រឿង​១០​យ៉ាង ដែល​ម្ដាយ​ក្មេក​មិន​គួរ​ធ្វើ​ដាក់​កូនប្រសា​ទាល់តែ​សោះ

  • 2018-10-18 09:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្ដាយ​ក្មេក​មួយ​ចំនួន​គិត​ថា នៅ​ពេល​កូន​ប្រសា​រៀបការ​ចូល​ផ្ទះ​របស់​ខ្លួន​ហើយ​ នាង​នឹង​ត្រូវ​មើល​ថែ​បម្រើ​គ្រប់​គ្នា​នៅ​ក្នុង​ផ្ទះ​នោះ បើ​ហ៊ាន​ព្រងើយ​កន្តើយ​នឹង​ត្រូវ​មាត់។ ជា​ច្រើន​លើក​ច្រើន​សា​​​ដែល​ខ្ញុំ​ត្រូវ​ម្ដាយ​ក្មេក​ជេរ​ស្ដី​ខ្លាំង ពេល​ម្ដាយ​ខ្ញុំ​ឃើញ​​គាត់​ក៏​ឈឺ​ចិត្ត ទើប​ពោល​នូវ​ប្រយោគ ១០​ឃ្លា​នេះ៖

រូបតំណាង

**១.** នៅ​ពេល​កូន​ខ្ញុំ​រវល់​ការងារ​ផ្ទះ ចង់​សុំ​ឲ្យ​កូន​អ្នក​ជួយ អ្នក​បែរ​ជា​និយាយ​ថា​មិន​បាច់​ជួយ​ទេ ​អីចឹង​​នៅ​ពេល​អ្នក​ត្រូវ​ការ​មនុស្ស​បម្រើ ក៏​កុំ​បាច់​ហៅ​​នាង​វិញ​ដូច​គ្នា។

២. នៅ​មុខ​កូន​ប្រុស កុំ​​ចេះ​តែ​និយាយ​ថា​កូន​ប្រសា​មិន​ល្អ​យ៉ាង​នេះ​យ៉ាង​នោះ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​គេ​ឈ្លោះ​គ្នា​លើស​ដើម ឬ​អាច​ឈាន​ដល់​ការ​បែក​គ្នា។ បើ​ពួក​គេ​បែក​គ្នា​ដោយ​សារ​អ្នក នោះ​អ្នក​មាន​បាប​ធ្ងន់​ណាស់។

៣. កុំ​បង្ខំ​ឲ្យ​កូន​ប្រសា​មើល​ថែ​កូន​ប្រុស​អ្នក​ដូច​​អ្នក​អី។ គេ​ជា​កូន​ប្រុស​របស់​អ្នក ប៉ុន្តែ​គេ​ជា​ប្ដី​របស់​នាង នាង​ប្រណិប័តន៍​ចំពោះ​គេ​ក្នុង​នាម​ជា​ស្វាមី មិន​មែន​កូន​ប្រុស​នោះ​ឡើយ។

៤. កូន​ប្រុស​ខ្ជិល​ប៉ុណ្ណា យើង​ជា​ម្ដាយ​គេ​ប្រាកដ​ជា​ដឹង​ច្បាស់ អីចឹង​កុំ​និយាយ​ថា​កូន​យើង​រវល់​ការងារ ហើយ​ការងារ​ផ្ទះ​ត្រូវ​តែ​កូន​ប្រសា​ជា​អ្នក​ធ្វើ។ ត្រូវ​ចេះ​ប្រើ​ហេតុផល​ថ្លឹងថ្លែង កុំ​កាន់​ជើង​កូន​ខ្លួន​ឯង​ខ្លាំង​ពេក។

៥. កូន​ប្រុស​​អ្នក​ក៏​គ្រាន់​តែ​ជា​មនុស្ស​ធម្មតា​ម្នាក់ មិន​មែន​​ល្អ​ឥតខ្ចោះ​ដូច​អ្នក​គិត​នោះ​ទេ ដូច្នេះ​ហើយ​​កូន​ប្រសា​​ក៏​មិន​ចាំ​បាច់​បម្រើ​លើក​គេ​ដាក់​លើ​ក្បាល​ដែរ សុំ​ឲ្យ​តែ​​ពួក​គេ​ចេះ​ស្រលាញ់ យល់​ចិត្ត​គ្នា​គ្រប់គ្រាន់​ហើយ។

៦. នៅ​ពេល​កូន​ប្រសា​ទិញ​របស់របរ​ជូន​ឪពុក​ម្ដាយ​នាង សូម​អ្នក​កុំ​ច្រណែន ព្រោះ​ឪពុក​ម្ដាយ​នាង​បាន​លះបង់​ដើម្បី​នាង​ច្រើន​ជាង​អ្នក​ឆ្ងាយ​ណាស់។

៧. មិនបាច់​និយាយ​ម្ដង​ហើយ​ម្ដង​ទៀត​ថា គ្រួសារ​ខាង​កូន​ប្រសា​ក្រ ឬ​មាន​ប៉ុណ្ណា​នោះ​​ទេ ព្រោះ​មិន​ថា​​មាន​ ឬ​ក្រ​​​ប៉ុណ្ណា ក៏​​វា​មិន​ទាក់ទង​អី​នឹង​អ្នក​​ដែរ។

៨. បើ​ចង់​ឲ្យ​កូន​ប្រសា​កតញ្ញូ ចេះ​បារម្ភ​សុខទុក្ខ​អ្នក អ្នក​ក៏​គួរ​ធ្វើ​ល្អ​ចំពោះ​នាង​ដែរ ល្អ​ទៅ​ល្អ​មក មិន​មែន​​ចង់​បាន​អ្វី​តែ​សម្រាប់​ខ្លួន​ឯង ហើយ​បង្ខំ​ឲ្យ​អ្នក​ដទៃ​ធ្វើ​តាម​ខ្លួន​នោះ​ទេ។

៩. កុំ​ប្រៀបធៀប​ ឬ​អួត​ថា​កូន​ប្រសា​ផ្ទះ​អ្នក​ដទៃ​ល្អ​យ៉ាង​ម៉េច​ៗ ព្រោះ​ទោះ​បី​គេ​ល្អ​ប៉ុណ្ណា ក៏​គេ​ជា​កូន​ប្រសា​អ្នក​ដទៃ។ ចង់​បាន​កូន​ប្រសា​ល្អ អ្នក​ត្រូវ​ធ្វើ​ខ្លួន​ជា​ម្ដាយ​ក្មេក​ល្អ​សិន។

១០. កុំ​ធ្វើ​ឲ្យ​កូន​ប្រសា​រ៉ាប់រង​​ការងារ​ផ្ទះ​ផ្ដាច់​មុខ ព្រោះ​វា​ជា​អ្វី​​ដែល​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ត្រូវ​ជួយ​គ្នា។

រូបតំណាង

ស្វាមី​គ្រប់​គ្នា​តែង​ប្រាប់​ភរិយា​ថា “អូន​ត្រូវ​ធ្វើ​ល្អ​ជា​មួយ​ម៉ាក់​បង​ណា គាត់​ចិញ្ចឹម​បង​មក​លំបាក​ណាស់” ប៉ុន្តែ​មិន​សូវ​មាន​កូន​ប្រុស​ណា​ប្រាប់​ម្ដាយ​ខ្លួន​ថា “ម៉ាក់​ សុំ​ម៉ាក់​ល្អ​ជាមួយ​ប្រពន្ធ​ខ្ញុំ​ផងណា នាង​ត្រូវ​ចេញ​ពី​ផ្ទះ ដើម្បី​មក​នៅ​ជាមួយ​យើង ដូច្នេះ​វា​មិន​ស្រួល​ទេ​សម្រាប់​នាង”។

មនុស្ស​ស្រី នៅ​ពេល​រៀប​ការ​រួច​ក៏​ត្រូវ​​ចាក​ចេញ​ពី​ផ្ទះ​ដែល​ខ្លួន​ធ្លាប់​រស់​នៅ ដើម្បី​ទៅ​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​រហូត​ដល់​ចាស់។ បើ​សិន​ទាំង​ប្ដី ទាំង​ម្ដាយ​ក្មេក​មិន​យល់​ចិត្ត​នាង នាង​នឹង​ហាក់ក្លាយ​​ជា​កូន​កំព្រា ដែល​មិន​បាន​ទទួល​ក្ដី​ស្រលាញ់ និង​ការ​មើល​ថែ​យក​ចិត្ត​ទុក​ដាក់ដូច្នោះ​ដែរ​ ៕

ចុចអានបន្ត៖

ប្រភព៖ rugyim ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម