៥​គន្លឹះ​ជួយ​​ឲ្យ​អ្នក​លួច​ស្រលាញ់​គេ​តែ​ម្នាក់​ឯង​​​មាន​ក្ដី​សុខ​ ទោះ​អត់​សង្ឃឹម ឬ​មាន​សង្ឃឹម​ក៏​ដោយ

  • 2018-09-07 08:08:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿ​ថា​មាន​ប្រិយមិត្ត​នារី​ជា​ច្រើន​បាន​និង​កំពុង​លង់​ស្រលាញ់​នរណា​ម្នាក់​តែ​ម្នាក់​ឯង។ វា​មិន​មែន​ជា​រឿង​ស្រួល​ទេ​ដែល​យើង​ស្រលាញ់​គេ​ហើយ​មិន​អាច​និយាយ​បាន ថែម​ទាំង​ត្រូវ​ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​ដើម្បី​កុំ​ឲ្យ​គេ​ដឹង​ខ្លួន​​នោះ។ ដូច្នេះ​ហើយ​បាន​ជា​ពេល​ខ្លះ ការ​ស្រលាញ់​បែប​នេះ​ធ្វើ​ឲ្យ​យើង​កើត​ទុក្ខ​តែ​ម្នាក់​ឯង។ ប៉ុន្តែ​ដឹង​អត់​ថា ទោះ​ស្រលាញ់​គេ​ម្នាក់​ឯង​ក៏​យើង​អាច​មាន​ក្ដី​សុខ​បាន​ដែរ? ចង់​ដឹង​ថា​អាច​តាម​វិធី​ណា​នោះ​ សូម​តាមដាន​ជាមួយ​កញ្ញា​ខាង​ក្រោម​នេះ៖

រូបតំណាង

**១. ក្ដី​សុខ​របស់​គេ​ក៏​ជា​ក្ដី​សុខ​របស់​យើង**

ជា​ដំបូង​យើង​ត្រូវ​ទទួល​ស្គាល់​សិន​ថា យើង​មាន​ឋានៈ​ត្រឹម​ជា​មនុស្ស​លួច​ស្រលាញ់​គេ ដូច្នេះ​ហើយ​យើង​មិន​ត្រូវ​ចូល​ទៅ​រញ៉េរញ៉ៃ​ ឬ​ធ្វើ​ឲ្យ​គេ​​ធុញ​នោះ​ទេ បើ​មិន​ចង់​បាត់​បង់​គេ។ យើង​ត្រូវ​គិត​ជានិច្ច​ថា ក្ដី​សុខ​របស់​គេ​ក៏​ជា​ក្ដី​សុខ​របស់​យើង។ ប្រាកដ​ជា​គ្មាន​ឡើយ​អ្នក​ដែល​ចង់​ឲ្យ​មនុស្ស​ដែល​ខ្លួន​លួច​ស្រលាញ់​គ្មាន​ក្ដី​សុខ មែន​អត់? បើ​អ្នក​មិន​អាច​ធ្វើ​ជា​ក្ដី​សុខ​សម្រាប់​គេ​បាន​ទេ ហើយ​នៅ​ថ្ងៃ​ណា​មួយ​គេ​បាន​ជួប​​ស្នេហា ឬ​ក្ដី​សុខ​ពិត​របស់​គេ យើង​ក៏​គួរ​តែ​រីករាយ​ជាមួយ​គេ ព្រោះ​បើ​យើង​រិះគន់ ឬ​ខឹង​​នោះ​មាន​ន័យ​ថា​យើង​អាត្មា​និយម​បន្តិច​ហើយ។

២. ព្រួយ​បារម្ភ និង​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គេ​ពី​ចម្ងាយ

ច្បាប់​សម្រាប់​​មនុស្ស​លួច​ស្រលាញ់​គេ គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​គេ​លំបាក​​ចិត្ត ដូច្នេះ​យើង​ត្រូវ​ចាំ​បារម្ភ និង​ផ្ដល់​កម្លាំង​ចិត្ត​​ឲ្យ​គេ​ពី​ចម្ងាយ​បាន​ហើយ។ បើ​គេ​មាន​រឿង​អ្វី​មិន​សប្បាយ​ចិត្ត អ្នក​អាច​ធ្វើ​ខ្លួន​ជា Hero និង​នៅ​ក្បែរ​គេ​នៅ​ថ្ងៃ​​ដែល​គេ​ទន់​ខ្សោយ ដូច្នេះ​គេ​នឹង​មាន​អារម្មណ៍​កក់​ក្ដៅ​ដែល​មាន​អ្នក​នៅ​ក្បែរ។ បណ្ដោយ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​និង​គេ​វិវត្ត​ទៅ​យឺត​ៗ​បែប​នេះ​ក៏​បាន វា​ក៏​ល្អ​ជាង​មិន​ធ្វើ​អ្វី​សោះ។ គ្រាន់​តែ​បាន​ធ្វើ​ជា​មនុស្ស​ដែល​អាច​​ឲ្យ​គេ​ញញឹម​បាន​ឡើងវិញ វា​ក៏​ជា​រឿង​សប្បាយ​ចិត្ត​មួយ​បាត់​ទៅ​ហើយ។

៣. ពេញ​ចិត្ត​ទំនាក់ទំនង​នៅ​ពេល​នេះ

បើ​នៅ​ពេល​អ្នក​អ្នក​បាន​ក្លាយ​ជា​មិត្ត​ដែល​លួច​ស្រលាញ់​គេ​ហើយ ចូរ​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​​មាន​ក្នុង​ពេល​នេះ​សិន ដែល​យើង​អាច​នៅ​ក្បែរ​គេ បាន​ស្គាល់​គេ​ ប៉ុណ្ណឹង​ក៏​ល្អ​ទៅ​ហើយ។ អ្នក​អាច​ប្រើ​ឋានៈ​ជា​មិត្ត​ដើម្បី​ចូលទៅ​ជិត ឬ​ឲ្យ​គេ​ស្រណុក​ចិត្ត​ជាមួយ​យើង​សិន បន្ទាប់​ពី​នោះ​អ្វី​ៗ​នឹង​កាន់​តែ​ងាយ​ស្រួល​ប្រសិន​បើ​អ្នក​ចង់​វិវត្ត​ទំនាក់ទំនង​លើស​ពី​នេះ។ ត្រូវ​ចាំ​ថា នៅ​ពេល​អ្នក​ជា​មិត្ត​របស់​គេ អ្នក​នឹង​មាន​ឱកាស​បាន​មើល​ថែ និយាយ​លេងសើច និង​នៅ​ក្បែរ​គេ ដែល​អាច​ចាត់​ទុក​ថា​ជា​រឿង​សប្បាយ​ចិត្ត​មួយ។ មិន​ប្រាកដ​ដែរ ថ្ងៃ​ណា​មួយ​គេ​អាច​នឹង​គិត​យល់​ថា​អ្នក​ណា​ព្រួយ​បារម្ភ​ និង​ចង់​នៅ​ក្បែរ​គេ​ពិត​ប្រាកដ រហូត​មាន​ចិត្ត​ស្រលាញ់​អ្នក​វិញ​ក៏​ថា​បាន។

រូបតំណាង

៤. កាត់​បន្ថយ​ការ​រំពឹង​ទុក​លើ​គេ

ប្រាកដ​ណាស់ មនុស្ស​លួច​ស្រលាញ់​គេ​ដូច​ជា​យើង​ប្រាកដ​ជា​មាន​ការ​រំពឹង​​ទុក​ខ្លះ​ហើយ​​លើ​ទំនាក់ទំនង​ជាមួយ​គេ ប៉ុន្តែ​គួរ​កុំ​​រំពឹង​លើ​គេ​ច្រើន​ពេក ថា​គេ​ត្រូវ​តែ​បែប​នេះ បែប​នោះ ព្រោះ​នៅ​​ពេល​គេ​មិន​បាន​ដូច​ដែល​អ្នក​រំពឹង​ទុក អ្នក​​នឹង​កើត​ទុក្ខ។ រំពឹង​ទុក​ល្មម​ៗ​ដោយ​មិន​ទៅ​កកាយ​ជីវិត​ឯកជន​របស់​គេ​ខ្លាំង​ពេក បណ្ដោយ​ៗ​ទុក​ឲ្យ​ពេល​វេលា​ជា​អ្នក​ជួយ​សម្រេច​ល្អ​ជាង។ ម្យ៉ាង​ទៀត ត្រូវ​ដឹង​​ឲ្យ​ច្បាស់​ដែរ​ថា​គេ​មាន​សង្សារ ឬ​អ្នក​ដែល​គេ​លួច​ស្រលាញ់​ហើយ​ឬ​នៅ ដូច្នេះ​ហើយ​គួរ​ធ្វើ​ជា​មិត្ត​សិន​ល្អ​​បំផុត។

៥. បើក​ឱកាស​ឲ្យ​ខ្លួន​ឯង​ផង

ប្រាកដ​ណាស់ យើង​មិន​អាច​លួច​ស្រលាញ់​គេ​តែ​ម្នាក់​ឯង​មួយ​ជីវិត​នោះ​ទេ។ ស្រី​ៗ​គួរ​តែ​បើក​ចិត្ត​ និង​ផ្ដល់​ឱកាស​​ឲ្យ​ខ្លួន​ឯង​បាន​ជួប​មនុស្ស​ថ្មី​ៗផង ព្រោះ​ជីវិត​មនុស្ស​យើង​ត្រូវ​តែ​បោះជំហាន​ទៅ​មុខ មិន​អាច​ចំណាយ​ពេល​រង់ចាំ​មនុស្ស​តែ​ម្នាក់​យូរ​ពេក​ទេ។ ថា​មិន​ត្រូវ អ្នក​អាច​បាន​ជួប​ស្នេហ៍​ពិត​ដែល​អ្នក​មិន​នឹកស្មាន​ពី​មុន។ អ្នក​ដែល​ចូល​មក​ក្រោយ អាច​នឹង​ជា​មនុស្ស​ពិត​ប្រាកដ​ដែល​អាច​​ធ្វើ​​ឲ្យ​អ្នក​មាន​ក្ដី​សុខ​ក៏​ថា​បាន។ លួច​ស្រលាញ់​គេ​បាន ប៉ុន្តែ​យ៉ាង​ណា​ក៏​មិន​ត្រូវ​ភ្លេច​ស្រលាញ់​ខ្លួន​ឯង​ដែរ ៕

រូបតំណាង

ចុចអាន៖

ប្រភព៖ jelly ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម