អ្នក​​កើត​មុន បើ​ហ៊ាន​ញ៉ាំ​អាហារ​ ៧មុខ​នេះ​​​ច្រើន មុន​​​នឹង​ឡើង​កាន់​តែ​ខ្លាំង

  • 2018-08-07 07:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន គឺ​ជា​បញ្ហា​លំដាប់​កំពូល​មួយ​សម្រាប់​មនុស្ស​ស្រី​ជា​ច្រើន​រូប។ ប៉ុន្តែ​ប្រិយមិត្ត​ដឹង​អត់​ថា ក្រៅ​ពី​កម្ដៅ​ថ្ងៃ និង​ធូលី​ដី អាហារ​ដែល​ស្រី​ៗ​ញ៉ាំ​រាល់​ថ្ងៃ​ក៏​មាន​ចំណែក​នាំ​ឲ្យ​កើត​មុន​បាន​ដែរ។ ត្បិត​តែ​ស្បែក​របស់​យើង​ម្នាក់​ៗ​មាន​ប្រតិកម្ម​ទៅ​នឹង​អាហារ​ដែល​បណ្ដាល​ឲ្យ​កើត​មុន​មិន​ដូច​គ្នា ប៉ុន្តែ​យើង​ក៏​គួរ​ដឹង​ពី​ប្រភេទ​អាហារ​មួយ​ចំនួន​ដែល​អាច​បណ្ដាល​ឲ្យ​កើត​មុន​​ដើម្បី​ចៀសវាង​ប្រសិន​បើ​កំពុង​មាន​បញ្ហា​រឿង​មុន៖

១. ភេសជ្ជៈ​មាន​ជាតិ​អាល់កុល (គ្រឿង​ស្រវឹង)

ជាតិ​អាល់កុល​ដែល​ចូល​ក្នុង​រាងកាយ​នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​បញ្ចេញ​ជាតិ​ពុល​មិន​បាន​​ប្រក្រតី ហើយ​ជាតិ​ពុល​ដែល​ជាប់​គាំង​ក្នុង​រាងកាយ​នឹង​​ត្រូវ​បញ្ចេញ​មក​តាម​រយៈ​មុន​នៅ​លើ​ស្បែក។

២. ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន

ភេសជ្ជៈ​ប្រភេទ​តែ កាហ្វេ ភេសជ្ជៈ​ប៉ូវ​កម្លាំង ឬ​ទឹក​ក្រូច​ហ្គាស ក៏​ជា​ដើមហេតុ​ដែល​អាច​បង្ក​​ឲ្យ​កើត​មុន​ដែរ ដោយ​សារ​វា​មាន​ជាតិ​កាហ្វេអ៊ីន​ខ្ពស់។ ដូច្នេះ​អ្នក​គួរ​ផឹក​​ក្នុង​បរិមាណ​តិចតួច​បាន​ហើយ។

៣. របស់​​មាន​ខ្លាញ់ ចៀន បំពង

អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​នឹង​អាច​បង្ក​បញ្ហា​មុន ដោយ​សារ​ជាតិ​ខ្លាញ់​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​បរិមាណ​ខ្លាញ់​នៅ​រន្ធ​ញើស​កើន​ឡើង។ ជាតិ​អាស៊ីដ​ក្នុង​ប្រេង​ឆា ឬ​ប័រ នឹង​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​ផលិត​សារធាតុ​ដែល​ធ្វើ​ឲ្យ​រលាក​ស្បែក​កាន់​តែ​ច្រើន ដូច្នេះ​សម្រាប់​អ្នក​ដែល​កើត​មុន​ស្រាប់ វា​នឹង​ធ្វើ​ឲ្យ​ស្បែក​អ្នក​​រលាក​កាន់​តែ​ខ្លាំង។

៤. ទឹក​ដោះ​គោ

ក្នុង​ទឹក​ដោះ​គោ​មាន​អ័រម៉ូន​ដែល​ជំរុញ​ឲ្យ​មាន​ការ​កើត​មុន។ អ័រម៉ូន​នេះ​កើត​ចេញ​ពី​សត្វ​គោ ឬ​ជា​អ័រម៉ូន​ដែល​សត្វ​គោ​ទទួល​បាន​តាម​រយៈ​របៀប​នៃ​ការ​ចិញ្ចឹម។ ដូច្នេះ​អ្នក​កើត​មុន​ដែល​ត្រូវ​ការ​ជាតិ​ប្រូតេអ៊ីន​ គួរ​តែ​ទទួល​ទាន​អាហារ​ផ្សេង​ក្រៅ​ពី​ទឹក​ដោះ​គោ ដូច​ជា​ស៊ុត តៅហ៊ូ សណ្ដែក ត្រី និង​សាច់​ផ្សេង​ៗ​បាន។

៥. សូកូឡា

សូកូឡា​ផ្សំ​ឡើង​ពី​គ្រឿង​ផ្សំ​ច្រើន​ប្រភេទ​ដូច​ជា​កាកាវ ប្រេង​កាកាវ ស្ករ ទឹក​ដោះគោ សារធាតុ Lecithin ដែល​​ធាតុ​ផ្សំ​ខ្លះ​អាច​បណ្ដាល​ឲ្យ​កើត​មុន​បាន។ យ៉ាង​ណា​ក៏​ដោយ​ មនុស្ស​ម្នាក់​ៗ​មាន​សភាព​ស្បែក​ដែល​ឆាប់​កើត​មុន​ខុស​ៗ​គ្នា អ្នក​ខ្លះ​ញ៉ាំ​ហើយ​ក៏​ឡើង​មុន អ្នក​​ខ្លះ​ញ៉ាំ​ហើយ​ក៏​ធម្មតា ប៉ុន្តែ​បើ​អ្នក​ញ៉ាំ​ហើយ​មាន​បញ្ហា​ផ្សេង​ៗ​ចំពោះ​រាងកាយ​នោះ គួរ​តែ​កាត់​បន្ថយ​ ឬ​កុំ​ញ៉ាំ​តែ​ម្ដង​ក៏​ល្អ​ដែរ។

៦. បង្អែម ឬ​នំផ្អែម

​របស់​ផ្អែម​​ផ្សេង​ៗ​ដែល​ស្រី​ចូល​ចិត្ត​ញ៉ាំ​ញឹកញាប់​​មិន​ថា​ជា​ការ៉េម បង្អែម​ផ្សេង​ៗ នំ​ខេក -ល- គឺ​សុទ្ធ​តែ​ប្រើ​ជាតិ​ស្ករ​ខ្ពស់។ បើ​អ្នក​ញ៉ាំ​ច្រើន វា​នឹង​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​រហូត​រាងកាយ​ត្រូវ​ផលិត​អ័រម៉ូ​ន​អាំងស៊ុយលីន ដើម្បី​ទប់ទល់​ការ​កើន​ឡើង​នេះ ហើយ​​នឹង​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​ផលិត​ជាតិ​ខ្លាញ់​កក​កុញ​ដែល​ជា​មូលហេតុ​បណ្ដាល​ឲ្យ​កើត​មុន​ដែរ។

៧. អាហារ​រសជាតិហឺរ​ខ្លាំង

ការ​បរិភោគ​អាហារ​ហីរ​ខ្លាំង​ពេក អាច​ជា​គ្រោះថ្នាក់​ដល់​ក្រពះ​ពោះវៀន​របស់​អ្នក។ ក្រៅ​ពី​នេះ វា​អាច​បង្ក​ឲ្យ​កើត​អាការៈ​រលាក​ស្បែក និង​បង្ក​ឲ្យ​កើត​មុន​លើ​ស្បែក​របស់​អ្នក។ ដូច្នេះ​អ្នក​ដែល​កើត​មុន គួរ​ញ៉ាំ​ហីរ​ក្នុង​កម្រិត​ទាប​បាន​ហើយ ហើយ​ត្រូវ​ថែ​រក្សា​ស្បែក​ឲ្យ​បាន​ល្អ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ស្បែកខ្លាំង​លើស​ដើម ៕

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម