៦សញ្ញា​ដំបូង​​បញ្ជាក់​​ថា ​អ្នក​ក្លាយ​ជា​ម្ដាយ​គេ​ហើយ​​

  • 2018-10-16 08:50:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​មួយ​ជីវិត​មនុស្ស​ស្រី​ អ្វី​ដែល​ប៉ង​ធំ​បំផុត​នោះ​គឺ​បាន​ចិញ្ចឹម​​បី​បាច់​កូន​ប្រុស​ស្រី​របស់​ខ្លួន​​ផ្ទាល់​។​​ ជាក់​ស្ដែង​ វេជ្ជបណ្ឌិត Karen Nordahl ឯកទេស​ផ្នែក​សម្ភព​នៅ​ប្រទេស​កាណាដា បាន​បញ្ជាក់​ថា​ ​ពេល​​រាង​កាយ​របស់​មនុស្ស​ស្រី​ប្រែ​ប្រួល​ នោះ​សញ្ញា​ទាំង​៦​នេះ​អាច​បង្ហាញ​បាន​ថា​ នឹង​​មាន​ការ​ចាប់​កំណើត​គភ៌​នៅ​ក្នុង​ផ្ទៃ​អ្នក​ជា​មិនខាន៖

១.​ ការ​ភើ​ ឬ​ចង្អោរ

​អាការៈ​នៃ​ការ​ចាប់​ផ្ដើម​មាន​ផ្ទៃពោះ​ដំបូង​អាច​មាន​ដូច​ជា​ ការ​ភើ​ ​ចង្អោរ​ ​ចង់​ក្អួត​ជា​ញឹក​ញាប់​​ ​ទម្ងន់​ចាប់​ផ្ដើម​ស្រក​​ និង​ខ្វះ​ជាតិ​ទឹក​​ខុស​ធម្មតា​។​ អាការៈ​ទាំង​​នេះ​អាច​​ធ្ងន់ធ្ងរ​រហូត​ដល់​ថ្នាក់​​​ក្អួត​ជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ រហូត​ដល់​ចង់​សន្លប់​ផង​ដែរ។​​ ជាទូទៅ​សញ្ញា​ទាំង​នេះ​នឹង​បាត់​ទៅ​វិញ ​បន្ទាប់​ពី​ពពោះ​បាន​​២០​សប្ដាហ៍​ ប៉ុន្តែ​វា​ក៏​អាច​បន្ត​បាន​រហូត​ដល់​ពេញ​រយៈ​ពេល​​នៃ​ការ​ពពោះ​តែ​ម្ដង​ក៏​មាន​។

២.​ ឈឺ​ដើម​ទ្រូង​

​ដើម​ទ្រូង​ឡើង​តឹង​ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ពាក់​អាវ​​ទ្រនាប់​ ឬ​ពិបាក​ក្នុង​ការ​គេង​ ក៏​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃ ពោះ​ផង​ដែរ។​ មូល​ហេតុ​ដែល​នាំ​ឲ្យ​ដើម​ទ្រូង​ឡើង​តឹង​ គឺ​ដោយ​សារ​បម្រែបម្រួល​​​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​របស់​ម្ដាយ​ដែល​ត្រៀម​សម្រាប់​ការ​បំបៅ​ដោះ​កូន​ក្នុង​ពេល​​ឆាប់ៗ​។​

៣.​ ក្ដៅ​ក្នុង​

ក្រៅ​ពី​ចង់​ក្អួត​ហើយ​ អ្នក​ម្ដាយ​នឹង​មាន​អាការៈ​ក្ដៅ​ក្នុង​ខ្លាំង​ ដែល​ធ្វើ​ឲ្យ​​មាន​អារម្មណ៍​​ថា បំពង់​ក​​កំពុង​រង​ការ​​រលាក​ ជា​ពិសេស​នៅ​ពេល​​ឱនឬ​គេង​។ បើ​អ្នក​​ម្ដាយ​មាន​អាការៈ​បែប​នេះ ​អ្នក​គួរ​តែ​ចៀស​វាង​ការ​ញ៉ាំ​អាហារ​បំពង​ និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ឬ​​ហឹរ​ រួម​បញ្ចូល​ទាំង​ផ្លែឈើ​ដែល​មាន​ជាតិ​ជូរ​ផង​ដែរ​។

​​​​​​​​​​៤.​ ហើមពោះ

​ការ​ហើម​ពោះ​ដែល​បណ្ដាល​មក​ពី​វដ្ដ​រដូវ​របស់​មនុស្ស​ស្រី​មាន​ការ​ប្រែ​ប្រួល​ក៏​អាច​ជា​សញ្ញា​ដំបូង​នៃ​ការ​មាន​ផ្ទៃ​ពោះ​ផង​ដែរ​។​

៥.​ ឈឺ​ផ្នែក​ខាង​ក្រោម​​

ពេល​ដែល​អំប្រ៊ីយ៉ុង​បាន​ចូល​ទៅ​កាន់​ស្បូន​ អ្នក​ម្ដាយ​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង​ ជា​ពិសេស​នៅ​ខាង​ក្រោម​ពោះ​របស់​ខ្លួន។ លើស​ពី​នេះ​​ ការ​ផ្លាស់​ប្ដូរ​​​អ័រម៉ូន​ក៏​អាច​បង្ក​ឲ្យ​ស្រ្ដី​មាន​អាការៈ​​ឈឺ​ត្រគាក​​ ហើយ​ទាំង​នោះ​ក៏​ជា​សញ្ញា​ដំបូង​​នៃ​ការ​មាន​ផ្ទៃពោះ​​​​ផង​ដែរ​។

៦.​​ ការ​បាត់​រដូវ​​

សម្រាប់​អ្នក​ដែល​មាន​រដូវ​ទៀងទាត់​ ការ​បាត់​រដូវ​នេះ​ជា​សញ្ញា​​ច្បាស់​លាស់​បំផុត​​ដែល​បញ្ជាក់​ថា​ អ្នក​​មាន​ផ្ទៃពោះ​ហើយ​។ ពេល​ដែល​បាត់​​រដូវ​ភ្លាមៗ​​ អ្នក​អាច​ទិញ​​ឧបករណ៍​សម្រាប់​ពិនិត្យ​រក​ផ្ទៃពោះ​ ឬ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​ច្បាស់​លាស់​បំផុត​​។​​​​

ចុច​អាន​បន្ដ៖​ មិន​ប្រយ័ត្ន​មិន​បាន​ទេ! ពេល​មាន​ផ្ទៃ​ពោះ ស្ត្រី​ត្រូវ​ចៀសវាង​ការងារ​ផ្ទះ​ទាំង​នេះ

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ Khuon Sovanvatey

អត្ថបទពេញនិយម