៦​ហេតុផល​​ចាក់​ដោត​ដែល​មនុស្ស​ស្រី​ល្អ​ៗ បាន​ជួប​តែ​មនុស្ស​ប្រុស​សាវា ក្បត់​ចិត្ត

  • 2018-08-09 09:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ក្នុង​ជីវិត​ យើង​បាន​ជួប​នឹង​មនុស្ស​ប្រុស​​ខូច​​រហូត​យល់​ព្រម​ស្រលាញ់​គ្នា​ លើស​ពី​ពីរ​ដង នោះ​មិន​មែន​ជា​រឿង​ស៊យ​នោះ​ទេ ប៉ុន្តែ​អាច​ដោយ​សារ​ខ្លួន​យើង​មាន​និស្ស័យ​អ្វី​ម្យ៉ាង​ដែល​អាច​ទាក់​ចិត្ត​មនុស្ស​ប្រុស​បែប​នោះ​ឲ្យ​មក​ចាប់​អារម្មណ៍​​យក​អ្នក​ជា​គោលដៅ​របស់​គេ។ ថ្ងៃ​នេះ កញ្ញា​នឹង​លើក​យក​មូលហេតុ​ខ្លះ​ៗ​ដែល​ធ្វើ​​ឲ្យ​មនុស្ស​ស្រី​ល្អ​ៗ​ច្រើន​ជួប​តែ​មនុស្ស​ប្រុស​អាក្រក់ សាវា​ជា​ញឹកញាប់។

១. មនុស្ស​ស្រី​ល្អ​ៗ​ចូល​ចិត្ត​មើល​ពិភពលោក​ក្នុង​ផ្លូវ​វិជ្ជមាន

​មនុស្ស​ស្រី​ល្អ​តែង​សម្លឹង​មើល​ឃើញ​តែ​ចំណុច​ល្អ​របស់​អ្នក​ដទៃ ហើយ​មើល​រំលង​ចំណុច​ល្អ​របស់​គេ។ ចំណុច​នេះ​​មាន​គុណសម្បត្តិ​ ដោយ​មិន​ធ្វើ​ឲ្យ​យើង​ស្ត្រេស ឬ​ខ្លាច​មនុស្ស​នៅ​ជុំវិញ ប៉ុន្តែ​គុណវិបត្តិ​នោះ​គឺ យើង​ច្រើន​តែ​ទាក់ទាញ​មនុស្ស​ប្រុស​មិន​ល្អ ឲ្យ​ចូល​មក​ដោយ​មិន​បាន​តាំង​ចិត្ត ព្រោះ​បើ​ទោះ​បី​អ្នក​ដទៃ​ប្រាប់​ថា​គេ​មិន​ល្អ​ប៉ុណ្ណា ប៉ុន្តែ​នៅ​ពេល​គេ​ចូល​មក​ក្នុង​ជីវិត​យើង យើង​ក៏​តែង​មើល​គេ​ក្នុង​ផ្លូវ​ល្អ​ជានិច្ច។

២. មនុស្ស​ប្រុស​ខូច​មាន​មន្ត​ស្នេហ៍ និង​ជំនាញ​ខ្ពស់​ក្នុង​ការ​ចង​ចិត្ត​ស្រីៗ

មនុស្ស​ស្រី​ដែល​មិន​សូវ​មាន​បទពិសោធន៍​ប្រាកដ​ជា​ត្រូវ​ប្រុស​ព្រានរាយ​​មន្ត​ស្នេហ៍​​ ឲ្យ​បាក់​ចិត្ត ពី​ព្រោះ​ពួក​គេ​សុទ្ធ​តែ​មាន​បទពិសោធន៍​ដឹង​ចិត្ត​មនុស្ស​ស្រី ចេះ Surprise ចេះ​ប្រើតិចនិក​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មាន​អារម្មណ៍​ថា​ខ្លួន​ពិសេស ចេះ​​ប្រើ​សម្ដី​ផ្អែម ប៉ុន្តែ​បង្ហាញ​លក្ខណៈ​រឹងមាំ​​ជា​បុរស​ពេញ​លក្ខណៈ ដែល​នារី​ៗ​ចង់​នៅ​ក្បែរ។

៣. ភាព​ចិត្ត​ទន់ និង​ចិត្ត​ល្អ​គឺ​ជា​ចំណុច​ខ្សោយ​ដែល​គេ​វាយ​ប្រហារ​បាន

គេ​ច្រើន​សង្កេត​ឃើញ​ថា​មនុស្ស​ស្រី​ដែល​មាន​ចិត្ត​ល្អ ចិត្ត​ទន់​ច្រើន​ជា​គោលដៅ​ប្រមាញ់​​ជា បពិសេស​របស់​មនុស្ស​ប្រុស​ខូច ព្រោះ​ពួក​គេ​អាច​ចូល​មក​រក​អ្នក​បាន​យ៉ាង​ងាយ។ គ្រាន់​តែ​គេ​ធ្វើ​ទឹក​មុខ​សោកសៅ រៀបរាប់​រឿង​ខូច​ចិត្ត ឬ​ធ្វើ​ទង្វើ​យក​ចិត្ត​ខ្លះ ក៏​ធ្វើ​ឲ្យ​អ្នក​ចិត្ត​ទន់​ចង់​ជួយ​គេ​​ភ្លាម។

៤. ស្មោះ​ត្រង់​ពេក​ ធ្វើ​ឲ្យ​គេ​ដឹង​ចិត្ត

មនុស្ស​ស្រី​ដែល​ចូល​ចិត្ត​បើក​ចំហ ស្មោះត្រង់ មាន​អារម្មណ៍​អ្វី​ក៏​បង្ហាញ​ចេញ​តាម​ទឹក​មុខ ឬ​ទង្វើ​ឲ្យ​គេ​ដឹង​ទាំង​អស់​នោះ គឺ​អាច​ឲ្យ​មនុស្ស​ប្រុស​ខូច​អាន​ចិត្ត​បាន​យ៉ាង​ងាយ ថា​អ្នក​ចូល​ចិត្ត​អ្វី មិន​ចូល​ចិត្ត​អ្វី និង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​អ្នក​ស្រលាញ់​គេ​ជាប់​ចិត្ត និង​ចង់​ក្លាយ​ជា​អ្នក​តាម​គេ​វិញ។

៥. ពាក្យ​សន្យា

ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ​ហើយ ថា​មនុស្ស​ស្រី​ល្អ​ៗ​ច្រើន​មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ ហើយ​ជឿចិត្ត​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ ម្ល៉ោះ​ហើយ​មនុស្ស​ប្រុស​ខូច​​នឹង​ប្រើប្រាស់​ពាក្យ​សន្យា​ ប្ដេជ្ញា​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​​​ដើម្បីយើង ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​ចេះ​តែ​សង្ឃឹម​ថា​គេ​នឹង​អាច​ត្រលប់​មក​ក្លាយ​ជា​មនុស្ស​ស្រលាញ់​ស្មោះ​បាន។ ភាគ​ច្រើន​ទម្រាំ​ដឹង​ខ្លួន​ថា​វា​មិន​អាច​ទៅ​រួច នាង​ក៏​បង់​ចិត្ត​ជ្រៅ​បាត់​ទៅ​ហើយ លក្ខណៈ​កាត់​ចិត្ត​ក៏​លំបាក បន្ត​ទៅ​មុខ​ក៏​មាន​តែ​ទុក្ខ។

៦. មាន​ជំនាញ​សុំទោស

រាល់​លើក​ដែល​គេ​​ក្បត់​ចិត្ត ធ្វើ​​ខុស​ចំពោះ​យើង ក្បត់​ពាក្យ​សន្យា ឬ​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ដោយ​វិធី​ផ្សេង​ៗរហូត​យើង​មាន​អារម្មណ៍​ខឹង និង​ចង់​បែក​ពី​គេ គេ​តែង​មាន​វិធី​សុំទោស​សព្វសារពើ​ដើម្បី​ឲ្យ​យើង​ចិត្ត​ទន់​ម្ដង​ហើយ​ម្ដង​ទៀត ដូច​ជា​សម្រក់​ទឹក​ភ្នែក លត់​ជង្គង់ និយាយ​ដូច​ជា​គេ​រស់​ខ្វះ​យើង​មិន​បាន ប៉ុន្តែ​ពេល​យើង​​ព្រម​អភ័យ​ទោស គេ​ក៏​ត្រលប់​ធ្វើ​ដូច​មុន​ដដែល។ ដូច្នេះ​ហើយ​ បើ​ចង់​ដោះលែង​ខ្លួន​ឯង​ពី​ក្រញាំ​មនុស្ស​ប្រុស​ខូច ស្រី​ៗ​យើង​ទាល់​តែ​ចិត្ត​រឹង​បន្តិច ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម