ថយ​ចំណាយ​ដែល​មិន​ចាំបាច់ ព្រម​ទាំង​ចេះ​យក​លុយ​ទៅ​បណ្ដាក់​ទុន​ដើម្បី ឲ្យ​លុយ​កើតកូន​កើត​ចៅ​បាន​ទៀត។

៩. មិន​រវល់​តែ​តាម​រក​ស្នេហា

មនុស្ស​ស្រី​ដែល​ជា​ទី​ប្រាថ្នា​របស់​មនុស្ស​ប្រុស មិន​ចាំបាច់​ត្រូវ​តែ​ស្អាត​ដូច​ស្រី​ទេពអប្សរ​ទេ គ្រាន់​តែ​ជា​មនុស្ស​ស្រី​ដែល​មាន​មន្ត​ស្នេហ៍ និង​ចរិត​លក្ខណៈ​ល្អ​គឺ​គ្រប់គ្រាន់​បាត់​ទៅ​ហើយ។

១០. ជួយ​គាំទ្រ​ឲ្យ​នារី​ៗ​ដទៃ​កាន់​តែ​រឹងមាំ​ដែរ

មនុស្ស​ស្រី​ដែល​ពូកែ​ពិត​ប្រាកដ​នឹង​មិន​រវល់​តែ​ច្រណែន​មនុស្ស​ស្រី​ដទៃ ឬ​ខ្លាច​ថា​មាន​អ្នក​ណា​មក​វ៉ាមុខ​ក្នុង​តួនាទី​ការងារ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​នាង​មាន​តែ​ជួយ​ជ្រោមជ្រែង​គ្នា​ថែម ៕

ចុចអានបន្ត៖

ប្រភព៖ 108resources ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម