នៅ​ពេល​អ្នក​ស្រឡាញ់​គេ​ខ្លាំង​ជាង​ខ្លួន​ឯង ម្នាក់ដែល​ឈឺចាប់ខ្លាំងក៏ជា​អ្នក​ដែរ

  • 2018-08-09 07:17:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​មិន​ដឹង​ថា​គួរ​បន្ទោស​អ្នក​ណា​ឲ្យ​ចំ​នោះ​ទេ តែ​នេះ​ប្រហែល​មក​ពី​ខ្ញុំ​ខ្លួន​ឯង​ដែល​ស្រឡាញ់​គេ​ខ្លាំង​បែប​ហ្នឹង។

ពេល​ខ្លះ​ខ្ញុំ​ក៏​សួរ​ខ្លួន​ឯង​ដែរ​ថា​ហេតុ​អី ខ្ញុំ​ត្រូវ​ទ្រាំ​នូវ​ទង្វើ​គេ​បែប​នេះ? ខ្ញុំ​ឃើញ​គេ​ស្និទ្ធស្នាល​ជាមួយ​ស្រី​ផ្សេង​នៅ​នឹង​ភ្នែក ហើយ​វា​មិន​មែន​ជា​លើក​ទី​មួយ​ទេ តែ​វា​ច្រើន​សឹង​តែ​ខ្ញុំ​រាប់​មិន​ចាំ។

រូបតំណាង

ត្រូវ​ហើយ​នេះ​មក​ពី​ខ្ញុំ​ស្រឡាញ់​គេ ទើប​គេ​មិន​ខ្វល់​ពី​អារម្មណ៍​ខ្ញុំ មិន​ខ្វល់​នូវ​អ្វី​ដែល​ខ្ញុំ​បាន​សុំ​ពី​គេ។ មនុស្ស​ដែល​គេ​ចង់​ទៅ​ហើយ​ ទោះ​ខ្ញុំ​ហាម ទោះ​គេ​ធ្លាប់​សន្យា​ថា​គេ​ឈប់​តែ​នោះ​វា​គ្រាន់​តែ​ជា​ខ្យល់​មួយ​វឹង​ដែល​ហោះ​កាត់​ត្រចៀក​ខ្ញុំ​តែ​ប៉ុណ្ណោះ។

ខ្ញុំ​អាច​ធ្វើ​អី​បាន​ទៅ ក្រៅ​ពី​អង្គុយ​ពិបាក​ចិត្ត​តែ​ឯង អង្គុយ​យំ​តែ​ឯង ព្រោះ​ទោះ​ជា​និយាយ​ទៀត​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​វិញ​គឺ​មាន​តែ​ឈ្លោះ​គ្នា ហើយ​អ្នក​ដែល​ពិបាក​គឺ​មាន​តែ​ខ្ញុំ។

ខ្ញុំ​តែង​សួរ​គេ​ថា​គេ​ស្រឡាញ់​ខ្ញុំ​ឬ​ទេ? គេ​ក៏​ប្រាប់​ខ្ញុំ​ថា «ស្រឡាញ់» តែ​ទង្វើ​គេ​មិន​ដូច​អ្វី​ដែល​គេ​និយាយ​ទេ។ ពួក​យើង​មិន​សូវ​មាន​ពេល​នៅ​ជាមួយ​គ្នា​នោះ​ទេ ក៏​កម្រ​ចេញ​ទៅ​ក្រៅ ញ៉ាំ​អី មើល​កុន ដើរ​លេង​ដូច​គូស្នេហ៍​ផ្សេង​ដែរ ភាគ​ច្រើន​គឺ​ខ្ញុំ​ជា​អ្នក​បបួល​គេ​ទើប​ពួក​យើង​អាច​ទៅ​ជាមួយ​គ្នា។

គេ​ក៏​មិន​សូវ​ជា​និយាយ​សួរ​នាំ​ខ្ញុំ​អី​ដែរ ពួក​យើង​ហាក់​ស្ងប់ស្ងាត់​ណាស់ ហើយ​ពេល​ខ្លះ​ស្ងប់ស្ងាត់​ជាង​អ្នក​ដទៃ​ទៅ​ទៀត។ ពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ តើ​ពួក​យើង​ជា​អ្វី​នឹង​គ្នា​ឲ្យ​ប្រាកដ? ជា​សង្សារ​នឹង​គ្នា? តែ​ហេតុអី​ពួក​យើង​សោះកក្រោះ​ជាមួយ​គ្នា​ម្ល៉េះ?

ក្នុង​ទំនាក់ទំនង​ស្នេហា​មួយ​បើ​មាន​ម្នាក់​ស្រឡាញ់​ម្នាក់​ទៀត​ខ្លាំង នោះ​អ្នក​ដែល​ស្រឡាញ់​គេ​ខ្លាំង​នឹង​ត្រូវ​ឈឺចាប់។ បើ​សួរ​ខ្ញុំ​ថា​ខ្ញុំ​ឈឺចាប់​ប៉ុណ្ណា​នោះ មិន​ដឹង​ថា​ឆ្លើយ​ប្រាប់​បាន​យ៉ាង​ម៉េច​ទេ ព្រោះ​ទោះ​ឈឺចាប់​បែប​ណា​ក៏​ខ្ញុំ​នៅ​តែ​ចង់​ក្បែរ​គេ ចង់​ជួប​គេ ចង់​ឃើញ​មុខ​គេ ចង់​ឲ្យ​គេ​ល្អ​ជាមួយ​ខ្ញុំ ទោះ​ដឹង​ថា​ពេល​ខ្លះ​មិន​អាច​នឹង​ទៅ​រួច​ក៏​ដោយ។

រូបតំណាង

នៅ​ពេល​អ្នក​ស្រឡាញ់​មនុស្ស​ម្នាក់​ដែល​មិន​អាច​តប​ស្នង​នូវ​អ្វី​ដែល​អ្នក​ចង់​បាន​វិញ អ្នក​នឹង​ត្រូវ​ឈឺ​ តែ​អ្នក​ក៏​មិន​អាច​បង្ខំ​ឲ្យ​គេ​ទាំង​គេ​មិន​ចង់​បាន​ដែរ។ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​នូវ​ពេល​នេះ​គឺ​មាន​តែ​ព្យាយាម​កុំ​ឲ្យ​ខ្លួន​ឯង​នឹក​គេ​ពេក ហើយ​ក៏​រំពឹង​ទៅ​លើ​ពេល​វេលា​នឹង​ជួយ​ដោះ​ស្រាយ​រឿង​គ្រប់​យ៉ាង។ ខ្ញុំ​ក៏​គ្រាន់​តែ​ចង់​ឃើញ​គេ​សប្បាយ​ចិត្ត​ដែរ ដូច្នេះ​បើ​គេ​នៅ​ក្បែរ​អ្នក​ផ្សេង​គេ​សប្បាយ​ចិត្ត ខ្ញុំ​គួរ​តែ​បំពេញ​បំណង​គេ។

ស្រឡាញ់​មនុស្ស​ម្នាក់​មិន​ពិបាក​ទេ តែ​បើ​អ្នក​ស្រឡាញ់​គេ​តែ​ម្នាក់​ឯង​នោះ​ទើប​ពិបាក៕

ចុចអាន៖៥​យ៉ាង​ដែល​មនុស្ស​ប្រុស​​មិន​គួរ​ធ្វើ នៅ​ពេល​ខ្លួន​មាន​សង្សារ​ហើយ

អត្ថបទ៖ Girl

អត្ថបទពេញនិយម