កង្វះ​​​កាល់ស្យូម​​​ពេល​មាន​ផ្ទៃ​ពោះ អាច​ប៉ះពាល់​ធ្ងន់! គួរ​មក​ដឹង​រោគ​សញ្ញា និង​ដំណោះ​ស្រាយ​

  • 2018-08-16 04:09:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាតិ​កាល់ស្យូម​មាន​សារសំខាន់​សម្រាប់​រាងកាយ​​ក្នុង​​ការ​លូតលាស់​ឆ្អឹង ធ្មេញ គ្រប់គ្រង​ចង្វាក់​បេះដូង សម្រួល​ចរន្ត​ឈាម សាច់​ដុំ​ជា​ដើម។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ កាល់ស្យូម​រឹត​តែ​ដើរ​តួនាទី​សំខាន់​ ទាំង​សម្រាប់​មាតា និង​គភ៌​ក្នុង​ផ្ទៃ។ ដូច្នេះ​បើ​​​ជាតិ​កាល់ស្យូម​មាន​មិន​គ្រប់គ្រាន់​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រាងកាយ វា​អាច​បង្ក​ជា​ផល​ប៉ះពាល់​មួយ​ចំនួន​​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​។

រោគ​សញ្ញា

តាម​ការ​ផ្ដល់​បទ​សម្ភាស​ពី​ វេជ្ជបណ្ឌិត ទី សុវណ្ណ​រដ្ឋ ឯកទេស​​ផ្នែក សម្ភព រោគ​ស្ត្រី នៅ​មន្ទីរ​សំរាក​ព្យាបាល និង​សម្ភព​ មាតា ​បាន​ឱ្យ​​វិបសាយ កញ្ញា ដឹង​ពី​សញ្ញា​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ ជាពិសេស​សម្រាប់​ស្ត្រី​កំពុង​មាន​ផ្ទៃ​ពោះ ទាក់ទង​នឹង​បរិមាណ​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់។

១. កន្ត្រាក់​សាច់​ដុំ ប្រកាច់ ទាញ​មុខ​ទាញ​មាត់ ត្រជាក់​ដៃ​

២. ក្រចក​មិន​រឹង​មាំ ឧស្សាហ៍​បាក់​ឬ​រហែក

៣. ឧស្សាហ៍​រមួល​សាច់​ដុំ (រមួល​ក្រពើ) ស្ពឹក​ដៃ​ ស្ពឹក​ជើង

៤. ឧស្សាហ៍​ភ្លេច ឧស្សាហ៍​បាត់​ការ​ចងចាំ

៥. ឧស្សាហ៍​រវើរវាយ បាក់​ទឹក​ចិត្ត

៦. ខ្សោយ​អស់​កម្លាំង

សារសំខាន់​នៃ​ជាតិ​កាល់ស្យូម​ក្នុង​ពេល​មាន​ផ្ទៃពោះ

ជាតិ​កាល់ស្យូម​ដើរ​តួ​នាទី​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ឆ្អឹង​សម្រាប់​ម្ដាយ ដើម្បី​ការពារ​ការ​ពុក​ឆ្អឹង​ នៅ​ពេល​អនាគត កាត់​បន្ថយ​ការ​លើស​សម្ពាធ​ឈាម ឬ​ជំងឺ​​​ព្រាយ​ក្រឡា​ភ្លើង នៅ​ពេល​ជិត​សម្រាល។

ចុចអាន៖ យល់ដឹង​ពីជំងឺ​ បម្រុង​ក្រឡា​ភ្លើង​ ឬ​ព្រាយ​ក្រឡា​ភ្លើង​ ដែល​ម្ដាយ​ត្រៀម​សម្រាល​កូន​មិន​គួរ​រំលង

ដោយ​ឡែក​សម្រាប់​គភ៌​នៅ​ក្នុង​ផ្ទៃ ​ការ​បរិភោគ​ជាតិ​កាល់ស្យូម​គ្រប់​គ្រាន់​ អាច​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង​ សាច់​ដុំ សរសៃ​បញ្ជា បេះដូង។

"ពិសេស​វា​ជួយ​ដល់​​ការ​លូត​លាស់​នៃ​សាច់​ដុំ​បេះដូង​កូន ព្រោះ​​អី​បេះដូង​ វា​មាន​តួនាទី​កន្ត្រាក់​នាំ​ឈាម​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ អ៊ីចឹង​បើ​ញ៉ាំ​ជាតិ​​កាល់​ស្យូម​បាន​គ្រប់គ្រាន់ បេះដូង​ក៏​លូត​លាស់​ល្អ អាច​នាំ​ឈាម​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេង​បាន​ល្អ រាងកាយ​កូន​ក៏​អាច​លូត​លាស់​បាន​ល្អ​​ទៅ​តាម​ហ្នឹង​ដែរ។" អ្នក​ស្រី​វេជ្ជបណ្ឌិត​បន្ថែម។

​ក្រៅ​ពី​នេះ ជាតិ​កាល់ស្យូម​ក៏​នឹង​ជួយ​ផង​ដែរ​ ទាក់​ទង​នឹង​មុខ​ងារ​កំណក​ឈាម​​របស់​កូន​ឱ្យ​ដំណើរ​ការ​បាន​ល្អ ព្រោះ​បើ​កំណក​ឈាម​កូន​មិន​ល្អ ពេល​សម្រាល​ចេញ​មក​ អាច​បណ្ដាល​ឱ្យ​មាន​ការ​ហូរ​ឈាម​ក្នុង​ខួរក្បាល ហូរ​ឈាម​ក្នុង​ប្រដាប់​រំលាយ​អាហារ​ជាដើម។

គួរ​ញ៉ាំ​អាហារ​អ្វី​ខ្លះ​ បើ​អ្នក​ម្ដាយ​កំពុង​បាត់​បង់​ជាតិ​កាល់ស្យូម ឬ​មាន​មិន​គ្រប់គ្រាន់?

ឆ្លើយ​តប​នឹង​សំណួរ​នេះ អ្នក​ស្រី​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​​ថា "មុន​ចូល​ដល់​នារី​មាន​ផ្ទៃ​ពោះ ខ្ញុំ​ចង់​និយាយ​ជា​ទូទៅ​សិន! សម្រាប់​មនុស្ស​ពេញវ័យ ពី​អាយុ​១៩​ឆ្នាំ​ឡើង បរិមាណ​កាល់ស្យូម​ដែល​ត្រូវ​ការ​​ គឺ​១០០០ ម.ក្រ ក្នុង​មួយ​ថ្ងៃ​ សម្រាប់​មនុស្ស​​​​ម្នាក់ ហើយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក៏​ដូច​គ្នា​ដែរ! ដូច្នេះ​​​​អាហារ​មួយ​ចំនួន​​អាច​​ជួយ​ឱ្យ​អ្នក​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​តែ​ដែល​រាងកាយ​ត្រូវ​ការ!”

  • យ៉ាអួ​៖ ជា​ប្រភេទ​អាហារ​អាច​ជាតិ​កាល់ស្យូម​ច្រើន ដែល​ហោច​ណាស់​មាន​ជាង​ ៤០០ ម.ក្រ ក្នុង​មួយ​កំប៉ុង។
  • ឈីស៖ ក្នុង​ ០,៥ oz អាច​មាន​ជាតិ​កាល់​ស្យូម​​​ប្រហែល​​ជាង​ ៣០០ ម.ក្រ
  • ទឹក​ដោះ​គោ៖ អាច​មាន​ពី ២៧៧ ម.ក្រ ក្នុង​៨​ oz
  • បន្លែ​បៃតង​ដូច​ជា ស្ពៃ ឆៃថាវ ស្លឹក​ខ្ទឹម សាឡាដ ផ្ទី ​ជា​ដើម ដែល​មាន​ប្រហែល​ ៧០​ម.ក្រ ទៅ​១០០ ម.ក្រ

  • ក្រៅ​ពី​អាហារ ស្ត្រី​ក៏​ត្រូវ​បន្ថែម​ដោយ​ការ​ញ៉ាំ​ថ្នាំ​​ដូច​ជា វីតាមីន គ្រាប់​ថ្នាំ​កាល់ស្យូម​​ជា​ដើម

បើ​ញ៉ាំ​ច្រើន​លើស​កម្រិត​ អាច​បង្ក​ទៅ​ជា​បញ្ហា​ដែរ​ឬ​ទេ?

វេជ្ជបណ្ឌិត​ ទី​ សុវណ្ណ​រដ្ឋ​ បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់​ ក្នុង​ករណី​ដែល​ញ៉ាំ​ជាតិ​កាល់ស្យូម​ច្រើន​ជ្រុល​ដូច​ជា បង្ក​ទៅ​ជា​ក្រួស​ក្នុង​តម្រងនោម ឬ​ទល់​​លាមក​ជា​ដើម។ ក្រៅ​ពី​នេះ មិន​គួរ​ញ៉ាំ​កាល់ស្យូម​​ក្នុង​ពេល​ជាមួយ​ថ្នាំ​ជាតិ​ដែក​ឡើយ។

“សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ត្រូវ​ការ​ញ៉ាំ​ជាតិ​ដែក ដើម្បី​ជំនួយ​គ្រាប់​ឈាម​ក្រហម ព្រោះ​អ្នក​មាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​​មាន​​បញ្ហា​ស្លេកស្លាំង ដោយ​សារ​ការ​​ខ្វះ​ជាតិ​ដែក​នេះ ហើយ​បើ​កាល​ណា​យើង​ញ៉ាំ​កាល់ស្យូម​នៅ​ក្នុង​ពេល​យើង​ញ៉ាំ​ជាតិ​ដែក​ជាមួយ​គ្នា វា​អាច​ទៅ​បង្អាក់​ការ​ស្រូប​យក​ជាតិ​ដែក។ អញ្ចឹង​ការ​ញ៉ាំ​កាល់ស្យូម​ និង​ជាតិ​ដែក គួរ​ញ៉ាំ​ក្នុង​ពេល​២​ផ្សេង​គ្នា។" អ្នក​ស្រី​វេជ្ជបណ្ឌិត​បន្ថែម​ដូច្នេះ៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម