១១សញ្ញា​​បង្ហាញ​​​ថា​គេ​​មិន​បាន​ស្រឡាញ់​យើង​ស្មោះ

  • 2018-09-09 22:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​គ្រប់​គ្នា​តែង​ចង់​បាន​​ភាព​ជឿជាក់​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ចង់​បាន​ភាព​ប្រាកដ​ប្រជា​ដែល​អាច​រួម​ដំណើរ​ជាមួយ​គ្នា​ទៅ​អនាគត​បាន។ ក៏​ប៉ុន្តែ​បើ​មានសញ្ញា​ ១៣​យ៉ាង​នេះ​ហើយ គឺ​មាន​ន័យ​ថា​សង្សារ​របស់​អ្នក​មិន​បាន​ស្រឡាញ់​អ្នក​ពិត​ប្រាកដ​នោះ​ទេ៖  

១១. មិន​នាំ​យើង​ឲ្យ​គ្រួសារ​បានស្គាល់

មនុស្ស​ស្រឡាញ់​គ្នា​ក៏​គួរ​ផ្ដល់​កិត្តិយស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​ស្រឡាញ់​គ្នា​យូរ​ហើយ​គេ​​មិន​ហ៊ាន​ណែនាំ​យើង​ឲ្យ​អ្នក​ផ្ទះ​ ឬ​សូម្បី​មិត្តភ័ក្ដិ​គេ​ស្គាល់​ផង ដូច្នេះ​អាច​មាន​ន័យ​ថា​គេ​មិន​បាន​ស្រឡាញ់​យើង​ពិត​ប្រាកដ​នោះ​ទេ។  

១០. មិន​ដែល​ចាប់​អារម្មណ៍​យើង​សោះ

ស្រឡាញ់​គ្នា​កាន់​តែ​យូរ​គេ​កាន់​តែ​សោះ​អង្គើយ មាន​ន័យ​ថា​ទំនាក់ទំនង​នេះ​មាន​បញ្ហា​ហើយ។ បើ​បន្ត​បែប​នេះ អ្នក​នឹង​មាន​អារម្មណ៍​ចង់​ដើរ​ចេញ​ដោយ​ឯកឯង​តែ​ម្ដង។  

៩. ចូលចិត្ត​ប្រើ​កម្លាំង​

នៅ​ពេល​ឈ្លោះ​ជាមួយ​យើង​ គេចូល​ចិត្ត​ស្រែក ឬ​ប្រើ​កម្លាំង​បាយ​ជាមួយ​យើង ឬ​របស់​នៅ​ជុំវិញ​ខ្លួន។ មនុស្ស​បែប​នេះ​បើ​អ្នក​បន្ត​​កាន់​តែ​យូរ គឺ​មាន​តែ​រង​អំពើ​ហិង្សា​ពី​គេ​កាន់​តែ ច្រើន​តែ​ប៉ុណ្ណោះ។

៨. តែងតែ​ប្រៀបធៀប​យើង​ជាមួយ​អ្នក​ដទៃ

បើ​គេ​ស្រឡាញ់​យើង​ពិត គេ​គួរ​តែ​ស្រឡាញ់​យើង​ជា​យើង បើ​គេ​ចូលចិត្ត​តែ​ប្រៀបធៀប​យើង​ជាមួយ​អ្នក​ដទៃ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​អ្នក អ្នក​គួរ​ប្រាប់​គេ​តាម​ត្រង់។ បើ​គេ​នៅ​តែ​មិន​ឈប់ អាច​ប្រាប់​ឲ្យ​គេ​ទៅ​ស្រឡាញ់​អ្នក​ដទៃ​តែ​ម្ដង​​ទៅ មិន​ចាំ​បាច់​មក​រវល់​ជាមួយ​យើង​នោះ​ទេ។

៧. មិន​ទុក​មុខ​ឲ្យ​យើង

បើ​គេ​ចូលចិត្ត​និយាយ​អ្វី​ឲ្យ​យើង​ខ្មាស​គេ​ជា​សាធារណៈ ចូលចិត្ត​និយាយ​ពី​ចំណុច​ខ្សោយ​របស់​យើង​ឲ្យ​អ្នក​ដទៃ​ស្ដាប់​ ជា​ពិសេស​រឿង​សម្ងាត់​ៗ​ផ្ទាល់​ខ្លួន​ដែល​គួរ​ដឹង​តែ​ពីរ​នាក់​ក៏​យក​ទៅ​និយាយ​ដែរ​នោះ មាន​ន័យ​ថា​អ្នក​គួរ​ដក​ខ្លួន​ឲ្យ​ហើយ​ទៅ។

៦. ជា​មនុស្ស​ពូកែ​កុហក

ទំនាក់ទំនង​ស្នេហា​មួយ​ត្រូវ​ចាប់​ផ្ដើម​ពី​ភាព​ជឿជាក់​គ្នា​បាន បើ​ថ្ងៃ​ណា​មួយ​គេ​ចាប់​ផ្ដើម​កុហក​ ដំបូង​ៗ​យើង​អាច​អភ័យ​ទោស​បាន តែ​បើ​កុហក​ជា​ទម្លាប់​ហើយ ក៏​មាន​ន័យ​ថា​គេ​គ្មាន​ចិត្ត​ស្មោះជាមួយ​យើង​ដែរ។  

៥. ក្បត់​ចិត្ត​យើង

ចំណុច​នេះ​ច្បាស់​ណាស់ បើ​គេ​ស្រឡាញ់​យើង​ស្មោះ គេ​គ្មាន​ថ្ងៃ​ទៅ​មាន​អ្នក​ទី​ពីរ អ្នក​ទី​បី ឲ្យ​យើង​ឈឺ​ចិត្ត​នោះ​ទេ។ មនុស្ស​ប្រុស​មិន​ចេះ​​ស្កប់ស្កល់ គ្មាន​អ្វី​គួរ​ឲ្យ​ស្ដាយ​ស្រណោះ​នោះ​ឡើយ។  

៤. មិនគាំទ្រ​ក្ដី​ស្រមៃ​របស់​យើង

ជា​សង្សារ​នឹង​គ្នា​យើង​ក៏​គួរ​ផ្ដល់​ការ​គាំទ្រ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​​សម្រាប់​ក្ដី​ស្រមៃ​របស់​យើង យើង​ក៏​ចង់​​បាន​កម្លាំង​ចិត្ត​មួយ​ចំណែក​​ពី​គាត់​ដែរ តែ​បើ​គាត់​មិន​ដឹង​សូម្បី​តែគោលដៅ​របស់​យើង​គឺ​អ្វីនោះ មាន​ន័យ​ថា​គាត់​មិន​ដែល​ខ្វល់​ពី​យើង​ឡើយ។  

៣. គ្មាន​ពេល​វេលា​ឲ្យ​យើង

មាន​សង្សារ​ដែល​ទុក​ឲ្យ​យើង​ឯកោ ទុក​ឲ្យ​យើង​នៅ​ម្នាក់​ឯង​រហូតដូច្នេះ ក៏​មិន​ខុស​ពី​គ្មាន​សង្សារ​ដែរ។ ពេល​វេលា​សម្រាប់​មិត្តភ័ក្ដិ​មាន ពេល​វេលា​លេង​ហ្គេម​មាន មើល​កុន​មាន តែ​គ្មាន​ពេល​នៅ​ជាមួយ​យើង បែប​នេះ​ក៏​មិន​កើត​ដែរ។ ក្ដី​ស្រឡាញ់​ក៏​ដូច​ជា​ការ​ដាំ​ដើម​ឈើ​ដែរ គឺ​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ស្រោ​ចទឹក​ ថែទាំ ជា​ប្រចាំ តែ​បើ​ដើម​ឈើ​ខ្វះ​​ទឹក​ហើយ មិន​យូរ​មិន​ឆាប់ វា​នឹង​ត្រូវ​ងាប់។

២. ពេល​យើង​មាន​បញ្ហា​ គេ​មិន​ដែល​នៅ

ពេល​ដែល​យើង​មាន​បញ្ហា គេ​បែរ​ជា​បាត់​មុខ​ឈឹង បណ្ដោយ​ឲ្យ​យើង​ឆ្លង​កាត់​រឿង​ទាំង​អស់​​តែ​ម្នាក់​ឯង។ យ៉ាង​ហោច​ណាស់​ក៏​គួរ​ផ្ដល់​កម្លាំង​ចិត្ត រង់​ចាំ​ស្ដាប់​ថា​យើង​បាន​ជួប​បញ្ហា​អ្វី​ខ្លះ ចាប់​អារម្មណ៍​ពី​បញ្ហា​យើង​ខ្លះ​ក៏​បាន តែ​បើ​គ្មាន​ទាំង​ចំណុច​នេះ​ទៀត អ្នក​គួរ​ពិចារណា​​ឡើង​វិញ​ហើយ។  

១. មិន​ដែល​និយាយ​រឿង​អនាគត​

ស្រឡាញ់​គ្នា​មួយ​យូរ​ឆ្នាំ​​ទៅ​ហើយ តែ​មិន​ដែល​និយាយ​រឿង​អនាគត​ជាមួយ​គ្នា​សោះ នោះ​ក៏​មាន​ន័យ​ថា​គេ​ស្រឡាញ់​យើង​ដើម្បី​បំបាត់​អផ្សុក តែ​មិន​បាន​គិត​ប្រាកដ​ប្រជា​ជាមួយ​យើង​ឡើយ។

ទំនាក់ទំនង​ស្នេហា​ ទោះ​ក្នុង​រូបភាព​បែប​ណា​ក៏​ដោយ ក៏​គួរ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ មើល​ថែ​ពី​ភាគី​ទាំង​សង​ខាង។ បើ​ពេល​នេះ​ប្រិយមិត្ត​នារី​ៗ​រូប​ណា​កំពុង​មាន​បញ្ហា​ស្នេហា សូម​គិត​​រំឭក​ខ្លួន​ឯង​ឡើង​វិញ​ពី​​​​ពេល​វេលា​ដែល​មាន​ក្ដី​សុខ ហើយ​សាក​ល្បង​បើក​ចិត្ត​និយាយបញ្ហា​នោះ​​ជាមួយ​គាត់។ ក្រៅ​ពី​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​គាត់​ហើយ វា​ក៏​ជា​ការ​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​ឯង​ដែរ ប៉ុន្តែ​បើ​និយាយ​គ្នា​ហើយ​គ្មាន​អ្វី​ប្រសើរ​ឡើង​ទេ វា​ក៏​គួរ​ដល់​ពេល​ដែល​អ្នក​ត្រូវ​ពិចារណា​ឡើង​វិញ ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម