ងូត​ទឹក​ក្នុង​ពេល​ទាំង​៦​នេះ ប្រយ័ត្ន​ទៅ​ជា​ឈឺ ឬ​ឈាន​ដល់​ស្លាប់​​

  • 2018-10-06 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ងូត​ទឹក​អាច​ជួយ​ជម្រះ​ក្អែល​ចេញ​ពី​រាងកាយ​បាន​ ប៉ុន្តែ​មិន​មែន​ពេល​ណា​ក៏​អាច​ងូត​ទឹក​បាន​នោះ​ទេ។ គួរ​យល់​ដឹង​ពី​ពេល​វេលា​មួយ​ចំនួន​ខាង​ក្រោម​នេះ ដែល​ជា​ពេល​មិន​ល្អ​សម្រាប់​ការ​ងូត​ទឹក​ទាល់​តែ​សោះ មិន​អ៊ីចឹង វា​នឹង​ធ្វើ​ឱ្យ​អ្នក​ទៅ​ជា​ឈឺ​ ឬ​មាន​បញ្ហា​ភ្លាមៗ។

១- ងូត​ទឹក​​​យប់​ជ្រៅ​ពេក​៖

​អ្នក​ជំនាញ​បាន​ណែនាំ​ថា ហាម​ងូត​ទឹក​ក្រោយ​ម៉ោង​១១​យប់​ ព្រោះ​រយៈ​ពេល​នេះ សីតុណ្ហភាព​អាកាសធាតុ​នឹង​ចុះ​ទាប​បំផុត ហើយ​រាង​កាយ​របស់​អ្នក​ក៏​ត្រូវ​ចុះ​ខ្សោយ និង​អស់​កម្លាំង ត្រូវ​ការ​ការ​សម្រាក​ដែរ​។ ការ​ងូត​ទឹក​នៅ​ពេល​នេះ នឹង​ធ្វើ​ឱ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​ប្រែប្រួល​ភ្លាមៗ និង​ឈាន​ទៅ​រក​ការ​បង្រួញ​សរសៃ​ឈាម ដែល​អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល ​អាច​ប៉ះពាល់​សួត ឬ​បណ្ដាល​ឱ្យ​ដាច់​សរសៃ​ឈាម។

២- ងូត​ទឹក​ភ្លាម ក្រោយ​ញ៉ាំ​បាយ​រួច៖

ងូត​ទឹក​ក្រោយ​ពេល​បាយ​ភ្លាមៗ​នឹង​ធ្វើ​ឱ្យ​ក្រពះ​ទៅ​ជា​ចុះ​ខ្សោយ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ដែរ​ ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​មាន​អាការៈ​ឈឺ​ក្រពះ។ ក្រៅ​ពី​នេះ វា​ក៏​បណ្ដាល​ឱ្យ​មាន​បញ្ហា​សរសៃ​ឈាម រាំង​ស្ទះ​ដល់​ចរាចរណ៍​ឈាម រាង​កាយ​ក៏​ចុះ​ទន់​ខ្សោយ​ផង​ដែរ​។

៣- ងូត​ទឹក​ភ្លាម ក្រោយ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង៖

ជាតិ​អាល់កុល​នឹង​រារាំង​ដល់​ចលនា​ថ្លើម និង​ធ្វើ​ឱ្យ​គ្លុយកូស​នៅ​ក្នុង​ឈាម​ដំណើរ​ការ​មិន​ល្អ ដែល​នឹង​បណ្ដាល​ទៅ​ជា​ឈឺ​ក្បាល វិល​មុខ អស់​កម្លាំង​ល្ហិតល្ហៃ​ជា​ដើម​។ បើ​កាន់​តែ​​ធ្ងន់ធ្ងរ វា​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​ស្មារតី ឬ​សន្លប់​​ដោយ​សារ​ខ្វះ​ជាតិ​ស្ករ។

៤- ​​ងូត​ទឹក​ពេល​រាង​កាយ​កំពុង​អស់​កម្លាំង​៖

កុំ​គិត​ថា ការ​ងូត​ទឹក​ពេល​កំពុង​អស់​កម្លាំង​នឹង​ជួយ​ឱ្យ​រាងកាយ​បាន​សម្រាក និង​មាន​កម្លាំង​ឡើង​វិញ​ ព្រោះ​ការ​ពិត វា​ជា​រឿង​គ្រោះ​ថ្នាក់​ទៅ​វិញ​ទេ។ សាច់ដុំ​ដែល​អស់​កម្លាំង​អាច​ធ្វើ​ឱ្យ​លំហូរ​នៃ​ឈាម​មាន​ការ​ថយ​ចុះ ដូច្នេះ​បើ​អ្នក​ងូត​ទឹក​ក្នុង​រយៈ​ពេល​នេះ​ វា​នឹង​នាំ​ឱ្យ​កើត​ជំងឺ​ផ្ដាសាយ​ ក្ដៅ​ខ្លួន​ ឬ​អស់​កម្លាំង​ដល់​ស្លាប់​ក៏​​ថា​បាន​។

៥-​ងូត​ទឹក​ពេល​កំពុង​ក្ដៅ​ខ្លួន​៖

បើ​រាងកាយ​អ្នក​ឡើង​កម្ដៅ​ដល់​៣៨​អង្សា ឬ​ច្រើន​ជាង​នេះ ហាម​ងូត​ទឹក​ដាច់​ខាត ព្រោះ​វា​នឹង​បង្ក​ទៅ​ជា​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ហើយ​នាំ​ឱ្យ​ដាច់​សរសៃ​ឈាម ឬ​ប៉ះពាល់​ដល់​ជីវិត​ទៀត​ផង។

៦- ហាត់​ប្រាណ ឬ​លេង​កីឡា​រួច​ភ្លាម ចូល​ងូត​ទឹក​ភ្លាម​៖

កាល​ណា​ខ្លួន​អ្នក​កំពុង​បែក​ញើស រន្ធ​ញើស​ក៏​បើក​ធំ​ដែរ។ វេជ្ជបណ្ឌិត​ជា​​ច្រើន​បាន​ណែនាំ​ថា ការ​ងូត​ទឹក​ភ្លាម​បន្ទាប់​ពី​ប្រើ​កម្លាំង​លេង​កីឡា ឬ​ហាត់​ប្រាណ​រួច អាច​នាំ​ឱ្យ​មាន​បញ្ហា​គាំង​បេះដូង ការ​​នាំ​ឈាម​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​មិន​បាន​គ្រប់​គ្រាន់ និង​បង្ក​ជា​ជំងឺ​ផ្សេងៗ​បាន​យ៉ាង​ឆាប់​រហ័ស។ យក​ល្អ ត្រូវ​អង្គុយ ឬ​សម្រាក​ឱ្យ​ស្ងួត​ញើស​សិន សឹម​ងូត​ទឹក​តាម​ក្រោយ។

​បើ​ពេល​វេលា​ខាង​លើ​សុទ្ធ​តែ​មិន​អាច​ងូត​បាន ចុះ​ពេល​ណា​ទើប​ងូត​ទឹក​បាន​ទៅ? ចម្លើយ​គឺ គួរ​ងូត​ទឹក​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ប៉ុន្តែ​មិន​ត្រូវ​ងូត​យូរ​ៗ​ពេក​ទេ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​ស្បែក​បាត់​បង់​ជាតិ​សំណើម និង​អាច​បាត់បង់​បាក់តេរី​មាន​ប្រយោជន៍​មួយ​ចំនួន​ដែល​ជួយ​ការ​ពារ​ស្បែក​៕

ចុចអាន៖ ទម្លាប់​​៦​យ៉ាង​ពេល​ងូត​ទឹក​ ស្រី​ៗ​គួរ​បញ្ឈប់​ បើ​មិន​ចង់​ប៉ះពាល់​សុខភាព​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម